កីឡា

លោក សាមឺឌី ស៊ីវឌ្ឍនា ៖ អត្តពលិកទំាងអស់ ត្រូវមានវិន័យ សាមគ្គីក្រុម សហការគ្នា គោរព និងស្តាប់ការណែនាំ របស់គ្រូបង្វឹក ទើបទទួលបានជោគជ័យ ជូនជាតិមាតុភូមិ

ភ្នំពេញ​ ៖ លោក សាមឺឌី ស៊ីវឌ្ឍនា រដ្ឋលេខាធិការ ក្រសួងអប់រំ យុវជន និងកីឡាបានមានប្រសាសន៍ថា ក្រុមកីឡាករ-កីឡាការិនីកម្ពុជា ទំាងអស់ ដែលចូលរួមការប្រកួតកីឡា និស្សិតសាកលវិទ្យាល័យអាស៊ាន លើកទី២១ នៅប្រទេស ឥណ្ឌូណេស៊ីត្រូវយកចិត្តទុកដាក់ អនុវត្តឲ្យបានត្រឹមត្រូវ ទៅតាមគោលការណ៍ នៃនិយាមបច្ចេកទេស និងគោរពវិន័យ មានសាមគ្គីក្រុម មានការសហការគ្នា គោរពនិងស្តាប់ការណែនាំ របស់ប្រតិភូដឹកនាំ លោកគ្រូ អ្នកគ្រូបង្វឹក ដើម្បីធានាឲ្យការចូលរួមប្រកួត ប្រកបដោយសុខសុវត្ថិភាព និងទទួលបានជោគជ័យជូនជាតិមាតុភូមិ ។

លោក សាមឺឌី ស៊ីវឌ្ឍនា រដ្ឋលេខាធិការនៃតំណាងឲ្យលោកបណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន ឧបនាយករដ្ឋមន្ត្រីរដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡាបានលើកឡើង ក្នុងឱកាសជួបសំណេះសំណាលជាមួយប្រតិភូកីឡា ចូលរួមការប្រកួតកីឡាសិស្សអាស៊ានលើកទី១៣ នៅ ប្រទេស វៀតណាម និងកីឡានិស្សិត សាកលវិទ្យាល័យអាស៊ានលើកទី២១ នៅប្រទេស ឥណ្ឌូណេស៊ី នៅសាលប្រជុំធំ មជ្ឈមណ្ឌលជាតិហ្វឹកហ្វឺនកីឡា ថ្ងៃទី២៩ ខែឧសភា ឆ្នាំ២០២៤ ។

រដ្ឋលេខាធិការបានបញ្ជាក់ថា តាមរាយការណ៍របស់លោក ប៉ុន សុខ អគ្គនាយកកីឡា និងជាអគ្គលេខាធិការ សហព័ន្ធកីឡាសិស្ស និស្សិតកម្ពុជា ពីការប្រកួតកីឡាសិស្ស និង និស្សិតកម្រិតអាស៊ាននេះ ត្រូវបានប្រារព្វឡើង ក្នុងគោលបំណងជួបជុំសិស្ស-និស្សិតក្នុងតំបន់អាស៊ាន ដើម្បីប្រកួតកីឡាវាស់ស្ទង់ គុណផលបច្ចេកទេស ផ្លាស់ប្តូរវប្បធម៌ ប្រពៃណី បង្កើនចំណងមិត្តភាព សាមគ្គីភាព កិច្ចសហប្រតិបត្តិការសេដ្ឋកិច្ច និងសុខដុមនីយកម្ម ។

ជាការពិតណាស់ ថ្វីត្បិតការចូលរួម របស់សិស្សនៅកម្រិតអាស៊ាននេះ មិនទាន់បានទទួលលទ្ធផលល្អ ក៏ពិតមែន ប៉ុន្តែបានពង្រឹងកិច្ចសហប្រតិបត្តិការ រវាងប្រទេសក្នុងតំបន់អាស៊ាននេះ និង បានរួមចំណែកក្នុងការបណ្តុះគំនិ ត បញ្ញា ស្មារតី ការសិក្សា ក៏ដូចជាបទពិសោធន៍ពីគ្នានិងគ្នា ជាពិសេស គឺកីឡាករ-កីឡាការិនីជាសិស្ស និស្សិតទទួលបានគុណផលកីឡាបន្ថែម ដើម្បីត្រៀមខ្លួនឆ្ពោះទៅធ្វើជាម្ចាស់ផ្ទះនៃការប្រកួត“កីឡាយុវជនអាស៊ី (Asian Youth Games)” ២០២៩ ដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះព្រឹត្តិការណ៍ដ៏មហាអស្ចារ្យ និងជាប្រវត្តិសាស្រ្តមួយនេះ ។

លោក សាមឺឌី ស៊ីវឌ្ឍនា បានបន្ថែមថា ដោយឡែក ការប្រកួតកីឡាសាកលវិទ្យាល័យអាស៊ាន ដែលកម្ពុជាបានបញ្ជូនចូលរួមចំនួន៥លើក កន្លងទៅទទួលបានមេដាយមាស ១១ គ្រឿង មេដាយប្រាក់ ២១ គ្រឿង និងមេដាយ សំរឹទ្ធិ ៣០ គ្រឿង ទាំងនេះពិតជាបានបញ្ជាក់ថាកីឡាករ កីឡាការិនី និស្សិតរបស់យើងបានបង្ហាញគុនផលបច្ចេកទេសខ្ពស់ និងបង្ហាញកិត្យានុភាពជាតិលើឆាកអន្តរជាតិផងដែរ។

ទន្ទឹមនឹងនោះ ខ្ញុំសូមជម្រាបថា ដើម្បីឲ្យវិស័យកីឡាទទួលបានជោគជ័យបន្ថែមទៀត ក្រសួងអប់រំ យុវជន និងកីឡា នឹងបន្តសហការឱ្យកាន់តែល្អ ប្រសើរថែមទៀត ជាមួយសមាគម ក្លឹបកីឡា នៅតាមសាកលវិទ្យាល័យសាធារណៈ និងឯកជន សមាគមកីឡានៅតាមន្ទីរអប់រំ យុវជន និងកីឡារាជធានី ខេត្ត និងសហព័ន្ធកីឡាជាតិទាំងអស់ លើការងារគ្រប់គ្រងការងារបណ្តុះបណ្តាល ការកសាងហេដ្ឋរចនាសម្ព័ន្ធកីឡា និងការប្រកួតដើម្បីពង្រឹងគុណភាព ប្រសិទ្ធភាព និងការអភិវឌ្ឍវិស័យកីឡានៅកម្ពុជា ឱ្យកាន់តែប្រសើរឡើង ស្របតាមគោលនយោបាយបញ្ចកោណដំណាក់កាលទី១ របស់រាជ រដ្ឋាភិបាលកម្ពុជា ដែលមាន សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ជាប្រមុខដឹកនាំប្រកបដោយគតិបណ្ឌិតខ្ពស់ ។

បញ្ជាក៖ការប្រកួតកីឡាសិស្សអាស៊ានលើកទី១៣ នឹងប្រព្រឹត្តទៅចាប់ពីថ្ងៃទី១ ដល់ថ្ងៃទី៩ ខែមិថុនា ឆ្នាំ២០២៤ នៅ Danang ប្រទេស វៀតណាម និងការប្រកួតកីឡាសាកលវិទ្យាល័យអាស៊ានលើកទី២១ នឹងប្រព្រឹត្តទៅពីថ្ងៃទី២៥ ខែមិថុនា ដល់ថ្ងៃទី៦ ខែកក្កដា ឆ្នាំ២០២៤ នៅ Surabaya និង Malang នៅប្រទេសឥណ្ឌូណេស៊ី ៕
ដោយ៖លី ភីលីព

Most Popular

To Top