កីឡា

ក្រុមអត្តពលិកកម្ពុជា ចូលរួមពិធីបើកការ ប្រកួតកីឡាសិស្ស អាស៊ានលើកទី១៣ នៅវៀតណាម

ទីក្រុងដាណាង ៖ ថ្ងៃទី០១ ខែមិថុនា ឆ្នាំ២០២៤ លោក កែ ប៊ុនខៀង ទីប្រឹក្សាសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា រដ្ឋលេខាធិការក្រសួងអប់រំ យុវជន និងកីឡា និងប្រធានសហព័ន្ធកីឡាសិស្ស និស្សិតកម្ពុជា បានដឹកនាំប្រតិភូកីឡាកម្ពុជាចូលរួមពិធីបើកព្រឹត្តិការណ៍ការប្រកួតកីឡាសិស្សអាស៊ានលើកទី១៣ (The 13th ASEAN School Games) នៅទីក្រុង ដាណាង ប្រទេស វៀតណាម ពីថ្ងៃទី៣១ ខែឧសភា ដល់ថ្ងៃទី៩ ខែមិថុនា ឆ្នាំ២០២៤។

ព្រឹត្តិការណ៍ការប្រកួតកីឡាសិស្សអាស៊ានលើកទី១៣ (The 13th ASEAN School Games) ឆ្នាំនេះមាន ៩ ប្រទេសរួមមានប្រទេសកម្ពុជា ប្រទេសថៃ ប្រទេសឡាវ ប្រទេសសិង្ហបុរី ប្រទេសម៉ាឡេស៊ី ប្រទេសឥណ្ឌូនេស៊ី ប្រទេសហ្វីលីពីន ប្រទេសវៀតណាម និងប្រទេសព្រុយណេ ចំណែកប្រទេសមីយ៉ាន់ម៉ា និងប្រទេសទីម័រ ។

ប្រតិភូកីឡាសហព័ន្ធកីឡាសិស្ស និស្សិតកម្ពុជា ចំនួន ៤០រូបលើ ៤ប្រភេទកីឡាទៅចូលរួមការ បកួតកីឡាសិស្ស អាស៊ានលើកទី១៣ (The 13th ASEAN School Games) រួមមានកីឡាអត្តពលកម្ម កីឡាហែលទឹក កីឡាវាយសី និងកីឡាវ៉ូវីណាម ដែលនឹងប្រព្រឹត្តទៅចាប់ពីថ្ងៃទី១ ដល់ថ្ងៃទី៩ ខែមិថុនា ឆ្នាំ២០២៤ នៅ Danang ប្រទេស វៀតណាម។
ប្រភេទកីឡាទំាង ៤ រួមមានប្រភេទកីឡាអត្តពលកម្មមានប្រតិភូកីឡាសរុបចំនួន ៦ រូប អ្នកដឹកនាំក្រុម ១រូប គ្រូបង្វឹក១រូប កីឡាករ ២រូប និងកីឡាការិនី ២រូប ប្រកួតលើវិញ្ញាសា៖វិញ្ញាសាចម្ងាយ ១៥០០ម៉ែត្របុរស វិញ្ញាសាចម្ងាយ ៣០០០ ម៉ែត្របុរស វិញ្ញាសាចម្ងាយ ៣ ០០០ ម៉ែត្រនារី និងលោតចម្ងាយនារី សរុប ៤ វិញ្ញាសា។

ចំណែកប្រភេទកីឡាហែលទឹកមានប្រតិភូកីឡាសរុបចំនួន៦ រូប គ្រូបង្វឹក ២រូប កីឡាករ ២ រូប កីឡាការិនី២រូប ប្រកួតលើវិញ្ញាសាហែលសេរី ៥០ ម៉ែត្រ វិញ្ញាសាហែល ១០០ ម៉ែត្រ បុរស-នារី វិញ្ញាសាហែលមេអំបៅ ៥០ ម៉ែត្រ បុរស-នារី វិញ្ញាសាហែលផ្ងារ Backstroke ៥០ ម៉ែត្រ ១០០ម៉ែត្របុរស- នារី និងវិញ្ញាសាហែល Breastroke ៥០ ម៉ែត្រ ១០០ម៉ែត្រ និង២០០ម៉ែត្រ បុរស-នារី សរុប ១៤ វិញ្ញាសា។

ប្រភេទកីឡាវាយសី មានប្រតិភូកីឡាសុរបចំនួន៧រូប គ្រូបង្វឹក២រូប និងកីឡាករ ៣រូប និងកីឡាការិនី២រូប លើវិញ្ញាសាវាយទោល បុរស-នារី វិញ្ញាសាវាយគួរ បុរស-នារី និងចម្រុះសរុប៩វិញ្ញាសា។រីឯ ប្រភេទកីឡាវ៉ូវីណាម មានប្រតិភូកីឡាសរុបចំនួន ១១ រូបដូចជា គ្រូបង្វឹក ២រូប កីឡាករ ៦រូប និងកីឡាការិនី ០៣រូប លើវិញ្ញា ប្រយុទ្ធទម្ងន់ ៥៥គីឡូក្រាម បុរស ប្រយុទ្ធទម្ងន់ ៥៥គីឡូក្រាម នារី ប្រយុទ្ធទម្ងន់ ៥០គីឡូក្រាម នារី ប្រយុទ្ធទម្ងន់ ៦០គីឡូក្រាម បុរស និងវិញ្ញាសាមេគុនសរុប ១៦ វិញ្ញាសា៕
ដោយ៖លី ភីលីព

Most Popular

To Top