ភ្នំពេញ ៖ កាលថ្ងៃទី២ ខែមិថុនា ឆ្នាំ២០២៤ លោក គង់ ចាន់ធីណា អគ្គលេខាធិការ និងសិស្សគុនហាប់គីដូ ចំនួន ១១នាក់ បាននាំយកថវិកា របស់ឧកញ៉ាប្រធាន អាណាព្យាបាល សិស្ស ព្រមទាំងសិស្សគុន ទៅប្រគល់ជូនសិស្សហាប់គីដូ សារ៉ាត់ មុន្នីឧត្តម ដែលជួបគ្រោះថ្នាក់ចរាចរណ៍ នៅមន្ទីរពេទ្យមិត្តភាពខ្មែរ-សូវៀត ។
លោក គង់ ចាន់ធីណា បានមានប្រសាសន៍ថា កីឡាករ សារ៉ាត់ មុន្នីឧត្តម អាយុ ១៣ឆ្នាំ ជាកីឡាករមួយរូបនេះ កំពុងធ្វើការហ្វឹកហាត់យ៉ាងសកម្មភាព នៅទីលានរបស់សហព័ន្ធ ដើម្បីត្រៀមខ្លួទៅចូលរួមព្រឹត្តិការណ៍ ការប្រកួតជ្រើសរើសជើងឯកហាប់គីដូពិភពលោក “World I.H.F Hapkido Championship 2024” ដែលនឹងប្រព្រឹត្តនាខែសីហា នៅប្រទេសថៃ ខាងមុខនេះ ប៉ុន្តែបែរជាជួបគ្រោះថ្នាក់ចរាចរណ៍ កាលពីថ្ងៃទី១ ខែមិថុនា ឆ្នាំ២០២៤ បណ្តាលឲ្យរបួសត្រង់ជង្គង់ នឹងត្រូវវះកាត់ នៅមន្ទីរពេទ្យមិត្តភាពខ្មែរ-សូវៀត ។
លោកអគ្គលេខាធិការបានបន្តថា ក្រោយទទួលបានដំណឹងពីគ្រោះថ្នាក់នេះ លោកបានរៀបចំមូលនីធិ ដើម្បីជួយសម្រាលការចំណាយដល់ខាងគ្រួសារ កុមារា សារ៉ាត់ មុន្នីឧត្តម ដែលមានការខ្វះខាត ដោយទឹកប្រាក់មូលនីធិ ទទួលបានពីសប្បុរសជនចំនួយ ១លាន២៧ម៉ឺនរៀល និង ២៧០ដុល្លារ។
ជាចុងក្រោយជំនួសមុខឲ្យអាណាព្យាបាល កុមារា សារ៉ាត់ មុន្នីឧត្តម សូមគោរពអរគុណ ថ្នាក់ដឹកនាំសហព័ន្ធ ដែលលោកតែងតែយកចិត្តទុកដាក់ មកលើកីឡាករ-កីឡាការិនីហាប់គីដូទាំងអស់ និងអរគុណទៅដល់អាណាព្យាបាលសិស្ស ក៏ដូចជាសិស្សគុន ដែលបានចូលរួមក្នុងមូលនីធិមួយនេះ និងសូមជូនពរសប្បុរសជនទាំងអស់ ជួបពុទ្ធពរទាំង៤ប្រការគឺ អាយុ វណ្ណៈ សុខៈ ពលៈ កុំបីឃ្លៀងឃ្លាតឡើយ ៕