ភ្នំពេញ ៖ ព្រឹត្តិការណ៍ការប្រកួតកីឡា ប្រដាល់គុនខ្មែរមានរហ័សនាម “ការប្រកួតកីឡាប្រដាល់ គុនខ្មែរប៉ុស្តិ៍លេខ៥” លើសង្វៀន TV5 ព្រែកកំពឹស នាថ្ងៃទី១ ខែមិថុនា ឆ្នាំ២០២៤ ការប្រកួតរវាងកីឡាការិនី ឆា ចាន់ដេង និងកីឡាការិនី លីន ស្រីនិត បានទទួលទាក់ទាញការចាប់អារម្មណ៍យ៉ាងខ្លាំងពីសំណាក់អ្នកគាំទ្រ បន្ទាប់ពីកីឡាការិនីទំាង ២នាក់ បានបញ្ចេញសមត្ថភាពអស់ពីខ្លួន។

កីឡាការិនី ឆា ចាន់ដេង និងកីឡាការិនី លីន ស្រីនិត សុទ្ធសឹងជាកីឡាការិនីជើងខ្លាំងនៃប្រភេទកី ឡាគុនខ្មែរ ហើយការប្រកួតរបស់អ្នកទំាង ២ នាក់ទទួលបានការគាំទ្រ ដោយសារកីឡាការិនីទាំង២នាក់បានប្រើស្នៀតទាត់ និងវ៉ៃទៅលើគ្នាទៅវិញទៅមកគ្មានការបង្អងដៃ និងជើងឡើយ។

អ្នកប្រដាល់កម្ពុជា ធា នុរាជ បានយកឈ្នះ អ្នកប្រដាល់ម៉ារ៉ូកូ Muhamad El Mady ដោយពិន្ទុ។ ការប្រកួតរវាងអ្នកទាំង២នាក់ ក៏ទទួលបានការចាប់ខ្លាំងដែរ។ អ្នកប្រដាល់ម៉ារ៉ូកូ Muhamad El Mady មានបទពិសោធន៍ច្រើនគួរសមនៅលើសង្វៀន ដូច្នេះអ្នកប្រដាល់កម្ពុជា ធា នុរាជមានការពិបាកក្នុងការផ្តួលអ្នកប្រដាល់ម៉ារ៉ូកូ ទោះបីអ្នកប្រដាល់កម្ពុជា ធា នុរាជ ខិតខំប្រើស្នៀតពិសេសៗចង់ផ្តួលមុខបញ្ចប់ទឹក ។

អ្នកប្រដាល់កម្ពុជា ធន់ វណ្ណា មជ្ឈមណ្ឌលកីឡាកងយោធពលខេមរភូមិន្ទ បានយកឈ្នះអ្នកប្រដាល់វៀតណាម Nguyen Tien Phal ដោយពិន្ទុ និងអ្នកប្រដាល់កម្ពុជា បឺត សង្ឃឹម សមាគមកីឡាក្រសួងមហាផ្ទៃបានយកឈ្នះអ្នកប្រដាល់ចិន Jian Ronglong ដោយពិន្ទុ៕
ដោយ៖លី ភីលីព

