ភ្នំពេញ ៖ កីឡាករកាយវប្បកម្មកម្ពុជា ឆឹង ណូរ៉ា ដណ្តើមបានមេដាយប្រាក់ នៅថ្ងៃបើកឆាកដំបូង ក្នុងព្រឹត្តិការណ៍កីឡាកាយវប្បកម្ម អាស៊ីអាគ្នេយ៍លើកទី ១៨ ឆ្នាំ២០២៤ “18th South East Asian Bodybuilding and Physique Sports Championship 2024” ខណៈកីឡាករកាយវប្បកម្មកម្ពុជា ឆេង ចន្ទ័កក្កដា ជាប់ចំណាត់ថ្នាក់លេខ៤ ។
លោកស្រី អេមី សារីរ៉ុម គ្រូបង្វឹកបានប្រាប់ តាមអនឡាញពីថៃថា កីឡាករកាយវប្បកម្មកម្ពុជា ឆឹង ណូរ៉ា ដណ្តើមបានមេដាយប្រាក់លើកា វិញ្ញាសា Men’s athletic physique up to 160cm និងកីឡាករកាយវប្បកម្មកម្ពុជា ឆេង ចន្ទ័កក្កដា ជាប់ចំណាត់ថ្នាក់លេខ៤ លើវិញ្ញាសា Men’s athletic Physique up to 167 cm ។
សហព័ន្ធកីឡាកាយវប្បកម្ម និងលំហាត់ប្រាណកម្ពុជានារសៀលថ្ងៃទី១៦ ខែឧសភា ឆ្នាំ២០២៤ បានបញ្ជូនក្រុមគ្រូបង្វឹក អាជ្ញាកណ្តាលកម្រិតអន្តរជាតិ និងកីឡាករចំនួន ៧ រូបទៅចូលរួម ព្រឹត្តិការណ៍កីឡាកាយវប្បកម្មអាស៊ីអាគ្នេយ៍លើកទី ១៨ ឆ្នាំ ២០២៤ សាធារណរដ្ឋប្រជាធិបតេយ្យប្រជាមានិតឡាវ ដែលប្រព្រឹត្តិទៅចាប់ពីថ្ងៃទី ១៦ ខែឧសភា ដល់ថ្ងៃទី ២០ ខែឧសភា ឆ្នាំ ២០២៤។
ចំណែកកម្ពុជាបានបញ្ជូនក្រុមគ្រូបង្វឹក អាជ្ញាកណ្តាលកម្រិតអន្តរជាតិ និងកីឡាករចំនួន ៧ រូបក្នុងនោះកីឡាករស្រ៊ិន រាជ្យ កីឡាករ ឆឹង ណូរ៉ា កីឡាករ ឆេង ច័ន្ទកក្កដា កីឡាករ ជីម ចន្ថា និងកីឡាករ ខាន់ ឆៃយ៉ា។ ការប្រកួតនេះមានកីឡាករមកពី១១ប្រទេសរួមមានប្រទេសកម្ពុជា ថៃ វៀតណាម សិង្ហបុរី មីយ៉ាន់ម៉ា ហ្វីលីពីន ម៉ាឡាស៊ី ឥណ្ឌូនេស៊ី ទីមរ ប្រុយណេ និងម្ចាស់ផ្ទះ ប្រទេសឡាវ៕