ភ្នំពេញ ៖ លោក សាយ សំអាល់ ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួង រៀបចំដែនដី នគរូបនីយកម្ម និងសំណង់ និង ជាអនុប្រធានសហភាព សហព័ន្ធយុវជនកម្ពុជា ព្រមទាំងប្រធានកិត្តិយស សហព័ន្ធ និងលោក ឡាំង អូណា ប្រធានសហព័ន្ធកីឡាឡើងភ្នំកម្ពុជា បានអញ្ជើញចូលរួមក្រោមអធិបតី ពិធីបិទសិក្ខាសាលា ស្តីពីវគ្គបណ្តុះបណ្តាលបច្ចេកទេសកីឡាឡើងភ្នំកម្រិតបឋម និង គ្រូបង្វឹកកម្រិត១-២ (ឆ្នាំ២០២៤) នៅរសៀលថ្ងៃទី១៣ ខែមិថុនា ឆ្នាំ២០២៤ នាអគារខេមរានីទីស្នាក់ការ សហភាពសហព័ន្ធយុវជនកម្ពុជារាជធានីភ្នំពេញ ។

លោក ឡាំង អូណា ប្រធានសហព័ន្ធកីឡាឡើងភ្នំកម្ពុជា បានធ្វើរបាយការណ៍លទ្ធផលវគ្គបណ្តុះបណ្តាល រយៈពេល៣ថ្ងៃថា សិក្ខាកាមទាំង ៧៤ នាក់បានយល់ដឹង កាន់តែច្បាស់ អំពីបច្ចេកទេស និងបរិក្ខាផ្សេងៗរបស់កីឡាឡើងភ្នំ ជាពិសេសយល់ដឹងកាន់តែច្បាស់ ពីវិធីសាស្ត្រនៃការជួយ សង្រ្គោះមិត្តរួមក្រុម ។ វគ្គនេះមានរយៈពេល៣ ចាប់ពីថ្ងៃទី១១ ដល់ថ្ងៃទី១៣ ខែមិថុនា ឆ្នាំ២០២៤ និងរៀបចំឡើងមានគោលបំណង ដើម្បីអភិវឌ្ឍកីឡាឡើងភ្នំនៅកម្ពុជា ឲ្យមានការរីកចម្រើនទទួលបានជោគជ័យ និងមានប្រសិទ្ធភាពខ្ពស់ ស្របតាមលក្ខន្តិកៈ និងយុទ្ធសាស្ត្រ របស់រាជរដ្ឋាភិបាល សហព័ន្ធកីឡាឡើងភ្នំកម្ពុជា ។

លោកឧបនាយករដ្ឋមន្រ្តីសាយ សំអាល់ បានមានប្រសាសន៍ថា សព្វថ្ងៃនេះ ប្រភេទកីឡាឡើងភ្នំ បាននឹងកំពុងទាក់ទាញចំណាប់អារម្មណ៍យ៉ាងខ្លាំង ពីសំណាក់ប្រជាជនកម្ពុជា ហើយកីឡាគឺជាបំណែកថ្មីមួយនៃជីវិតថ្មី របស់ប្រជាជនកម្ពុជា ស្របទៅតាមគោលបំណងការប្រែក្លាយកម្ពុជាឲ្យទៅជារដ្ឋទំនើប ដែលមានយុទ្ធសាស្ត្រចតុកោណ គោលនយោបាយទាំង៦ នឹងវិធានទាំង៥ របស់សម្តេចមហាបរវធិបតី ហ៊ុន ម៉ាណែត ជាផែនទីឯកភាព ក្នុងការអនុវត្តន៍ចក្ខុវែងឆ្ងាយ របស់កម្ពុជា ។

លោកប្រធានបានបន្តថា ប្រភេទកីឡាឡើងភ្នំកម្ពុជា ត្រូវបានទទួលស្គាល់ទាំងថ្នាក់ជាតិ និងអន្តរជាតិ ហើយវិស័យកីឡានេះ ក៏បានរួមចំណែកទាក់ទាញភ្ញៀវ ទេសចរអន្តរជាតិមកលេងកម្សាន្តនៅព្រះរាជាណាចក្រកម្ពុជា ដោយសារកីឡាឡើងភ្នំពេញជនជាតិបរទេសចូលចិត្តឡើងភ្នំខ្ពស់ៗ ។ សព្វថ្ងៃនេះប្រជាជនកម្ពុជាយើងក៏មានសមត្ថភាពមិនចាញ់ជនរទេសឡើយ យើងក៏អាចឡើងភ្នំខ្ពស់ ជាពិសេសប្រភេទកីឡាឡើងភ្នំ កីឡាករ-កីឡាការីនី ធ្លាប់ដណ្តើមមេដាយ កម្រិតអន្តរជាតិទៀតផង ។
ក្រោមការប្រើប្រាស់ថវិកា ឧបត្ថម្ភប្រចាំឆ្នាំរបស់ក្រសួងអប់រំ យុវជន និងកីឡា ៕
ដោយ៖លី ភីលីព



