ភ្នំពេញ ៖ លោកបណ្ឌិត មាស សារិន ប្រធានសហព័ន្ធកីឡាសីដក់ និង ឈិនឡូនកម្ពុជា លោក ឈុន ចាន់ធូ អគ្គនាយករងនៃអគ្គនាយកដ្ឋានកីឡា លោក ចាប រតនា អនុប្រធាន នាយកដ្ឋានរៀបចំ និងគ្រប់គ្រងព្រឹត្តិការណ៍កីឡា បានអញ្ជើញចូលរួមពិធីបិទ ប្រភេទកីឡាសីដក់ ក្នុងការប្រកួតកីឡា និសិ្សតឧត្តមសិក្សា និងមធ្យមសិក្សាបច្ចេកទេស ថ្នាក់ជាតិ ឆ្នាំ២០២៤ នាថ្ងៃទី២៦ ខែឧសភា ឆ្នាំ២០២៤នេះ នៅមណ្ឌលកីឡាក្រសួងមហាផ្ទៃ ក្នុងពហុកីឡដ្ឋានជាតិ ។

លោកបណ្ឌិត មាស សារិនបានមានប្រសាសន៍ថា ក្នុងនាមប្រធានសហព័ន្ធកីឡាសីដក់ និងឈិនឡូនកម្ពុជា និងខ្លួនខ្ញុំផ្ទាល់ ខ្ញុំសូមសម្ដែងនូវការកោត សរសើរ និងវាយតម្លៃខ្ពស់ ជូនចំពោះកិច្ចសហការរៀប ចំព្រឹត្តិការណ៍ប្រកួតកីឡាសីដក់ កីឡាឧត្តមសិក្សា និងមធ្យមសិក្សាបច្ចេកទេសថ្នាក់ជាតិ ឆ្នាំ២០២៤ បានយ៉ាងល្អប្រសើរ និងជោគជ័យយ៉ាងធំធេង នាឱកាសនេះ ។

តាមរបាយការណ៍ គណៈកម្មការរៀបចំការ ប្រកួតបានឲ្យដឹងថា ការប្រកួតកីឡាសីដក់ឧត្តមសិក្សា និងមធ្យមសិក្សា បច្ចេកទេសថ្នាក់ជាតិ បានប្រព្រឹត្តទៅចាប់ពីថ្ងៃទី២២ រហូតដល់ថ្ងៃទី២៦ ខែឧសភា ឆ្នាំ២០២៤ ត្រូវបានបញ្ចប់ដោយរលូន និងជាស្ថាពរនៅថ្ងៃនេះ។ ជាការពិតណាស់ ការប្រកួត រយៈពេលប៉ុន្មានថ្ងៃមកនេះ គឺជាការផ្តល់ឱកាសឲ្យកីឡាករ -កីឡាការិនីបាន បញ្ចេញនូវ ទេពកោសល្យ សមត្ថភាព ក៏ដូចជាការវាស់ស្ទង់ សមត្ថភាពបច្ចេកទេស ដែលកីឡាករ-កីឡា ការិនីម្នាក់ៗ បានហ្វឹកហាត់កន្លងមក។ លទ្ធផលរបស់កីឡាករ-កីឡាការិនី ដែលទទួលជ័យលាភីនាពេលនេះ ពិតជាបានមក ពីការខិតខំហ្វឹកហាត់ជាប្រចាំ មានការតស៊ូព្យាយាមគោរពវិន័យបានល្អ យកចិត្តទុកដាក់ និងគោរពតាមបទ បញ្ជាបច្ចេកទេស នៅក្នុងការប្រកួតនេះ ។

លោកប្រធានបានបន្តថា រាជរដ្ឋាភិបាលកម្ពុជា នៅក្រោមមាគ៌ា ដឹកនាំដ៏ឈ្លាសវៃ ប្រកបដោយគតិបណ្ឌិត របស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បាននាំឲ្យ ប្រទេសកម្ពុជា ទទួលបាននូវការឯកភាពជាតិ និងសុខសន្តិភាពពេញលេញ ហើយត្រូវបានមជ្ឈដ្ឋានអន្តរជាតិទទួលស្គាល់ ពីការផ្លាស់ប្តូរជាវិជ្ជមាន ទាំងទិដ្ឋភាព នយោបាយ សន្តិសុខ សេដ្ឋកិច្ច និងសង្គម ។ យើងទាំងអស់ គ្នា សូមអរគុណ”សន្តិភាព” ដែលបានផ្តល់ឱកាសអោយយើង បានអភិវឌ្ឍប្រទេសជាតិលើគ្រប់វិស័យ ក្នុងនោះ ក៏មានវិស័យកីឡាផងដែរ ។

ដើម្បីចូលរួមចំណែកបំផុស ពាក្យស្លោករបស់រាជរដ្ឋាភិបាល “ប្រជាជនម្នាក់លេងកីឡាមួយប្រភេទយ៉ាងតិច ប្រចាំជីវិត”។ តាមរយៈយុទ្ធនាការចលនានេះដែរមានទិសដៅ ឲ្យប្រជាជនគ្រប់រូបចូលរួម ស្រឡាញ់គ្រាំទ្រ និងលេងកីឡា ដើម្បីទទួលបានសុខភាព និងជីវភាពល្អប្រសើរ សាមគ្គីភាព ប្រកបដោយបរិយាកាស សុខុដុមនីយកម្ម ក្នុងសង្គម ក៏ដូចជាការឆ្ពោះទៅធ្វើជាម្ចាស់ផ្ទះកីឡាយុវជនអាស៊ីលើកទី៥ ឆ្នាំ២០២៩នៅកម្ពុជា ៕
ដោយ៖លី ភីលីព
