ក្លឹប Chelsea នឹងទទួលបានទឹកប្រាក់ចំនួន ៥លានផោន ឬស្មើនឹង ៦,៣លានដុល្លារអាមេរិកពីក្លឹប Real Madrid ដោយសារតែអតីតខ្សែស្លាបបែលហ្សិក Eden Hazard ទោះបីជាកីឡាកររូបនេះ ចូលនិវត្តន៍តាំងពីខែតុលា ឆ្នាំមុនក្ដី ។ នេះបើតាមការចុះផ្សាយ របស់សារព័ត៌មាន The Telegraph។

Hazard បានផ្ទេរចេញពី Chelsea មកស្រុកអេស្ប៉ាញ នៅឆ្នាំ២០១៩ ដោយ Real Madrid ទិញក្នុងតម្លៃប្រមាណ ១៦៤លានដុល្លារអាមេរិក។ យ៉ាងណាមិញ Real បង់លុយឱ្យ Chelsea ១១០លានដុល្លារ ចំណែកឯខ្ទង់ ៥០លានដុល្លារទៀត ជាថ្លៃបំពេញបន្ថែម ដោយផ្អែកលើ ទម្រង់លេងរបស់ Hazard ។
នៅក្នុងកុងត្រាផ្ទេរពី Chelsea មក Real Madrid ខាងលើនេះក៏មានចែងផងដែរថា នៅក្នុងករណី Real Madrid ទិញ Hazard ហើយឡើងទៅកាន់វគ្គផ្ដាច់ព្រ័ត្រនៃក្របខ័ណ្ឌកំពូលអឺរ៉ុប UEFA Champions League នោះខាង Real នឹងបង់លុយឱ្យ Chelsea ខ្ទង់ ៦លានដុល្លារអាមេរិក។

បើតាម The Telegraph ទោះបីជា Hazard ព្យួរស្បែកជើងពិតមែនកាលពីខែតុលាកន្លងទៅ ក៏ Real នៅតែជាប់កាតព្វកិច្ចក្នុងការបង់ថ្លៃនេះដែរ។
សូមជម្រាបផងដែរថា Hazard តាំងពីចេញពី Chelsea មកលេងទម្រង់មិនសូវល្អប៉ុន្មាននោះទេ។ កីឡាកររូបនេះបង្ហាញខ្លួនឱ្យ Real Madrid បាន ៧៦ប្រកួត ហើយរកបានតែ ៧គ្រាប់ប៉ុណ្ណោះ។ កាលពីលេងនៅ Chelsea បុរសវ័យ ៣៣ឆ្នាំរូបនេះលេងបាន ៣៥២ប្រកួត និងស៊ុតចូលបាន ១១០គ្រាប់ក្នុងរយៈពេលពីឆ្នាំ២០១២ ដល់ឆ្នាំ២០១៩៕
