កីឡា

ព្រឹត្តិការណ៍ រត់សប្បុរស ធម៌អង្គការ ផ្កាយសមុទ្រ ប្រចាំឆ្នាំ២០២៤ រាល់ជំហានពិតជាសំខាន់ “រត់ចែករម្លែកក្តីស្រឡាញ់ ផ្សាភ្ជាប់ទំនាក់ទំនង”

ភ្នំពេញ ៖ នាថ្ងៃទី២៩ ខែឧសភា ឆ្នាំ២០២៤ អង្គការផ្កាយសមុទ្រ (ISF) មានក្តីសោមនស្សរីករាយក្រៃលែង បានប្រកាសជាព័ត៌មាន ពីការរៀបចំព្រឹត្តិការណ៍ រត់សប្បុរសធម៌ របស់អង្គការ ប្រចាំឆ្នាំនេះ ជាកម្មវិធីដ៏ធំ និងសំខាន់មួយ របស់អង្គការ ផ្កាយសមុទ្រ ដោយទទួលបានការឧបត្ថម្ភគាំទ្រ ផ្តល់ជាទីកន្លែងដោយក្រុមហ៊ុន ប៉េង ហួត គ្រុប និងសហការរៀបចំ ដោយសហព័ន្ធខ្មែរអត្តពលកម្មស្ម័គ្រចិត្ត ក្លឹបរត់ KK Running Club និងក្រុមហ៊ុន Compass Advertising Agency ព្រឹត្តិការណ៍រត់សប្បុរសធម៌អង្គការផ្កាយសមុទ្រប្រចាំឆ្នាំ២០២៤ នេះ ឲ្យកាន់តែធំ និងមានការចូលរួមគាំទ្រច្រើន ដោយផ្អែកលើភាពជោគជ័យ នៃព្រឹត្តិការណ៍រត់សប្បុរសធម៌កាលពីឆ្នាំកន្លងទៅ ។

ព្រឹត្តិការណ៍រត់សប្បុរសធម៌អង្គការ ផ្កាយសមុទ្រនឹងប្រព្រឹត្តទៅនៅថ្ងៃទី២ ខែមិថុនា ឆ្នាំ ២០២៤ខាងមុខនឹងទទួលស្វាគមន៍ អ្នកចូលរួមរត់រាប់ពាន់នាក់មកជួបជុំគ្នារត់យ៉ាងច្រើនកុះករក្នុងបរិវេណ Eco Park 2 ក្នុងបុរី ប៉េង ហួត ហ្រេ្គនស្តាផ្លាទីនីម (បឹងស្នោ) ។ ព្រឹត្តិការណ៍រត់សប្បុរសធម៌នេះ រៀបចំឡើង ក្នុងគោលបំណងរៃអង្កាសថវិកាគាំទ្រដល់ការងារដ៏សំខាន់នេះ ផ្តល់ឱកាសសិក្សារៀន សូត្រដល់កុមារកម្ពុជាក្រីក្រជាង ៧០០នាក់ នៅអង្គការផ្កាយសមុទ្រ រួមគ្នាពួកយើងពិត ជាអាចបង្កើតអនាគតដ៏ល្អ ប្រសើរសម្រាប់កុមារ ជួបប្រទះ ការលំបាកទាំងនេះបាន ។

បន្ថែមពីការរួមចំណែកយ៉ាងធំ ក្នុងការងារសង្គម តាមរយៈព្រឹត្តិការណ៍រត់សប្បុរសធម៌អង្គការ ផ្កាយសមុទ្រប្រចាំឆ្នាំនេះ កម្មវិធីនឹងប្រព្រឹត្តទៅដោយរួមមាន សកម្មភាពកម្សាន្តសប្បាយដ៏សម្បូរបែប ដើម្បីផ្តល់ភាពរីករាយដល់ អ្នកចូលរួមថែមទៀតផង ដូចជាការចាប់ឆ្នោតយករង្វាន់ និងល្បែងកម្សាន្តផ្សេងៗ នៅតាមស្តង់ម្ចាស់ឧបត្ថម្ភកម្មវិធី សម្រាប់ព្រឹត្តិការណ៍រត់នេះ ។ ព្រឹត្តិការណ៍រត់សប្បុសធម៌ប្រចាំឆ្នាំនេះ អង្គការផ្កាយសមុទ្រក៏មានក្តីរីករាយជាពន់ពេក ដោយទទួលស្វាគមន៍ក្រុមហ៊ុន KPMG ខេមបូឌា ដែលឧបត្ថម្ភគាំទ្រដល់កម្មវិធីក្នុងនាមជា Platinum Sponsor ដើម្បីអបអរសាទរក្នុងឱកាសខួប៣០ឆ្នាំ របស់ក្រុមហ៊ុននេះ នៅប្រទេសកម្ពុជា និងវៀតណាម ។ ការឧបត្ថម្ភគាំទ្រដ៏សំខាន់នេះ បានបង្ហាញពីការប្តេជ្ញាចិត្ត របស់ក្រុមហ៊ុននេះចំពោះសកម្មភាពគាំទ្រដល់សហគមន៍ និងទំនួលខុសត្រូវសង្គម ។

លោក Nge Huy ជាដៃគូជាន់ខ្ពស់ និង ជាប្រធានសវនកម្មនៃក្រុមហ៊ុន KPMG ប្រចាំនៅកម្ពុជាបានមានប្រសាសន៍ថា ក្នុងឱកាសអបអរសាទរខួប ៣០ឆ្នាំ របស់ក្រុមហ៊ុន KPMG ខេមបូឌា ពួកយើងពិត ជាមានមោទនភាព យ៉ាងខ្លាំង បានធ្វើជាម្ចាស់ ឧបត្ថម្ភ Platinum Sponsor សម្រាប់ព្រឹត្តិការណ៍ រត់សប្បុរសធម៌អង្គការ ផ្កាយសមុទ្រ ដើម្បីរួមចំណែក ជួយដល់ កុមារកម្ពុជាជួបប្រទះការលំបាក ។ ការរួមចំណែកនេះមាន អត្ថន័យលើសពីការឧបត្ថម្ភ ដែលវាគឺជាឱកាស ដ៏វិសេស សម្រាប់ពួកយើង ក្នុងការពួតដៃគ្នាជួយដល់កុមារក្រីក្រឲ្យពួកគេទទួលបានការរៀន សូត្រ ។ ជាមួយគ្នានេះដែរ ព្រឹត្តិការណ៍រត់នេះ គឺជាពេលវេលាដ៏ល្អបំផុត សម្រាប់ សមាជិករបស់ KPMG ក្រុមគ្រួសារ និងមិត្តភកិ្តពួកគេឲ្យមកជួបជុំ ចំណាយពេលរីករាយ ជាមួយគ្នាបង្កើនទំនាក់ទំនង និងសុខភាព ក្នុងឱកាសអបអរសាទរខួប ៣០ឆ្នាំនៃ “ភាពរីករាយ, សុខភាពល្អ និង សុវត្ថិភាព” ក្នុងប្រទេសកម្ពុជា ។
ពួកយើងជឿជាក់ថា កម្មវិធីរត់នេះ គឺជាសកម្មភាពសង្គមដ៏ល្អមួយ ដើម្បីប្រមូលផ្តុំសហគមន៍ឲ្យចូលរួមរត់ និងរួមគ្នានាំយកមកនូវ ភាពវិជ្ជមានក្នុងសង្គមថែម ទៀតផង ។ ហើយពួកយើងក៏សង្ឃឹមថា សមាជិក KPMG ទាំងអស់នឹងចំណាយ ពេលវេលាដ៏រីក រាយនេះជាមួយក្រុមគ្រួសារ និង មិត្តភក្តិរបស់ខ្លួន ។ បន្ថែមពីនេះ ពួកយើង សូមអញ្ជើញ ដល់អតិថិជន និងអតីតសមាជិក KPMG បានផ្តល់ទំនុកចិត្ត និងនៅជាមួយពួកយើងអស់ រយៈពេលជាច្រើនឆ្នាំកន្លងមកនេះឲ្យមកចូលរួមអបអរសាទរ ខួប៣០ឆ្នាំដ៏អស្ចារ្យនេះជាមួយគ្នា ។

អង្គការផ្កាយសមុទ្រក៏សូមសម្ដែងការថ្លែងអំណរគុណដល់ក្រុមហ៊ុន Compass Advertising ក្រុមហ៊ុន Kofi Co., LTD, សាលាអន្តរជាតិ Southbridge International School Cambodia (SISC) និងក្រុមហ៊ុន Amazfit សម្រាប់ការរួមចំណែក យ៉ាងសំខាន់ក្នុងព្រឹត្តិការណ៍នេះក្នុងនាមជាអ្នកឧបត្ថម្ភ នឹងជួយឲ្យកម្មវិធីរត់នេះ ដំណើរការទៅយ៉ាងរលូន និងទទួលបានភាពជោគជ័យ ។ សកម្មភាពមួយនេះគឺបាន សបញ្ជាក់ពីកិច្ចសហការ ដ៏រឹងមាំរបស់ក្រុមហ៊ុនទាំងនេះ ដោយរួមគ្នា ដើម្បីបង្កើតភាពវិជ្ជមាន ក្នុងសហគមន៍របស់យើង ។
បន្ថែមពីនេះទៀត ពួកយើងសូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅដល់ដៃគូសហការដ៏ធំរបស់ យើងគឺ ក្រុមហ៊ុន ប៉េង ហួត គ្រុប សហព័ន្ធខ្មែរអត្តពលកម្មស្ម័គ្រចិត្ត ក្លឹបរត់ KK Running Club និងក្រុមហ៊ុន Compass Advertising សម្រាប់ការជួយសម្របសម្រួលក្នុងព្រឹត្តិការណ៍រត់នេះ ។
ការប្តេជ្ញាចិត្តរបស់ស្ថាប័នទាំងនេះក្នុងការជួយដល់សហគមន៍ក្រីក្រគឺពិតជាបានគាំទ្រដល់បេសកកម្មរបស់អង្គការផ្កាយសមុទ្រ ហើយពួកយើងពិតជាមានមោទនភាពបានរួមសហការជាមួយគ្នា ។
កត់ចំណាំកាលបរិច្ឆេទ និងបបួលមិត្តភក្តិ និងក្រុមគ្រួសាររបស់អ្នកមកចូលរួ មរត់ជាមួយពួក យើងនៅថ្ងៃទី២ ខែមិថុនា ឆ្នាំ២០២៤ នៅ Eco Park 2 ក្នុងបុរី ប៉េង ហួត ហ្រេ្គនស្តាផ្លាទីនីម (បឹងស្នោ) ។ នេះមិនគ្រាន់តែជាការរត់ប៉ុណ្ណោះទេ តែវាជាឱកាស ដែលលោកអ្នកអាចផ្លាស់ប្តូរ ជីវិតកុមារក្រីក្រជាង ៧០០នាក់ ជាមួយនឹងអ្នករត់រាប់ពាន់នាក់ទៀត ដែលមានបេះដូង សប្បុរសធម៌ ។ លើសពីនេះទៅទៀត អ្នកចូលរួមក្នុងព្រឹត្តិការណ៍រត់នេះក៏នឹងទទួលបានអាវ យឺតដ៏ស្រស់ស្អាត ស្លាកសម្គាល់លេខរត់ ទឹកពិសាបរិសុទ្ធ និង អាហារសម្រន់ថែមទៀតផង ។

ការចុះឈ្មោះរត់ សម្រាប់ព្រឹត្តិការណ៍ រត់សប្បុរសធម៌អង្គការផ្កាយសមុទ្រប្រចាំឆ្នាំ២០២៤ នៅតែ បន្តបើកចុះឈ្មោះរហូត ដល់ថ្ងៃកម្មវិធី ។ ប្រភេទចម្ងាយរត់៖ ៣គីឡូម៉ែត្រ និង ១០ម៉ែត្រ ប្រព្រឹត្តិទៅនៅថ្ងៃអាទិត្យ ទី២ ខែមិថុនា ឆ្នាំ២០២៤ ហើយទីកន្លែងនៅEco Park 2 ក្នុងបុរី ប៉េង ហួត ហ្រេ្គនស្តាផ្លាទីនីម (បឹងស្នោ) ចុះឈ្មោះតាមលីងនេះ ៖ https://forms.gle/wx9Hphw5E11jaU11A សម្រាប់ព័ត៌មានលម្អិត សូមចុច join ក្នុង group telegram ព្រឹត្តិការណ៍រត់សប្បុរសធម៌អង្គការ ផ្កាយសមុទ្រ៖ https://t.me/+-WWfwIJWjwowZDM1 អំពីអង្គការផ្កាយសមុទ្រ ៤៩ ភាគរយនៃកុមារកម្ពុជាកំពុងតែរស់នៅក្នុងភាពក្រីក្រ ដែលបណ្តាលមកពីកត្តាផ្សេងៗ ។ ចាប់តាំងពីឆ្នាំ២០០៦មក អង្គការផ្កាយសមុទ្រគឺជាអង្គការក្រៅរដ្ឋាភិបាលនៅកម្ពុជាមួយ ដែល ត្រូវបានទទួលស្គាល់ជាអន្តរជាតិ ដែលបានផ្តល់ឱកាសឲ្យកុមារ ក្រីក្រទទួលបានការអប់រំ សេវា ថែទាំសុខភាព និងកុមារភាព ដែលពួកគេសាកសមនឹង ទទួលបាន ។ កិច្ចគាំទ្ររបស់អង្គការនេះ មានគោលបំណងពង្រីកសក្តានុពលនៃការអប់រំ និងកីឡា ដើម្បីជួយកុមារ និងសហគមន៍ក្រីក្រ ឲ្យចាកផុតពីភាពក្រីក្រ ។

សព្វថ្ងៃនេះ កម្មវិធីអប់រំរបស់អង្គការផ្កាយសមុទ្រ កំពុងតែធ្វើការជាមួយនឹងកុមារ ដែលបោះបង់ ការសិក្សា ឬមិនធ្លាប់បានរៀនសូត្រ ។ ថ្នាក់អប់រំពន្លឿន បង្រៀនពីរថ្នាក់ក្នុងមួយឆ្នាំ ដោយជួយ ឲ្យសិស្សអាចចូលរៀនថ្នាក់ដ៏ សមស្របតាមកម្រិត អាយុរបស់ខ្លួននៅសាលារដ្ឋ ។ ដើម្បីរួម ចំណែកជួយកាត់បន្ថយឧបសគ្គនានា ដែលនាំឲ្យកុមារ បោះបង់ការរៀនសូត្រ អង្គការផ្កាយ សមុទ្រក៏ផ្តល់ការឧបត្ថម្ភគាំទ្រជាឯកសណ្ឋាន សម្ភារៈសិក្សា អាហារនៅសាលារៀន សេវាថែទាំ សុខភាព និងកញ្ចប់អាហារប្រចាំខែសម្រាប់ក្រុមគ្រួសាររបស់ពួកគេទៀតផង ។ ជារៀងរាល់ឆ្នាំ កម្មវិធីអប់រំរបស់អង្គការផ្កាយសមុទ្រ គាំទ្រដល់សិស្សានុសិស្សចំនួន ៧០០នាក់ឲ្យរៀនសូត្រ ចាប់ពីថ្នាក់ពន្លឿនរហូត ដល់ថ្នាក់បឋមសិក្សា មធ្យមសិក្សា ឧត្តមសិក្សា និងរហូតដល់ពួកគេ មានការងារធ្វើសមរម្យ ។ បន្ថែមពីនេះ ក្រុមគ្រួសាររបស់សិស្សជាង ៣,០០០នាក់ក៏ទទួលបាន ការឧបត្ថម្ភគាំទ្រ តាមរយៈគម្រោងផ្សេងៗរបស់អង្គការផងដែរ ។
កម្មវិធីបាល់ទាត់ របស់អង្គការផ្កាយសមុទ្រកំពុងធ្វើការជាមួយបណ្តាញ និងដៃគូនានាយ៉ាង សស្រាក់សស្រាំ ដើម្បីពង្រីកវិសាល ភាពនៃកម្មវិធីនេះ និងបង្កើនឱកាសលេងកីឡា អភិវឌ្ឍ ជំនាញបំណិនជីវិត និងពង្រឹងសុខភាពដល់កុមារ និងយុវជនកាយសម្បទាធម្មតា និងពិការជាង ៤,០០០នាក់នៅខេត្តចំនួន ១៣ក្នុងប្រទេសកម្ពុជា ។

កម្មវិធីនេះមានគោលដៅលើកកម្ពស់ភាព វិជ្ជមានក្នុងសង្គម តាមរយៈការហ្វឹកហាត់បាល់ទាត់រៀងរាល់សប្តាហ៍ ការរៀបចំព្រឹត្តិការណ៍ ប្រកួតបាល់ទាត់នានា និងការបង្រៀនកម្មវិធីសិក្សាបាល់ទាត់សង្គមជាដើម ។
ការចូលរួមក្នុងសកម្មភាព នាក្នុងកម្មវិធីបាល់ទាត់កុមារ និងយុវជនទាំងនេះបានរៀនសូត្រ និងពង្រឹង ជំនាញសំខាន់ៗ ដូចជាការធ្វើការងារ ជាក្រុម ភាពជាអ្នកដឹកនាំ ការកសាងទំនុកចិត្តលើខ្លួនឯង និង ការប្រាស្រ័យទាក់ទង និងជាពិសេស យល់ដឹង កាន់តែច្រើនពីបញ្ហាសង្គមដូចជា សមភាព យេនឌ័រ ការចូលរួមក្នុង សង្គម ការផ្លាស់ប្តូរអាកាសធាតុ និងផលប៉ះពាល់ នៃគ្រឿងញៀនទៀត ផង ។ បន្ថែមពីនេះទៀត ពួកយើងពិតជាមាន មោទនភាពយ៉ាងខ្លាំង ដែលបានក្លាយជាអ្នកត្រួស ត្រាយផ្លូវជួយបង្កើន ការចូលរួមរបស់ស្ត្រី និងជនពិការ ក្នុងវិស័យកីឡា និងប្រើប្រាស់បាល់ទាត់ ជាមធ្យោបាយដ៏សំខាន់ជម្រុញឲ្យមានសមភាព ការចូលរួម និងភាពវិជ្ជមានក្នុងសង្គម៕

Most Popular

To Top