ខ្សែប្រយុទ្ធក្លឹប Manchester United Marcus Rashford មិនត្រូវបានគ្រូបង្វឹក ក្រុមជម្រើសជាតិអង់គ្លេស លោក Gareth Southgate ជ្រើសរើសយកជាសមាជិកនៃក្រុមជម្រើសជាតិ ដែលមានសមាជិកបណ្ដោះអាសន្នចំនួន ៣៣រូប សម្រាប់ព្រឹត្តិការណ៍ជើងឯកអឺរ៉ុប UEFA Euro 2024 នោះទេ។
កីឡាករដែលទទួលសញ្ញាបត្របណ្ឌិតកិត្តិយស ពីសាកលវិទ្យាល័យ Manchester រូបនេះ បានបង្ហាញខ្លួន ៣៣ដង និងរកបាន ៧គ្រាប់នៅក្នុងរដូវកាល ២០២៣/២៤ ។
ទាក់ទិននឹងរឿងនេះដែរ លោក Gareth Southgate បានលើកឡើងដោយត្រង់ៗថា៖ «ទាក់ទងនឹងរឿង Marcus ខ្ញុំមានអារម្មណ៍ថា កីឡាករផ្សេងៗទៀត ដែលស្ថិតនៅតួនាទីនេះ (តួនាទីខ្សែប្រយុទ្ធ) បង្ហាញទម្រង់លេងល្អជាង នៅក្នុងរដូវកាលនេះ។ រឿងវាសាមញ្ញអញ្ចឹងទេ»។
ទោះជាមិនបានជាប់ជា សមាជិកបណ្ដោះអាសន្នក្ដី ក៏ Rashford បង្ហោះជូនពរក្រុមជម្រើសជាតិអង់គ្លេស នៅបណ្ដាញសង្គមរបស់ខ្លួន។
សូមជម្រាបផងដែរថា Euro 2024 នឹងចាប់ផ្ដើមនៅថ្ងៃទី១៤ ខែមិថុនា រហូតដល់ថ្ងៃទី១៤ ខែកក្កដា ឆ្នាំ២០២៤នេះ។ អង់គ្លេសស្ថិតនៅពូល C ជាមួយនឹង ស្លូវេនី ដាណឺម៉ាក និងស៊ែបប៊ី។
ពាក់ព័ន្ធនឹងរឿងសមាជិកក្រុមអង់គ្លេសវិញ លោក Southgate នឹងជម្រុះចេញ ៧នាក់ទៀត ដោយសារតែបញ្ជីផ្លូវការនឹងមានសមាជិកតែ ២៦រូបប៉ុណ្ណោះ។ ចំណោម ២៦រូបនេះមាន ខ្សែប្រយុទ្ធ ៧នាក់រួមមាន Jack Grealish (Manchester City), Jarrod Bowen (West Ham United), Anthony Gordon (Newcastle United), Bukayo Saka (Arsenal), Phil Foden (Manchester City), Harry Kane (Bayern Munich), Ivan Toney (Brentford), Ollie Watkins (Aston Villa) និង Cole Palmer (Chelsea)៕