កីឡា

លោក វ៉ាត់ ចំរើន បានកោតសរសើរលោក ឆយ យ៉ុងសុក គ្រូបង្វឹកធំកីឡាតេក្វាន់ដូ WT ក្នុងការជួយអភឌ្ឍន កីឡាតេក្វាន់ដូកម្ពុជា

ភ្នំពេញ ៖ លោក វ៉ាត់ ចំរើន អគ្គលេខាធិការ នៃគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា(NOCC) និងរដ្ឋលេខាធិការក្រសួងអប់រំ យុវជន និងកីឡា បានកោតសរសើរលោក ឆយ យ៉ុងសុក គ្រូបង្វឹកធំ កីឡាតេក្វាន់ដូ WT ជនជាតិកូរ៉េខាងត្បូង ដែលបានជួយប្រភេទ កីឡាតេក្វាន់ដូ WTឲ្យមានភាពល្បីល្បាញ លើឆាកអន្តរជាតិ ដោយវិរកីឡាការិនី ស៊ន ស៊ីវម៉ី ដណ្តើមបានមេដាយមាស នៃការប្រកួតកីឡាតេក្វាន់ដូ WT ជើងឯកអាស៊ី ។

លោកអគ្គលេខាធិការ នៃគណៈកម្មាធិការជាតិ អូឡាំពិកកម្ពុជា(NOCC) បានលើកឡើងក្នុងឱកាសពិធីបិទ វគ្គសិក្សាសាមគ្គីអូឡាំពិក ស្ដីពីគ្រូបង្វឹកកីឡាតេក្វាន់ដូ WT កម្រិតថ្នាក់ជាតិនៅថ្ងៃទី ២៧ ខែឧសភា ឆ្នាំ២០២៤ នៅសាលប្រជុំគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា ដោយមានការអញ្ជើញ ពីសំណាក់លោក ឆយ យ៉ុងសុក តំណាងឲ្យស្ថាប័ន KUKKIWON គ្រូបង្វឹកធំកីឡាតេក្វាន់ដូ WT និងអ្នកគ្រូឧទ្ទេស ជនជាតិកូរ៉េខាងត្បូង អ្នកគ្រូ Byung Hee Kim ។

លោកបានបន្តថា លោក ឆយ យ៉ុងសុក បានចំណាយពេលជិត ៣០ ឆ្នាំ ក្នុងការជួយអភិឌ្ឍប្រភេទតេក្វាន់ដូ WT កម្ពុជា ឲ្យមានការរីកចម្រើន កាន់តែខ្លាំងលើឆាកអន្តរជាតិ ហើយរូបលោក និងលោក ឆយ យ៉ុងសុកមានក្តីស្រម៉ៃ ឲ្យកីឡាករ-កីឡាការិនីតេក្វាន់ដូ WT កម្ពុជាឈ្នះមេដាយក្នុងព្រឹត្តិការណ៍ ការប្រកួតអូឡាំពិក នេះជាក្តីស្រម៉ៃទី២របស់លោក ។ចំពោះក្តីស្រម៉ៃទី១ របស់លោក និងលោក ឆយ យ៉ុងសុក យើងទទួលបានហើយ គឺមេដាយជើងឯកអាស៊ី ដែលវិរកីឡាការិនី ស៊ន ស៊ីវម៉ីទទួលបាន ។

លោក ជាតិ ខេមរា មន្រ្តីសម្របសម្រួលវគ្គបាននិយាយថា វគ្គសាមគ្គីអូឡាំពិក ស្តីពីគ្រូបង្វឹកកីឡាតេក្វាន់ដូ WT ថ្នាក់ជាតិប្រព្រឹត្តទៅចាប់ពី ថ្ងៃទី២១ ដល់ថ្ងៃទី២៧ ខែឧសភា ឆ្នាំ២០២៤ នៅទីស្នាក់ការគណៈកម្មាធិការជាតិ អូឡាំពិកកម្ពុជា មជ្ឈមណ្ឌលជាតិហ្វឹកហ្វឺនកីឡា និងនៅសាលហ្វឹកហាត់តេក្វាន់ដូប៊ូយ៉ុង-ខ្មែរ រាជធានីភ្នំពេញ។ មានសិក្ខាកាមមកពីបណ្តាក្លិប កីឡាតេក្វាន់ដូ WT រាជធានី-ខេត្ត សរុបចំនួន ២៥នាក់ ក្នុងស្រី ៨នាក់ ក្នុងនោះមកពីខេត្តសៀមរាប បាត់ដំបង បន្ទាយមានជ័យរាជធានីភ្នំពេញ ។

លោកបានបញ្ជាក់ថា វគ្គសាមគ្គីអូឡាំពិក ស្តីពីគ្រូបង្វឹក កីឡាតេក្វាន់ដូ WT ថ្នាក់ជាតិ អាចដំណើរការទៅបាន ដោយមានការគាំទ្រថវិកាពីគណៈកម្មាធិការជាតិ អូឡាំពិកកម្ពុជា បានផ្តល់ឱកាសដល់សិក្ខាកាម ទាំងអស់ បានក្រេបយកចំណេះដឹងថ្មីៗ និងទទួលបាននូវបទពិសោធន៍ជាច្រើនទៀត ក្នុងការ ត្រៀមខ្លួន បន្តវេននៅជំនាន់ក្រោយៗ ហើយក៏ជាក្តីសង្ឃឹមសម្រាប់ខេមរសហព័ន្ធតេក្វាន់ដូ នៅក្នុង ការផ្សព្វផ្សាយប្រភេទកីឡាតេក្វាន់ដូ WT ឲ្យបានទូលំទូលាយ នាពេលអនាគត ៕

Most Popular

To Top