ភ្នំពេញ ៖ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានផ្ញើសារអបអរសាទរ កីឡាករកាយវប្បកម្មកម្ពុជា ២ រូប ដែលដណ្តើម មេដាយប្រាក់ ២ គ្រឿង ក្នុងព្រឹត្តិការណ៍កីឡាកាយវប្បកម្ម អាស៊ីអាគ្នេយ៍លើកទី ១៨ ឆ្នាំ២០២៤ “18th South East Asian Bodybuilding and Physique Sports Championship 2024” នៅសាធារណរដ្ឋប្រជាធិបតេយ្យ ប្រជាមានិតឡាវ ប្រព្រឹត្តិទៅចាប់ពីថ្ងៃទី ១៦ ខែឧសភា ដល់ថ្ងៃទី ២០ ខែឧសភា ឆ្នាំ ២០២៤ ។

ចំពោះសារសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត មានន័យថា អបអរសាទរកីឡាករ កាយវប្បកម្មកម្ពុជា ស្រ៊ិន រាជ្យ ដែលបានឈ្នះ មេដាយប្រាក់ ១គ្រឿង ក្នុងព្រឹត្តិការណ៍ប្រកួត កាយវប្បកម្មជើងឯក អាស៊ីអាគ្នេយ៍ លើវិញ្ញាសា Men’s Sports Physique កម្ពស់ចាប់ពី ១.៧៥ម៉ែត្រឡើង ។

អបអរសាទរ កីឡាករ កាយវប្បកម្មកម្ពុជា ឆឹង ណូរ៉ា ដែលបានឈ្នះ មេដាយប្រាក់ ១គ្រឿងក្នុងព្រឹត្តិការណ៍ ប្រកួតកាយ វប្បកម្មជើងឯក អាស៊ីអាគ្នេយ៍ លើវិញ្ញាសា Men’s Athletic Physique កម្ពស់ក្រោម១.៦០ម៉ែត្រ នៅទីក្រុងវៀងច័ន្ទ ប្រទេសឡាវ ថ្ងៃទី១៦~២០ ខែឧសភា ឆ្នាំ២០២៤ ។

ការប្រកួតខាងលើកនេះកម្ពុជាបានបញ្ជូនក្រុមគ្រូបង្វឹក អាជ្ញាកណ្តាលកម្រិតអន្តរជាតិ និងកីឡាករចំនួន ៧ រូប ក្នុងនោះលោកស្រី អេមី សារីរ៉ុម ហម គ្រូបង្វឹក លោក តឹក ប៉ុនវី អាជ្ញាកណ្តាលកម្រិតអន្តរជាតិ កីឡាករស្រ៊ិន រាជ្យ កីឡាករ ឆឹង ណូរ៉ា កីឡាករ ឆេង ច័ន្ទកក្កដា កីឡាករ ជីម ចន្ថា និងកីឡាករ ខាន់ ឆៃយ៉ា ។
ការប្រកួតនេះមានកីឡាករមកពី១១ប្រទេស រួមមានប្រទេសកម្ពុជា ថៃ វៀតណាម សិង្ហបុរី មីយ៉ាន់ម៉ា ហ្វីលីពីន ម៉ាឡាស៊ី ឥណ្ឌូនេស៊ី ទីមរ ប្រុយណេ និងម្ចាស់ផ្ទះ ប្រទេសឡាវ ៕



