ក្លឹប AC Milan ជិតយកបាន លោក Paulo Fonseca ពីក្លឹប Lille មកធ្វើជាគ្រូបង្គោលថ្មីរបស់ខ្លួនសម្រាប់រដូវកាលថ្មីនេះហើយ។ នេះបើយោងតាមការចុះផ្សាយរបស់ Fabrizio Romano នៅក្នុងថ្ងៃនេះ។

Fonseca និង AC Milan បានព្រមព្រៀងគ្នាក្នុងកុងត្រារយៈពេល ២ឆ្នាំរហូតដល់ថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០២៦ ជាមួយប្រាក់ខែ ២.៥លានអ៊ឺរ៉ូ ក្នុងឆ្នាំ។
Fonseca នឹងគិតគូរឲ្យមានលក្ខខ័ណ្ឌបន្តកុងត្រាលើសពីការចរចាគ្នានេះទៀតក្នុងករណីដែលក្លឹបនេះហ៊ានផ្ដល់ប្រាក់ខែកាន់តែខ្ពស់។

កុងត្រារវាងក្លឹប AC Milan និងគ្រូបង្គោលក្លឹបនេះជិតចរចាគ្នាចប់ហើយដោយភាគីទាំងពីរបានឯកភាពគ្នាដោយរងចាំតែការប្រកាសជាផ្លូវការប៉ុណ្ណោះ។
Fonseca មានបទពិសោធន៍ដឹកនាំក្លឹបជាង២០ឆ្នាំហើយតាំងពីឆ្នាំ២០០៥ ដោយធ្លាប់ដឹកនាំក្លឹបតូចធំជាច្រើនដូចជាក្លឹប Porto ក្លឹប Roma ជាដើម។

លោកជាអ្នកមកជំនួសតំណែង លោក Stefano Pioli ដែលជាអតីតគ្រូបង្គោល AC Milan ត្រូវបានក្លឹបបញ្ចប់តំណែងកាលពីម្សិលមិញនេះ។
នៅចុងបញ្ចប់រដូវកាលឆ្នាំ២០២៣/២៤នេះ AC Milan បានបញ្ចប់នៅ Serie A ក្នុងតារាងដោយឈរនៅលេខ២ ដោយមានពិន្ទុ ៧៥ពិន្ទុ៕
