ភ្នំពេញ ៖ លោក តែម ម៉ឺន អនុរដ្ឋលេខាធិការ ក្រសួងការពារជាតិ និងជាអនុប្រធានអចិន្ត្រៃយ៍ ក្រុមប្រឹក្សាកីឡា កងយោធពលខេមរភូមិន្ទថ្ងៃទី៣០ ខែឧសភា ឆ្នាំ២០២៤ បានដឹកនាំក្រុមប្រតិភូ គ្រូបង្វឹក កីឡាករ-កីឡាការិនីតេក្វាន់ដូ នៃក្រុមប្រឹក្សាកីឡាកងយោធពល ខេមរភូមិន្ទ ទៅចូលរួមការប្រកួតកីឡាតេក្វាន់ដូ ជ្រើសរើសជើងឯក កងទ័ពពិភពលោក លើកទី២៧ “The 27th CISM World Military Taekwondo Championships” នៅសាធារណរដ្ឋកូរ៉េ ។

ការប្រកួតខាងលើនេះក្រុមប្រឹក្សាកីឡាកងយោធពល ខេមរភូមិន្ទបានបញ្ជូនក្រុមប្រតិភូ គ្រូបង្វឹក កីឡាករ-កីឡាការិនី ៨ នាក់រួមមានប្រតិភូ១ នាក់ គ្រូបង្វឹក ១ រូប គ្រូជំនួយ ១ រូប អាជ្ញាកណ្តាល ១ រូប កីឡាការិនី ២ រូប និងកីឡាករ ១ រូប ។ ព្រឹត្តិការណ៍ប្រកួតកីឡា The 27th CISM World Military Taekwondo Championships ដែលនឹងប្រព្រឹត្តទៅ ចាប់ពីថ្ងៃទី២៩ ខែឧសភា ដល់ថ្ងៃទី៥ ខែមិថុនា ឆ្នាំ២០២៤ នៅទីក្រុង Mungyeong សាធារណរដ្ឋកូរ៉េ ។

ក្រុមប្រតិភូ គ្រូបង្វឹក កីឡាករ-កីឡាការិនី ៨ នាក់ កម្ពុជាដូចជាលោក តែម ម៉ឺន ជានាយបេសកកម្ម លោក សៀន សុភក្រ្ត ប្រធានក្រុមដឹកនាំ លោក ឆយ យ៉ុងសុក ជាគ្រូបង្វឹក លោក យីវ វណ្ណឌី ជាអាជ្ញាកណ្តាលកម្រិតអន្តរជាតិ លោក រិន ប៊ុនហួត ជាគ្រូជំនួយ កីឡាការិនី ឈន់ ធារ៉ា កីឡាការិនី សុខ ស្រីតូច និងកីឡាករ មៀន សួរស័យយី ។

នេះជាចូលរួមជាលើកដំបូងក្នុងការប្រកួតកីឡាតេក្វាន់ដូជ្រើសរើសជើងឯកកងទ័ពពិភពលោករបស់ក្រុមប្រឹក្សាកីឡាកងយោធពល ខេមរភូមិន្ទ លើប្រភេទកីឡាតេក្វាន់ដូ WT។ ចំណែកកីឡាករ មៀន សួរស័យយិ ប្រកួតលើប្រភេទទម្ងន់ក្រោម ៦៨ គីឡូក្រាម កីឡាការិនី ឈន់ ធារ៉ា ប្រកួតលើប្រភេទទម្ងន់ក្រោម ៤៩ គីឡូក្រាម និងកីឡាការិនី សុខ ស្រីតូច ប្រកួតលើប្រភេទទម្ងន់ក្រោម ៦៧ គីឡូក្រាម ៕





