វៀតណាម ៖ ប្រទេសកម្ពុជាដណ្តើមមេដាយមាស ២ គ្រឿងក្នុងព្រឹត្តិការណ៍ ការប្រកួតកីឡាសិស្សអាស៊ានលើកទី១៣ ការប្រកួតកីឡាសិស្សវិទ្យាល័យ លើកទី១៣ “13th ASEAN Schools Games ,Da Nang -Vietnam 2024” នាថ្ងៃទី ៤ ខែមិថុនា ឆ្នាំ២០២៤ នៅទីក្រុង ដាណាង ប្រទេស វៀតណាម ។

នាថ្ងៃទី៤ ខែមិថុនា ឆ្នាំ២០២៤ សម្រាប់ប្រភេទវិញ្ញាសាកីឡាវ៉ូវីណាមទទួលបានមេដាយមាស ២ គ្រឿង និងប្រាក់១ គ្រឿង និងមេដាយសំរឹទ្ធិ៤ គ្រឿង សរុប ៧ គ្រឿង ។ កីឡាការិនី អ៊ូ សូលីដា និងកីឡាការិនី សេង សុខលីហ្សា ទទួលបានមេដាយមាស លើវិញ្ញាសាមេគុនដាវក្រុមនារី២នាក់ ចំណែកមេដាយប្រាក់ បានទៅលើប្រទេសឥណ្ឌូនេស៊ី មេដាយសំរឹទ្ធិ បានទៅលើប្រទេសវៀតណាម និងប្រទេសមីយ៉ាន់ម៉ា រីឯមេដាយមាសមួយទៀត បានទៅលើកីឡាករ លឹម សំរឹទ្ធ ទទួលបានមេដាយមាស លើវិញ្ញាសាប្រយុទ្ធលើប្រភេទទម្ងន់ ៥៤ គីឡូក្រាម ហើយមេដាយប្រាក់ បានទៅលើប្រទេសវៀតណាម មេដាយសំរឹទ្ធិ បានទៅលើប្រទេសថៃ និងប្រទេសមីយ៉ាន់ម៉ា ។

ប្រតិភូកីឡាសហព័ន្ធកីឡាសិស្ស និស្សិតកម្ពុជាចំនួន ៤០រូបលើ ៤ប្រភេទកីឡាទៅចូលរួមការបកួតកីឡាសិស្សអាស៊ានលើកទី១៣ (The 13th ASEAN School Games) រួមមានកីឡាអត្តពលកម្ម កីឡាហែលទឹក កីឡាវាយសី និងកីឡាវ៉ូវីណាម ដែលនឹងប្រព្រឹត្តទៅចាប់ពីថ្ងៃទី១ ដល់ថ្ងៃទី៩ ខែមិថុនា ឆ្នាំ២០២៤ នៅ Danang ប្រទេស វៀតណាម៕


