ភ្នំពេញ ៖ លោក វ៉ាត់ ចំរើន រដ្ឋលេខាធិការ ក្រសួងអប់រំ យុវជន និង កីឡា និងជាអគ្គលេខាធិការ គណៈកម្មាធិការជាតិ អូឡាំពិកកម្ពុជា បានមានប្រសាសន៍ថា ព្រឹត្តិការណ៍ការប្រកួត កីឡាយុទ្ធគុន ចម្រុះជ្រើសរើសជើងឯក អាស៊ីលើកទី ២ ឆ្នាំ២០២៤ នៅប្រទេសកម្ពុជា គិតត្រឹមពេលនេះមាន ១៧ ប្រភេទបានចុះឈ្មោះចូលរួមការប្រកួតហើយ ខណៈលោកមានក្តីសង្ឃឹម អាចនឹងមាន២០ប្រទេស ជាងជាក់ជាមិនខាន់ឡើយ ។

លោក វ៉ាត់ ចំរើន បានលើកឡើងបែបនេះ ក្នុងឱកាសពិធីសន្និសិទសារព័ត៌មាន ស្តីពីការសម្ភោធជាផ្លូវការ ការចុះឈ្មោះជាសមាជិក VIP Sports និងការលក់សំបុតព្រឹត្តិការណ៍ ការប្រកួតកីឡាយុទ្ធគុនចម្រុះជ្រើសរើស ជើងឯកអាស៊ីលើកទី ២ ឆ្នាំ២០២៤ នៅថ្ងៃទី១២ ខែមិថុនា ឆ្នាំ២០២៤ ក្នុងសាលប្រជុំ នៃគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា ព្រឹត្តិការណ៍នេះ សហការរៀបចំដោយគណៈកម្មាធិការជាតិ អូឡាំពិកកម្ពុជា, សហព័ន្ធកីឡាយុទ្ធគុន ចម្រុះអាស៊ី(AMMA), សហព័ន្ធកីឡាយុទ្ធគុនចម្រុះកម្ពុជា និងក្រុមហ៊ុន VIP Sports ។

លោកអគ្គលេខាធិការ NOCC បានបន្តថា ការប្រកួតខាងលើកនេះ នឹងប្រព្រឹត្តិទៅចាប់ថ្ងៃទី១១ដល់ថ្ងៃទី១៣ ខែកក្កដា ឆ្នាំ២០២៤ នៅវិមាន នៃពហុកីឡដ្ឋានជាតិ ដែលអាចផ្ទុកអ្នកទស្សនា បានជាង ៣០០០នាក់ ហើយការប្រកួតនេះចាត់ទុក ជាព្រឹត្តិការណ៍ដ៏ធំមួយ សម្រាប់យុទ្ធគុនចម្រុះ និងជាព្រឹត្តិការណ៍លើកកម្ពស់យុទ្ធគុនចម្រុះខ្មែរផងដែរ។ ការប្រកួតមាន ១៧ ប្រភេទបានចុះឈ្មោះ ចូលរួមការប្រកួត រួមមានកម្ពុជា កៀគីស្ថាន កូរ៉េខាងត្បូង កាហ្សាក់ស្ថាន ចិនតៃប៉ិ ឥណ្ឌូនេស៊ី សិង្ហបុរី ប៉ារ៉ែន ចិនម៉ាកាវ ម៉ុងហ្គោលី ចិន ថៃ ម៉ាឡេស៊ី ហុងកុង តាហ្ស៊ីស្ថាន ប៉ាគីស្ថាន និងប្រទេសឥណ្ឌា ។

លោកបានបន្ថែមថា ការប្រកួតធ្វើឡើង ដើម្បីក្នុងគោលបំណងជួយកីឡាករ-កីឡាការិនីកម្ពុជា ចូលរួមការប្រកួតកម្រិតខ្ពស់ របស់យុទ្ធគុន និងទី២ ឲ្យកីឡាករ-កីឡាការិនីកម្ពុជា យល់ដឹងការប្រកួតមានក្រិតក្រម បទបញ្ជា និងវិន័យនៅក្នុងចរនាការប្រកួតកម្រិតអន្តរជាតិ មិនមែនប្រកួតប្រជែងគ្នា យកលាភសការៈ គឺប្រកួតប្រកួតដើម្បីយកពិន្ទុ និងកិត្តិយស សម្រាប់ប្រទេសជាតិនីមួយៗ ។
ដោយ៖លី ភីលីព


