ខ្សែប្រយុទ្ធ Kylian Mbappe ត្រូវបានរាយការណ៍ថា សុខចិត្តកាត់ប្រាក់ឈ្នួល ដើម្បីចូលរួមជាមួយ Real Madrid។
![](https://lookingtoday.com/wp-content/uploads/2024/05/65fc1ef6259a1_1711021800_medium.jpg)
Mbappe បានប្រកាសជាសាធារណៈ ក្នុងសប្ដាហ៍នេះ ថានឹងមិនតកុងត្រាទៀតទេ ជាមួយក្លឹបយក្សបារាំង Paris Saint Germain ។ ដោយកុងត្រាបច្ចុប្បន្នរបស់កីឡាករនៅជាមួយក្លឹប នឹងអស់សុពលភាព នៅខែមិថុនា ឆ្នាំ ២០២៤ នេះមានន័យថា កីឡាករនឹងចាកចេញ ពីក្លឹបនៅពេលចប់រដូវកាល ២០២៣/២០២៤ ។
បន្ទាប់ពី Mbappe ប្រកាសបែបនេះ មានការចុះផ្សាយសេចក្ដីរាយការណ៍ ជាច្រើនអំពីក្លឹបថ្មី របស់ខ្សែប្រយុទ្ធបារាំងវ័យ ២៥ ឆ្នាំរូបនេះ។ ខ្លះអះអាងថា កីឡាករនឹងមកលេងនៅក្លឹបយក្សៗ នៅលីគកំពូលអង់គ្លេស ។
ទោះជាយ៉ាងណា របាយការណ៍ ដែលមានសភាពច្បាស់លាស់ជាងគេ គឺបានលើកឡើងថា Mbappe នឹងទៅលេងនៅក្លឹប Real Madrid ដោយការចរចាទូទៅ និងការឯកភាពគ្នា រវាងភាគីកីឡាករ និងក្លឹបយក្សអេស្ប៉ាញ ត្រូវបានរាយការណ៍ថា បានចប់សព្វគ្រប់ទៅហើយតាំងពីខែកុម្ភៈ ឆ្នាំនេះមកម៉្លេះ។ សូម្បីតែប្រធានលីគកំពូលអេស្ប៉ាញ La Liga លោក Javier Tebas ក៏បានបញ្ជាក់ថា បានទទួលព័ត៌មានប្រហាក់ប្រហែលនេះផងដែរ ។ ប្រសិនជាមិនមានអ្វីប្រែប្រួលធំដុំនោះទេ កីឡាករ Mbappe នឹងមកលេងឲ្យ Real Madrid នៅរដូវកាលថ្មី។
![](https://lookingtoday.com/wp-content/uploads/2024/05/6641fb9460b19_1715600220_medium.jpg)
យោងតាមព័ត៌មានដែល BBC ទទួលបានឲ្យដឹងថា កុងត្រារបស់ Mbappe ជាមួយ Real Madrid គឺមានរយៈពេល ៥ ឆ្នាំ ក្នុងនោះមួយឆ្នាំកីឡាករទទួលបានប្រាក់ឈ្នួលប្រមាណ ១៦ លានដុល្លារសហរដ្ឋអាមេរិកក្នុងមួយឆ្នាំ។ កីឡាករក៏ទទួលបានផងដែរ ប្រាក់លើកទឹកចិត្តដល់ទៅប្រមាណ ១៦០ លានដុល្លារសហរដ្ឋអាមេរិកពីក្លឹប ។ កីឡាករទទួលសិទ្ធិក្នុងការប្រើប្រាស់រូបថតរបស់ខ្លួន ដល់ទៅ ៨០ ភាគរយ ហើយសិទ្ធិនេះនឹងរកចំណូលជាច្រើនបន្ថែមទៀតសម្រាប់កីឡាករផ្ទាល់ ។
បើនិយាយពីប្រាក់ឈ្នួល បើប្រៀបធៀបជាមួយកុងត្រាចុងក្រោយរបស់ Mbappe នៅពេលលេងឲ្យ PSG គឺមានសភាពតិចឆ្ងាយណាស់។ ពេលនៅជាមួយ PSG កីឡាករ Mbappe មានប្រាក់ឈ្នួលប្រចាំឆ្នាំដល់ទៅជិត ៨០ លានដុល្លារសហរដ្ឋអាមេរិកឯណោះ។ នេះមានន័យថា កីឡាករសុខចិត្តកាត់ប្រាក់ឈ្នួល ដើម្បីមកចូលរួមជាមួយ Real Madrid។
![](https://lookingtoday.com/wp-content/uploads/2024/05/6641fb9534459_1715600220_medium-2.jpg)
គិតមកទល់ពេលនេះ Mbappe មិនទាន់និយាយយ៉ាងណាទេអំពីការផ្ទេរមួយនេះ។ ក៏ប៉ុន្តែ បើយោងតាមការវិភាគមួយចំនួន បានឲ្យដឹងថា មូលហេតុដែល Mbappe ចង់មកចូលរួមជាមួយ Real Madrid បែបនេះ ក៏ដោយសារកីឡាករបានឈ្នះពានធំៗគ្រប់បែបយ៉ាងទៅហើយនៅ PSG លើកលែងតែពាន Champions League ក្រោយរួមរស់ជាមួយគ្នាជាង ៧ ឆ្នាំ។ ដូច្នេះការមកចូលរួមជាមួយ Real Madrid គឺជាឱកាសដ៏ប្រសើរមួយ សម្រាប់កីឡាករក្នុងការមានលទ្ធភាពខ្ពស់ក្នុងការឈ្នះពានកំពូលអឺរ៉ុបមួយនេះ។ ណាមួយ ក្លឹប Real Madrid គឺជាក្លឹបដែល Mbappe ស្រលាញ់គាំទ្រតាំងពីតូចមក ដូច្នេះកត្តាផ្ទាល់ខ្លួននេះ អាចជាកត្តាជំរុញយ៉ាងសំខាន់មួយក្នុងការទាញចិត្តកីឡាករបារាំងរូបនេះមកចូលរួមជាមួយ Real Madrid៕
![](https://lookingtoday.com/wp-content/uploads/2020/08/1-2.png)