អង់គ្លេស ៖ អ្នកប្រដាល់ទម្ងន់មធ្យម ចក្រភពអង់គ្លេស លោក Sherif Lawal បានស្លាប់ បន្ទាប់ពីលោកដួល នៅលើសង្វៀន អំឡុងពេលប្រកួតអាជីពដំបូង របស់លោក នៅទីក្រុងឡុងដ៍តែម្តង ។
កាសែត The Guardian បានរាយការណ៍ថា លោក Lawal ត្រូវបានគូប្រកួតព័រទុយហ្គាល់ Malam Varela ដួលក្នុងទឹកទី ៤ នៃការប្រកួត នៅ Harrow Leisure Center ទីក្រុងឡុងដ៍កាលពីថ្ងៃអាទិត្យ។ អ្នកប្រដាល់វ័យ ២៩ ឆ្នាំរូបនេះបាន ទទួលការថែទាំសុខភាពនៅលើសង្វៀន ហើយត្រូវបានបញ្ជូនទៅមន្ទីរពេទ្យភ្លាមៗ ប៉ុន្តែមិនរួចជីវិតឡើយ ។
ក្រុមហ៊ុន Warren Boxing Management ជាក្រុមហ៊ុនតំណាងឲ្យលោក Lawal បាននិយាយក្នុងសេចក្តីថ្លែងការណ៍មួយថា ជាអកុសលក្នុងអំឡុង ពេលប្រកួតរបស់ លោកSherif លោកបានដួល ហើយទោះបីជាមានការខិតខំប្រឹងប្រែង ដ៏ល្អបំផុតពីគ្រូពេទ្យក៏ដោយ ក៏លោកត្រូវបានគេ ប្រកាសថាបានស្លាប់ហើយ ។
បន្ទាប់មក គណៈគ្រប់គ្រងប្រដាល់របស់អង់គ្លេស និងអ្នកគ្រប់គ្រងប្រដាល់ Warren បានផ្ញើរម្លែកទុក្ខដល់ក្រុមគ្រួសារ មិត្តភ័ក្តិ គ្រូបង្វឹក និងញាតិ មិត្តទាំងអស់។ ម្ចាស់ខ្សែក្រវាត់ប្រដាល់ទម្ងន់ធ្ងន់ Tyson Fury ក៏បានផ្ញើសាររម្លែកទុក្ខ ដល់ក្រុមគ្រួសារ Lawal ផងដែរ ។
អ្នកប្រដាល់ជើងចាស់ Tyson បានប្រាប់ Boxing Scene ថា ព្រះជាម្ចាស់ទ្រង់សម្រាកព្រលឹងរបស់លោក មិត្តចាស់ដ៏កំសត់ ។ យើងទាំងអស់គ្នាដឹង ពីគ្រោះថ្នាក់នៃការឡើងសង្វៀន ។ ការស្លាប់នៅលើសង្វៀន មិនមែនជារឿងចម្លែកទេក្នុងការប្រដាល់ ។
កាលឆ្នាំ ២០១៩ អ្នកប្រដាល់ អាមេរិក Patrick Day បានសន្លប់ក្នុងទឹកទី ១០ នៃការប្រកួតនៅទីក្រុង Chicago ហើយ បានរងរបួសខួរក្បាល ។ លោក Day បានសន្លប់ក្រោយការវះកាត់ខួរក្បាល ហើយបានស្លាប់ ។
នៅដើមឆ្នាំ ២០១៩ សហព័ន្ធប្រដាល់រុស្ស៊ី បានប្រកាសពីការស្លាប់របស់ Maxim Dadashev បន្ទាប់ពីលោកបានរងរបួស នៅការប្រកួតនៅ Oxon Hill រដ្ឋ Maryland ។ គ្រូបង្វឹក Buddy McGirt បានស្នើឲ្យអាជ្ញា កណ្តាលបញ្ឈប់ការប្រកួត នៅពេល Dadashev បានវាយដំជាច្រើនលើកជាប់ៗគ្នា ។
យោងតាម AP ថា លោក Dadashev ត្រូវបានបញ្ជូនទៅមន្ទីរពេទ្យ នៅមជ្ឈមណ្ឌលមន្ទីរពេទ្យ UM Prince George’s Hospital ដោយខួរក្បាល របស់លោកហើម ហើយមិននៅរស់ទេ ៕
ដោយ៖លី ភីលីព