កីឡា

ក្រុមអត្តពលិក កីឡាកាយសម្ព័ន្ធ កម្ពុជា ចូលរួម ៩th Junior and Senior Aerobic Gymnastics Asian Championship 2024 នៅវៀតណាម

ភ្នំពេញ ៖ លោក ណយ ផាណា ប្រធានប្រតិភូ និងជាគ្រូបង្វឹក នៃសហព័ន្ធកីឡាកាយសម្ព័ន្ធកម្ពុជា នៅថ្ងៃទី៦ ខែមិថុនា ឆ្នាំ២០២៤ បានដឹកនាំប្រតិភូ គ្រូបង្វឹក គ្រូជំនួយ និងកីឡាករ-កីឡាការិនី ចំនួន ១២ នាក់ទៅចូលរួមព្រឹត្តិការណ៍ ការប្រកួតកីឡាកាយ សម្ព័ន្ធជ្រើសរើសជើងឯក អាអេរូប៊ិកអាស៊ីលើកទី៩ ឆ្នាំ២០២៤ (៩th Junior and Senior Aerobic Gymnastics Asian Championship 2024) ដែលប្រព្រឹត្តទៅចាប់ពីថ្ងៃទី៦ ដល់ថ្ងៃទី១១ ខែមិថុនា ឆ្នាំ២០២៤ នៅទីក្រុងហាណូយ ប្រទេសវៀតណាម ។

លោក ណយ ផាណា បានមានប្រសាសន៍ថា ការប្រកួតកីឡាកាយសម្ព័ន្ធ ជ្រើសរើសជើងឯក អាអេរូប៊ិកអាស៊ីលើកទី៩ ឆ្នាំ២០២៤ កីឡាកាយសម្ព័ន្ធកម្ពុជា បានបញ្ជូនប្រតិភូ គ្រូបង្វឹក គ្រូជំនួយ និងកីឡាករ-កីឡាការិនីចំនួន ១២ នាក់ រួមមារូបលោកជាគ្រូបង្វឹកធំ លោក សោ សុផេង គ្រូជំនួយ កញ្ញា សោ សុគីម គ្រូជំនួយ កីឡាការិនី ម៉ូ ស្រីពៅ កីឡាការិនី ស៊ីវ ចន្ថា កីឡាការិនី ឌឹម អ៊ន ធីតា កីឡាការិនី ណេម សុខហេង កីឡាការិនី ឈួន សុវណ្ណបញ្ញា កីឡាការិនី ណែម មិនា កីឡាការិនី ឈួន ស្រីនាត កីឡាការិនី សួស ស្រីពៅ និងកីឡាករ ត្រន ប៊ុនធឿន ។

លោកគ្រូបានបន្តថា សហព័ន្ធកីឡាកាយសម្ព័ន្ធកម្ពុជា ដឹកនាំដោយលោកបណ្ឌិតទេសមន្ត្រី ប្រធានសហព័ន្ធ កីឡាកាយសម្ព័ន្ធកម្ពុជា តែងតែយកចិត្តទុកដាក់ខ្ពស់ ក្នុងការជំរុញលើកទឹកចិត្ត ឲ្យហ្វឹកហាត់ និងចូលរួមការប្រកួត ឲ្យបានច្រើនតាម ផែនការអភិវឌ្ឍ កីឡាកាយសម្ព័ន្ធប្រចាំឆ្នាំ ។ ការប្រកួតនេះ មានសារសំខាន់ ក្នុងការពង្រឹងសមត្ថភាព និងបង្កើនបទពិសោធន៍ ប្រកួត ពិសេសពង្រឹង ស្មារតីប្រកួតដល់កីឡាករ- កីឡាការី និកាយសម្ព័ន្ធ ជម្រើសជាតិ ឲ្យកាន់តែមានស័ក្ដិសិទ្ធិភាព និងមុតស្រួច ។

លោក ផាណា បានបញ្ជាក់ថា ការប្រកួតលើកនេះ មានសារសំខាន់ ចំពោះក្រុមះត្តពលិកក្នុងការ វាស់ស្ទង់សមត្ថភាពបច្ចេកទេស នៃការហាត់ហ្វឹកហ្វឺន កន្លងមក ដើម្បីឆ្ពោះទៅរកឧត្តមភាព ជូនជាតិមាតុភូមិក្នុងព្រឹត្តិការណ៍អន្តរជាតិនានាក្នុងឆ្នាំ២០២៤ និងកីឡា SEA GAME លើកទី៣៣ ឆ្នាំ២០២៥ នៅប្រទេសថៃ ។ រាល់ការប្រកួតមិនមែនបទពិសោធន៍ឡើយ យើងត្រូវដាក់គោលដៅ ដើម្បីទទួលយកគុណផល និងលទ្ធផលជូនប្រទេសជាតិ ចំពោះការប្រកួតលើនេះ ក្រុមកីឡាកាយសម្ព័ន្ធកម្ពុជា នឹងខិតខំប្រឹងប្រែង ឲ្យអស់ពីសមត្ថភាព ទាំងកម្លាំងកាយ កម្លាំងចិត្តដើម្បី ទទួលបានលទ្ធផលល្អ ។

លោកបានបន្ថែមទៀតថា តាំងនាមប្រធានប្រតិភូ និងជាគ្រូបង្វឹកនៃសហព័ន្ធកីឡាកាយសម្ព័ន្ធកម្ពុជា សូមថ្លែងអរគុណដល់ក្រសួងអប់រំ យុវជន និងកីឡា គណៈកម្មាធិការជាតិអូឡាំពិកកម្ពុជាដែលតែងតែជំរុញ និងលើកទឹកចិត្តចំពោះប្រតិភូ គ្រូបង្វឹក គ្រូជំនួយ និងកីឡាករ-កីឡាការិនីកីឡាកាយសម្ព័ន្ធកម្ពុជា ៕

Most Popular

To Top