ភ្នំពេញ ៖ អ្នកប្រដាល់ នៅ វ៉ាន់ថន ក្លិបសុភាពគុនខ្មែ នៃសមាគមកីឡាកងយោធពលខេមរភូមិន្ទ បានគ្រងខ្សែក្រវាត់ប្រភេទទម្ងន់ ៥៨ គីឡូក្រាម ក្នុងព្រឹត្តិការណ៍ ការប្រកួតកីឡាប្រដាល់គុនខ្មែរ មានរហ័សនាម “ការប្រកួតកីឡាប្រដាល់ គុនខ្មែរប៉ុស្តិ៍លេខ៥” លើសង្វៀន TV5 ព្រែកកំពឹស នាថ្ងៃទី៨ ខែមិថុនា ឆ្នាំ២០២៤ បន្ទាប់ពីអ្នកប្រដាល់រូបនេះ បានឈ្នះអ្នកប្រដាល់ រឿប វិច្ឆិកា ក្លិបរាហ៊ូកីឡា នៃសមាគមកីឡា កងយោធពលខេមរភូមិន្ទ ។

ការប្រកួតដណ្តើម ខ្សែក្រវាត់ ប្រភេទទម្ងន់ ៥៨ គីឡូក្រាម មានអ្នកប្រដាល់កម្ពុជា ចំនួន ៨ នាក់ ដោយធ្វើការប្រកួតលក្ខណៈម៉ារ៉ាតុង ហើយការប្រកួត ជ្រើសរើស យកតែអ្នកប្រដាល់ ២ រូប ឡើងទៅវគ្គផ្តាច់ព្រ័ត្រ ដូច្នេះអ្នកប្រដាល់ នៅ វ៉ាន់ថន ក្លិបសុភាពគុនខ្មែរ នៃសមាគមកីឡា កងយោធពលខេមរភូមិន្ទ ប៉ះអ្នកប្រដាល់ រឿប វិច្ឆិកា ក្លិបរាហ៊ូកីឡា នៃសមាគមកីឡាកងយោធពលខេមរភូមិន្ទ ។

ចំពោះការប្រកួតរវាងអ្នកប្រដាល់ នៅ វ៉ាន់ថន និងអ្នកប្រដាល់ រឿប វិច្ឆិកា បានប្រើស្នៀតទាត់ និងវ៉ៃទៅលើគ្នាទៅវិញទៅមកគ្មានការបង្អងដៃ និងជើងឡើយ ដើម្បីផ្តួលគូរប្រកួតរៀងៗខ្លួន ប៉ុន្តែអ្នកប្រដាល់ រឿប វិច្ឆិកា មិនអាចផ្តួលអ្នកប្រដាល់ នៅ វ៉ាន់ថនបានឡើយ បែរជាផ្តល់ឱកាសអ្នកប្រដាល់ នៅ វ៉ាន់ថនវាយបកទៅលើអ្នកប្រដាល់ រឿប វិច្ឆិកា វិញ ចប់៣ ទឹក ចៅក្រមទំាង ៥ សម្រេចឲ្យអ្នកប្រដាល់ នៅ វ៉ាន់ថន គ្រងខ្សែក្រវាត់ប្រភេទទម្ងន់ ៥៨ គីឡូក្រាមតែម្តង៕


