ខ្សែប្រយុទ្ធ Olivier Giroud បានធ្វើការចាកចេញពីក្លឹប AC Milan ផ្លាស់ទៅកាន់ក្លឹប Los Angeles (LAFC) ដែលជាក្លឹបនៅក្នុងលីគកំពូលអាមេរិក MLS កាលពីពេលថ្មីៗនេះ។ បើយោងតាមការចុះផ្សាយ របស់ក្លឹបអាមេរិកនេះផ្ទាល់។

Giroud នឹងទៅលេងឲ្យ LAFC នៅក្នុងកំឡុងពេលឈប់ សម្រាករដូវក្ដៅនៅអាមេរិក ចាប់ពីថ្ងៃទី១៨ ខែកក្កដា ឆ្នាំ២០២៤តទៅតែម្ដង ដោយមានកុងត្រា រហូតដល់ចប់ឆ្នាំ២០២៥ ជាមួយនឹងលក្ខខ័ណ្ឌអាចបន្តកុងត្រា រហូតដល់ចប់ឆ្នាំ២០២៦។
តាមពិតទៅមានសារព័ត៌មានធំៗ ជាច្រើនដូចជា Fabrizio Romano និង Goal ជាដើមថា LAFC បានធ្វើការចរចាយក Giroud បានតាំងពីខែមេសា ឆ្នាំ២០២៤កន្លងទៅនេះ គ្រាន់តែពេលនេះក្លឹបនេះ ទើបធ្វើការប្រកាសជាផ្លូវការព្រោះតែកីឡាករនេះចាប់អារម្មណ៍ ចង់ផ្លាស់ទៅកាន់ MLS រហូតមក។

Giroud មានវ័យកាន់តែចាស់ ហើយដោយនៅក្នុងពេលនេះ កីឡាករនេះមានវ័យ ៣៧ឆ្នាំទៅហើយដោយមានបទពិសោធន៍លេងក្នុងក្រុមឈុតធំដោយក្លឹបនានាចាប់ឆ្នាំ២០០៥មក ដោយចូលលេងបាន ៦៩២ប្រកួត និងស៊ុតចូល ២៨៣គ្រាប់។
កីឡាករនេះធ្លាប់លេងឲ្យក្លឹបធំៗដូចជា ក្លឹប Arsenal ក្លឹប Chelsea និងក្លឹប AC Milan នេះ ។ កីឡាករនេះធ្លាប់ឈ្នះពានតូចធំដូចជា UEFA Champions League និងពាន FIFA World Cup ជាមួយក្រុមជម្រើសជាតិបារាំង៕

