កីឡា

សាកលវិទ្យាល័យវេស្ទើន​ ភ្នំពេញ ដណ្តើមបានមេដាយច្រើន ជាងគេ នៃកីឡាហែលទឹក ក្នុងការប្រកួតកីឡា និសិ្សតឧត្តមសិក្សា និងមធ្យមសិក្សា

ភ្នំពេញ ៖ ក្រុមកីឡាករ-កីឡាការិនីហែលទឹក សាកលវិទ្យាល័យ វេស្ទើន ភ្នំពេញ បានដណ្តើមបានមេដាយ ១២ គ្រឿង ក្នុងការប្រកួតកីឡា និសិ្សតឧត្តមសិក្សា និងមធ្យមសិក្សាបច្ចេកទេសថ្នាក់ជាតិ ឆ្នាំ២០២៤ ប្រភេទកីឡាហែលទឹក នាថ្ងៃទី២៥ ខែឧសភា ឆ្នាំ២០២៤នេះ នៅអាងហែលទឹក នៃពហុកីឡដ្ឋានជាតិ រាជធានីភ្នំពេញ ដែលធ្វើឲ្យក្រុមនេះ ក្លាយជាក្រុមជើងឯក ប្រចាំឆ្នាំ២០២៤ លើប្រភេទកីឡាហែលទឹក ។

ក្នុងឱកាសពិធីបិទ ការប្រកួតជាផ្លូវការ លើប្រភេទកីឡាហែលទឹក ដោយមានការអញ្ជើញ ចូលរួមពីសំណាក់លោក ហែម គិរី អគ្គលេខាធិការ សហព័ន្ធខ្មែរ កីឡាហែលទឹក និងគណៈប្រតិភូសាកលវិទ្យាល័យជាច្រើនរូប ព្រមទាំងកីឡាករ -កីឡាការិនីហែលទឹកថែមទៀត ។

ក្រុមកីឡាករ-កីឡាការិនីហែលទឹក សាកលវិទ្យាល័យ វេស្ទើន ភ្នំពេញ បានដណ្តើបានមេដាយ ១២ គ្រឿង ក្នុងនោះមេដាយមាស ៦ គ្រឿង មេដាយប្រាក់ ៣ គ្រឿង និងមេដាយសំរិទ្ធ ៣ គ្រឿង និងក្រុមកីឡាករ-កីឡាការិនីហែលទឹក និងសាកលវិទ្យាល័យ អាស៊ីអឺរ៉ុបបានដណ្តើបានមេដាយ ១០ គ្រឿង មេដាយមាស ៤ គ្រឿង មេដាយប្រាក់ ២ គ្រឿង និងមេដាយសំរិទ្ធ ៤ គ្រឿង។

ចំណែកក្រុមកីឡាករ-កីឡាការិនីហែលទឹក ខេមអេដ បានដណ្តើបានមេដាយ ៦ គ្រឿង មេដាយមាស ៣ គ្រឿង មេដាយប្រាក់ ១ គ្រឿង និងមេដាយសំរិទ្ធ ២ គ្រឿង ក្រុមកីឡាករ-កីឡាការិនីហែលទឹក សាកលវិទ្យាល័យជាតិ ខេត្តបាត់ដំបង បានដណ្តើបានមេដាយ ១០ គ្រឿង មេដាយមាស ២ គ្រឿង និងមេដាយប្រាក់ ៥ គ្រឿង និងមេដាយសំរិទ្ធ ៣ គ្រឿង និងក្រុមកីឡាករ-កីឡាការិនីហែលទឹក សាកលវិទ្យាល័យ វេស្ទើន ខេត្តកំពង់ចាម បានដណ្តើបានមេដាយ ១០ គ្រឿង មេដាយមាស ១ គ្រឿង មេដាយប្រាក់ ៥ គ្រឿង និងមេដាយសំរិទ្ធ ៤ គ្រឿង ។

លោក ហែម គីរី បានប្រាប់ឲ្យដឹងថា តាមរយៈការប្រកួតប្រជែង យើងអាចចម្រាញ់ បានកីឡាករ-កីឡាការិនីឆ្នើមចំនួន៣រូប ដើម្បីត្រៀមចូលរួម ប្រកួតព្រឹត្តិការណ៍ ប្រកួតកីឡាសាកលវិទ្យា ល័យអាស៊ាន លើកទី២១ នៅប្រទេសឥណ្ឌូណេស៊ី តំណាងឲ្យកីឡាករ-កីឡាការិនី ហែលទឹក សិស្សនិស្សិតកម្ពុជា ។ ដូចដែលបានឃើញស្រាប់ កីឡាករ-កីឡាការិនី ដែលយើងចម្រាញ់បាន គឺសុទ្ធតែជាម្ចាស់មេដាយមាស ក្នុងព្រឹត្តិការណ៍ប្រកួតកីឡាសិស្សឧត្ដម និងមធ្យមសិក្សាបច្ចេកទេសថ្នាក់ជាតិឆ្នាំ២០២៤នេះក្នុងនោះគឺមានកីឡាការិនី សុខ វរល័ក្ខណ កីឡាករ ទួន ទិត្យសត្យា សុទ្ធតែឈ្នះមេដាយមាស ។ ចំណែកឯកីឡាករ មនត្រស ផាន់សុវណ្ណអារុន គឺកំពុងតែប្រឹងប្រែង ហ្វឹកហាត់ នៅប្រទេសថៃ ដែលសហព័ន្ធយើង ស្នើសុំបានអាហារូបករណ៍ សម្រាប់គាត់នៅទីនោះ ។

លោកបានបន្តថា ព្រឹត្តិការណ៍នាប្រទេសឥណ្ឌូណេស៊ីនេះយើងកត់សម្គាល់ឃើញថា ប្រភេទវិញ្ញាសាដែលយើងដាក់ក្ដីសង្ឃឹមខ្លាំងនោះគឺប្រភេទវិញ្ញាសា៥០ និង១០០ម៉ែត្របែបកង្កែប ផ្នែកនារីរបស់កីឡាការិនី សុខ វរល័ក្ខណ ព្រោះអីយើងមើលជាក់ស្ដែង កម្រិតបច្ចេកទេសរបស់គាត់ អាចឈានទៅរកការ ទទួលបានមេដាយ បានសម្រាប់ កម្រិតសាកលវិទ្យាល័យ អាស៊ានលើកទី២១នេះ ។

ព្រឹត្តិការណ៍ការប្រកួតជ្រើសរើសជើងឯកសាកលវិទ្យាល័យ អាស៊ានសហព័ន្ធខ្មែរកីឡាហែលទឹក ធ្លាប់ដណ្ដើមបានមេដាយសំរឹទ្ធមួយគ្រឿងកាលឆ្នាំ១៩៩៩ ដែលកាលនោះលោក ហែម គីរី នេះឯងជាកីឡាករឆ្នើម របស់កម្ពុជា ដែលប្រជែងបាន ហើយតាំងពីពេលនោះដល់បច្ចុប្បន្ន មិនទាន់មានកីឡាករហែលទឹក រូបណាធ្វើបានឡើយ ។
ដោយ៖លី ភីលីព

Most Popular

To Top