ភ្នំពេញ ៖ ក្រុមបាល់ទាត់វិទ្យាល័យ ឬស្សីកែវដណ្តើមបានជើងឯក នៃការប្រកួតកីឡាបាល់ទាត់ អាយុក្រោម ១៨ ឆ្នាំ ប្រចាំឆ្នាំ២០២៤ បន្ទាប់ពីក្រុមនេះ បានយកឈ្នះក្រុមបាល់ទាត់ វិទ្យាល័យជាស៊ីម សាមគ្គីក្នុងលទ្ធផល ៧ទល់នឹង០នៅវគ្គផ្តាច់ព្រ័ត្រ ដោយការប្រកួតនេះ ប្រព្រឹត្តិទៅចាប់ពីថ្ងៃទី១៣ ដល់ថ្ងៃទី១៧ ខែឧសភា ឆ្នាំ២០២៤ រៀបចំដោយមន្ទីរអប់រំកាយ និងកីឡារាជធានីភ្នំពេញ ។
ក្នុងឱកាសពិធីបិទ ការប្រកួតកីឡាបាល់ទាត់ អាយុក្រោម ១៨ ឆ្នាំប្រចាំឆ្នាំ២០២៤ ជាផ្លូវការនេះដោយមាន ការអញ្ជើញចូលរួម សំណាក់លោក អ៊ុក ចន្ថា អនុប្រធានមន្ទីរអប់រំ យុវជន និងកីឡារាជធានីភ្នំពេញតំណាងឲ្យប្រធានមន្ទីរ និងនាយកសាលាវិទ្យានានា ។
លោក អ៊ុក ចន្ថា អនុប្រធានមន្ទីរអប់រំ យុវជន និងកីឡារាជធានីភ្នំពេញបានមានប្រសាសន៍ថា គណៈកម្មការរៀបចំការប្រកួត និងកីឡាករទាំងអស់ បានឈរលើស្មារតីទទួលខុសត្រូវខ្ពស់ក្នុងនាមជាអ្នកកីឡា ដ៏ពិតប្រាកជាធាតុសំខាន់នៃសេចក្តីថ្លៃថ្នូរ យុត្តិធម៌ មិត្តភាព និង សាមគ្គីភាពក្នុងព្រឹត្តការណ៍នេះដែរ ។
លោកសូមថ្លែងអំណរគុណ និង កោតសរសើរដោយស្មោះ ចំពោះប្រតិភូដឹកនាំក្រុមកីឡា ដែលបានខិតខំបង្កើតក្រុម ដើម្បីចូលរួមប្រកួតជើងឯកនាពេលនេះ ជាកាយវិការនិងការចូលរួមដោយស្មោះ ក្នុងការកសាង និងអភិវឌ្ឍវិស័យកីឡា នៅរាជធានីភ្នំពេញ តាមគោល នយោបាយ របស់រាជរដ្ឋាភិបាល បានចែងថា មនុស្សម្នាក់ត្រូវចេះលេងកីឡាមួយ ប្រភេទប្រចាំជីវិត និងជំរុញឲ្យយុវជនឲ្យចូលរួមហាត់ និងលេងកីឡា ទៅតាមប្រភេទ ដែលពួកគេចូលចិត្ត និងចូលរួមកាត់បន្ថយ នូវអំពើឧបាយមុខ ដែលមាននៅក្នុងសង្គម ។
លោក អ៊ុក ចន្ថា បានលើកទឹកចិត្ត ដល់កីឡាករទាំងអស់ ត្រូវព្យាយាមបន្តការ ហ្វឹកហាត់ ដើម្បីថែរក្សា និងបង្កើនសមត្ថភាព ឲ្យកាន់តែល្អប្រសើរបន្ថែមទៀត ក្នុងការដណ្តើមមេដាយនាឆ្នាំបន្តបន្ទាប់ ជាពិសេសសូមឲ្យរក្សានូវវិន័យ សេចក្តិថ្លៃថ្នូ មានសាមគ្គីភាពផ្ទៃក្នុង និងត្រូវចេះ អធ្យាស្រ័យគ្នាទៅវិញទៅមក ដើម្បីរក្សាសេចក្តីថ្លៃថ្នូ និងកិត្តិយសខ្លួនយើងផងដែរ។
ផ្អែកលើការអភិវឌ្ឍនេះមន្ទីរអប់រំ បាននិងកំពុងដំណើរការ តាមផែនការយុទ្ធសាស្ត្រកំណែរ ទម្រង់របស់ក្រសួងអប់រំ យុវជន និងកីឡា ដោយលែកការងារអប់រំកាយ និងកីឡា ដោយអនុវត្តកាល វិភាគ នៅតាមគ្រឹះស្ថានសាធារណ: ឯកជន និងកែសម្រួលមេរៀន ឲ្យស្របទៅស្តង់ដាក្នុងតំបន់ ក៏ដូចជាពិភពលោក ៕