ភ្នំពេញ ៖ នាថ្ងៃទី៥ ខែមិថុនា ឆ្នាំ២០២៤ សហព័ន្ធកីឡាវាយកូនបាល់កម្ពុជាបានប្រកាសបិទ វគ្គបណ្តបណ្តាល អាជ្ញាកណ្តាល ថ្នាក់ជាតិ ២០២៤ ត្រៀមការប្រកួតជ្រើសរើសជើងឯកថ្នាក់ជាតិឆ្នាំ២០២៤ និងព្រឹត្តិការណ៍ការប្រកួតកីឡាជាតិលើកទី៤ ឆ្នាំ២០២៤ មានរយៈពេល៣ថ្ងៃ គឺចាប់ពីថ្ងៃទី៣ដល់៥ ខែមិថុនា ឆ្នាំ២០២៤ នៅអគ្គលេខាធិការដ្ឋានសហព័ន្ធក្នុងហពុកីឡដ្ឋានជាតិរៀបចំដោយសហព័ន្ធ កីឡាវាយកូនបាល់កម្ពុជា ក្រោមការឧបត្ថម្ភថវិកា ពីក្រសួងអប់រំយុវជន និងកីឡា ។

លោក ជា ពៅ អគ្គលេខាធិការរងនៃសហព័ន្ធ បានប្រាប់ឲ្យដឹងថា បានបញ្ជាក់ថា វគ្គបណ្តុះបណ្តាលធ្វើឡើងនេះ មានគោលបំណងពង្រឹងជំនាញដល់មន្រ្តីបច្ចេកទេស របស់សហព័ន្ធឲ្យយល់ដឹង កាន់តែច្បាស់អំពីតួនាទីភារៈក្នុងនាមជាអាជ្ញាកណ្តាល និងមន្រ្តីបច្ចេកទេសឲ្យទទួលខុសត្រូវក្នុងការរៀបចំ ការប្រកួតទាំងថ្នាក់ជាតិ និងអន្តរជាតិ ពិសេសគឺឆ្ពោះទៅព្រឹត្តិការណ៍ការប្រកួតកីឡាយុវជនអាស៊ី ឆ្នាំ២០២៩ កម្ពុជាធ្វើជាម្ចាស់ផ្ទះតែម្តង ។

អគ្គលេខាធិការរងរូបនេះបន្ថែមទៀតថា តាមរយៈវគ្គបណ្តុះបណ្តាលនេះ សិក្ខាកាមទាំងអស់និងយល់ដឹងកាន់តែច្បាស់អំពីតួនាទី ជាមន្រ្តីបច្ចេកទេស រៀបចំការប្រកួត ដើម្បីឲ្យការរៀបចំ ការប្រកួតថ្នាក់ជាតិ និងថ្នាក់អន្តរជាតិ ដែលរៀបចំដោយមន្រ្តី បច្ចេកទេសកម្ពុជា មានកម្រិតស្តង់ដាអន្តរជាតិ។
វគ្គខាងលើកនេះមានសិក្ខាកាមចូលរួម ចំនួន២០នាក់មកពី ៤ រាជធានី ខេត្ត-ក្រុងរួមមានរាជធានីភ្នំពេញ ខេត្តកែប ខេត្តព្រះសីហនុ និងខេត្តសៀមរាប ក្នុងនោះសិក្ខាកាមស្រី្តមានចំនួន ៤ នាក់ និងបុរសមានចំនួន ១៦ នាក់៕
ដោយ៖លី ភីលីព



