បរទេស ៖ កំពូលកីឡាករបាល់ទាត់ ជនជាតិព័រទុយហ្គាល់ Cristiano Ronaldo បានសម្រាកលំហែកាយមួយសប្តាហ៍ ពេញជាមួយមិត្តស្រី ដែលជាតារាម៉ូដែល នាង Georgina Rodriguez និងកូនៗ របស់លោក មុនពេលចូលរួមជាមួយ ក្រុមបាល់ទាត់ជម្រើសព័រទុយហ្គាល់ ក្នុងព្រឹត្តិការណ៍ការប្រកួតកីឡា Euro 2024 នៅប្រទេសអាល្លឺម៉ង់ ។
កីឡាករឆ្នើម Ronaldo បានបង្ហោះ រូបថតមួយសន្លឹក នៅលើ Instagram បង្ហាញពីរាងកាយ របស់លោកបង្អួតសាច់ដុំក្នុងអំឡុង ពេលវិស្សមកាល នៅរមណីយដ្ឋាន មួយនៅសមុទ្រ ក្រហមកាលពីដើមសប្តាហ៍នេះ ។ កីឡាករខ្សែប្រយុទ្ធវ័យ ៣៩ ឆ្នាំ ក៏បានបង្ហោះរូបថតជាមួយមិត្តស្រី របស់លោក នាង Georgina Rodriguez និងកូន ៥ នាក់ របស់លោកនៅរមណីយដ្ឋាន ដែលមាននិមិត្តសញ្ញាបេះដូង ។
លោកត្រូវបានគេនិយាយថា កំពុងសាងសង់សណ្ឋាគារ នៅលើកោះដាច់ស្រយាលមួយ ក្បែររមណីយដ្ឋាននេះ។ ចំណែកនាង Rodriguez ក៏បានបង្ហោះរូបថតជាច្រើនសន្លឹក អំឡុងពេលវិស្សមកាលជាមួយនឹងចំណងជើងថា “My world”ដែរ ។
លោក Ronaldo និងកូនប្រុសច្បង Cristiano Jr. ស្ថិតនៅក្នុងអាងហែលទឹកក្បែរសមុទ្រ ។ ខ្សែប្រយុទ្ធជើងចាស់រូបនេះ បានសម្រាកមួយសប្តាហ៍ មុនពេលចូលរួមជាមួយមិត្តរួមក្រុម ដើម្បីចូលរួមព្រឹត្តិការណ៍ Euro 2024 នៅប្រទេសអាល្លឺម៉ង់ ៕
ដោយ៖លី ភីលីព