ភ្នំពេញ ៖ លោក សំ វ៉ាន់ដេត អ្នកគ្រប់គ្រង សាលាបាល់ទាត់ និងជានាយកបច្ចេកទេស នៃក្លឹបបាល់ទាត់ព្រះខ័ន រាជស្វាយរៀង បានបង្ហាញក្តីប្រាថ្នាធំ របស់លោក ចង់ចូលដឹកនាំក្រុមបាល់ទាត់ កម្រិតយុវជនរបស់កម្ពុជា ដូចជាយុវជនក្រោម១៩ ឬយុវជនក្រោម២៣ ឆ្នាំសម្រាប់ការព្រឹត្តិការណ៍ ការប្រកួតកីឡា SEA GAME ជាដើម ប្រសិនបើលោក ទទួលបានឱកាសពីថ្នាក់ដឹកនាំ សហព័ន្ធកីឡាបាល់ទាត់កម្ពុជា (FFC) ។
លោក សំ វ៉ាន់ដេត បានបន្តថា បានចាកចេញ ពីតំណែង ជាគ្រូបង្គោលនាឆ្នាំ២០១៨ ក្រោយពេលលោកជួយ ឲ្យក្រុមនេះ គ្រងជើងឯក ពានរង្វាន់សម្ដេច ។ ក្រោយចាកចេញ ពីការដឹកនាំក្នុងនាមជាគ្រូធំ លោកក៏បានទៅជួយការងារ ជាគ្រូបង្គោលស្ម័គ្រចិត្ត របស់ក្រុមបាល់ទាត់អាស៊ីអឺរ៉ុប នៅឆ្នាំ២០១៩ ជាពេលដែលលោកកំពុង សិក្សាយកគ្រូកម្រិត A License ។ រហូតមកដល់ពេលនេះ លោកបានបញ្ចប់ការសិក្សាយកគ្រូកម្រិត A License បានរយៈពេល៣ឆ្នាំមកហើយ ក៏ជាពេលដែលលោកបង្ហើប ពីក្ដីស្រមៃក្នុងការងាក ចូលដឹកនាំក្រុមបាល់ទាត់វិញ។
លោកបានបើកបេះដូងបង្ហាញ ឆន្ទៈរបស់លោកដោយក្តីរីករាយថា សម្រាប់ការងារជាអ្នកគ្រប់គ្រង និងជានាយកបច្ចេកទេស នៅក្លឹបព្រះខ័នរាជស្វាយរៀង គឺ មានការលំបាកត្រង់ថា លោកមិនបានចូលរួមបង្ហាត់កីឡាករផ្ទាល់ ប៉ុន្តែបានប្រឹក្សាយោបល់ ជាមួយក្រុមគ្រូបង្វឹករបស់ក្លឹប មួយរយៈពេលកន្លងមកនេះ។
កាលពីលោក សំ វ៉ាន់ដេត នៅដឹកនាំជាគ្រូបង្គោលក្លឹបព្រះខ័នរាជស្វាយរៀង (ឈុតធំ) គឺលោកមានអាជ្ញាបណ្ណ AFC កម្រិត B ដោយតម្រូវការ របស់សហព័ន្ធកីឡាបាល់ទាត់កម្ពុជា FFC ក៏ដូចជាសហព័ន្ធកីឡាបាល់ទាត់អាស៊ី AFC គឺគ្រប់គ្រូបង្គោល នៃក្លឹបបាល់ទាត់នីមួយៗត្រូវមាន អាជ្ញាបណ្ណ គ្រូបង្វឹកកម្រិត A (AFC) ដើម្បីអាចដឹកនាំកីឡាករប្រកួត លីគអាជីព ក៏ដូចជាពានរង្វាន់ក្លឹបលំដាប់ ទ្វីបអាស៊ីជាដើម ។
បច្ចុប្បន្ន លោក សំ វ៉ាន់ដេត កំពុងកាន់អាជ្ញា បណ្ណគ្រូបង្វឹកកម្រិត A (AFC) ដោយលោកបានបញ្ចប់វគ្គនេះ រយៈពេល៣ឆ្នាំមកហើយ។ បើទោះបីជា អតីតគ្រូបង្គោលរូបនេះបាត់ឈ្មោះបោះសំឡេងមួយរយៈចុងក្រោយនេះក្តី ក៏លោកនៅតែទទួលបានការឧបត្ថម្ភគាំទ្រយ៉ាងពេញទំហឹងពីប្រធានក្លឹបព្រះខ័នរាជស្វាយរៀង លោក ឌី វិជ្ជា ជានិច្ច។
មានការណែនាំឲ្យ លោកទៅដឹកនាំក្លឹបបាល់ទាត់ក្នុងស្រុក ក៏ដូចជាក្លឹបនៅប្រទេសវៀតណាម ប៉ុន្តែលោកមិនបាន ព្រមព្រៀងនោះឡើយ ដ៏រាបណាលោក នៅតែស្ថិតនៅក្នុងអាជីពបាល់ទាត់ ហើយតែងតែទទួលបានការគាំទ្រ ពីប្រធានក្លឹបព្រះខ័នរាជស្វាយរៀង ដោយលោកចាត់ទុកថា ប្រធានក្លឹបព្រះខ័នរាជស្វាយរៀង គឺជាអាណាព្យាបាល ជាអ្នកមានគុណធំធេង សម្រាប់រូបលោក ដោយលោក សំ វ៉ាន់ដេត អាចរស់នៅក្លឹបនេះរហូតដល់ បញ្ចប់អាជីពដឹក នាំបច្ចេកទេសបាល់ទាត់ ។ ប្រសិនបើប្រធានក្លឹបព្រះខ័នរាជស្វាយរៀង អនុញ្ញាតឱ្យលោក ទៅដឹកនាំក្រុមនៃក្លឹបណាមួយ លោកនឹងទៅក្លឹបនោះ ទោះបីជាក្លឹបណាមួយនោះ បែបណាក្តី ។
លោក សំ វ៉ាន់ដេត បនបញ្ជាក់ថា ការខិតខំប្រឹងប្រែងរៀន សូត្រក្នុងនាំជាគ្រូបង្វឹក គឺតែងតែចង់ដឹកនាំកីឡាករ ចូលរួមការប្រកួត ប៉ុន្តែក្លឹបអាជីពធំៗ មិនប្រើប្រាស់ការដឹកនាំតែម្នាក់ឯងនោះទេ ដោយដឹកនាំលក្ខណៈក្រុមគ្រូបង្វឹក ដើម្បីភាពជោគជ័យ ហើយបើយកខ្ញុំទៅដឹកនាំម្នាក់ឯង គិតថាជោគជ័យ គឺមិនអាចទៅរួចនោះទេ។ បើក្រឡេកមើលក្លឹបធំៗនៅស្រុកខ្មែរ ជាពិសេសគឺក្លឹបដែលដឹកនាំដោយគ្រូបង្វឹកជាជនជាតិបរទេស គឺពួកគាត់មិនដែលមកដឹកនាំម្នាក់ឯកនោះទេ ពោលគឺដឹកនាំលក្ខណៈជាក្រុមគ្រូបង្វឹក បើដឹកនាំតែម្នាក់ឯកនឹងអាចប្រឈមមុខនឹងភាពបរាជ័យ ។
គួររម្លឹកថា លោក សំ វ៉ាន់ដេត ជាអតីតកីឡាករបាល់ទាត់ នៅក្លឹបព្រះខ័នរាជស្វាយរៀង ហើយក្រោយមក លោកបានអភិឌ្ឍន៍ ខ្លួនក្លាយជាគ្រូជំនួយ និង ក្លាយជាគ្រូបង្គោលឈុតធំ ហើយបានដឹកនាំក្រុមក្លឹបព្រះខ័នរាជស្វាយរៀង ជោគជ័យឈ្នះជើងឯកពានរង្វាន់សម្តេចតេជោ ហ៊ុន សែន ៣រដូវកាល និងឈ្នះជើងឯកលីគផងដែរ។ ក្នុងរយៈពេលជាង ២០ឆ្នាំនៃការប្រកបអាជីពបាល់ទាត់ ជាកីឡាករ និងជាគ្រូបង្វឹក រហូតដល់អ្នកគ្រប់គ្រង-នាយកបច្ចេកទេស ក្លឹបព្រះខ័នរាជស្វាយរៀង នាពេលបច្ចុប្បន្ន គឺអាស្រ័យដោយមានការគាំទ្រទំនុកបម្រុងពីប្រធានក្លឹបទាំង ៣-៤ ជំនាន់ ដែលប្រធានក្លឹបព្រះខ័នរាជស្វាយរៀងទាំងអស់ ត្រូវបានលោក សំ វ៉ាន់ដេត ចាត់ទុកថា ប្រៀបបានជាឪពុក ឬអាណាព្យាបាល របស់លោកយ៉ាងដូច្នេះដែរ ៕