ក្លឹបលីគកំពូលអង់គ្លេស នឹងពិភាក្សាគ្នា នៅក្នុងខែមិថុនា ដើម្បីធ្វើការសម្រេចចិត្ត ពាក់ព័ន្ធនឹងរឿងប្រើប្រាស់ ប្រព័ន្ធវីដេអូជំនួយអាជ្ញាកណ្ដាល ឬ ហៅកាត់ថា VAR ។ នេះបើតាមការចុះផ្សាយ របស់សារព័ត៌មាន The Athletics។

នៅក្នុងខែមិថុនា លីគកំពូលអង់គ្លេស Premier League គ្រោងនឹងប្រារព្ធសន្និបាតប្រចាំឆ្នាំ ដើម្បីដាក់ទិសដៅសម្រាប់រដូវកាល ២០២៤/២៥ខាងមុខនេះ។

បើតាមប្រភពខាងលើបានឱ្យដឹងថា ក្លឹប Wolverhampton Wanderers ឬ ក្លឹបដែលមានរហស្សនាមថា ក្លឹបចចក បានដាក់សំណើមួយក្នុងការលុបចោលការប្រើប្រាស់ VAR នៅក្នុងក្របខ័ណ្ឌ លីគកំពូលអង់គ្លេស។

ខាងក្លឹបចចកបាននិយាយ ក្នុងសេចក្ដីថ្លែងការណ៍មួយថា៖ «VAR មានផលប៉ះពាល់ ដែលមិនមានការគ្រោងទុក ហើយបណ្ដាលឱ្យទំនាក់ទំនង រវាងអ្នកគាំទ្រ និងបាល់ទាត់មានភាពល្អក់កករ»។
VAR ត្រូវបានប្រើប្រាស់នៅក្នុង បាល់ទាត់ជម្រើសជាតិ ដំបូងបង្អស់នៅឆ្នាំ២០១៦ ក្នុងប្រកួតមិត្តភាព រវាងបារាំង និងអ៊ីតាលី ហើយចំណែកឯក្របខ័ណ្ឌបាល់ទាត់ក្លឹបវិញ ប្រព័ន្ធនេះត្រូវបានប្រើប្រាស់ សម្រាប់ប្រកួតរវាងក្លឹបហុល្លង់ Ajax និង Willem II នៅខែកញ្ញា ឆ្នាំ២០១៦ ។ រីឯនៅក្នុងក្របខ័ណ្ឌ Premier League វិញ VAR ត្រូវបានដាក់ដំណើរការនៅរដូវកាល ២០១៩/២០។

ចាប់តាំងពីពេលនោះមក មានសេចក្ដីរាយការណ៍ជាច្រើន ពាក់ព័ន្ធនឹងភាពមិនប្រក្រតីទាក់ទង នឹងការប្រើប្រាស់ VAR ដោយក្នុងនោះដែរ ក្លឹបចចកប្រចាំអង់គ្លេស ដែលពេលនេះកំពុងតែជាប់លេខ ១៣នៅលីគអង់គ្លេស រងគ្រោះនឹងភាពមិនប្រក្រតីច្រើនជាងគេ ៕
