ភ្នំពេញ ៖ លោកបណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡា និងជាប្រធានខេមរសហព័ន្ធ តេក្វាន់ដូ លោក PARK Jung-Wook ឯកអគ្គរដ្ឋទូតសាធារណរដ្ឋកូរ៉េ ប្រចាំព្រះរាជាណាចក្រកម្ពុជា បានអញ្ជើញជាកិត្តិយស ក្នុងពិធីប្រកួតកីឡាតេក្វាន់ដូ WT ពានរង្វាន់ឯកអគ្គរដ្ឋទូត សាធារណរដ្ឋកូរ៉េ ឆ្នាំ២០២៤ “Korean Ambassador’s Cup 2024” នាថ្ងៃទី១៣ ខែមិថុនា ឆ្នាំ២០២៤ នៅសាលតេក្វាន់ ដូប៊ូយ៉ុង-ខ្មែរ ក្នុងពហុកីឡដ្ឋានជាតិ អូឡាំពិក ។

លោក បណ្ឌិត ជ្រិន សុធា អគ្គលេខាធិការ ខេមរសហព័ន្ធតេក្វាន់ដូ បានមានប្រសាសន៍ថា ការប្រកួតតេក្វាន់ដូពានរង្វាន់ ឯកអគ្គរដ្ឋទូតសាធារណរដ្ឋកូរ៉េ បានរៀបចំធ្វើការប្រកួត ចាប់តាំងពីឆ្នាំ២០១៤ រហូតមកដល់ឆ្នាំ២០២៤នេះ មានរយៈពេល ១០ឆ្នាំ ប៉ុន្តែអាក់ខាន ២ឆ្នាំ គឺឆ្នាំ២០២០ និងឆ្នាំ២០២១ ដោយសារវិបត្តិជំងឺកូវីត-១៩ ហើយចាប់ផ្តើមដំណើរការការប្រកួតវិញ ក្នុងឆ្នាំ២០២២ តាមរយៈ Online និងឆ្នាំ២០២៣ នៅរាជធានីភ្នំពេញ ក្នុងសាលហ្វឹកហាត់តេក្វាន់ដូប៊ូយ៉ុង-ខ្មែរ ក្រោមការឧបត្ថម្ភគាំទ្រពីស្ថានទូតសាធារណរដ្ឋកូរ៉េប្រចាំព្រះរាជាណាចក្រកម្ពុជា និងសហការឧបត្ថម្ភពីក្រុមហ៊ុន Samsung Electronics ។

លោកបានបន្តថា រួមផ្សំនឹង ការប្រកួតតេក្វាន់ដូជើង ឯកថ្នាក់ជាតិ កីឡាជាតិ និងការប្រកួតកីឡាសិស្ស- និស្សិត ថ្នាក់ជាតិក្រោមការ ឧបត្ថម្ភគាំទ្ររបស់រាជរដ្ឋាភិបាលតាមរយៈក្រសួងអប់រំ យុវជន និងកីឡា គណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា និងសហព័ន្ធអន្តរជាតិ ប៉ុន្មានឆ្នាំនេះខេមរសហព័ន្ធតេក្វាន់ដូ ទទួលបាននូវធនធានកីឡាករកីឡាការិនីល្អៗ មួយចំនួន ក្នុងការចូលរួម ប្រកួតតេក្វាន់ដូលើឆាកអន្តរជាតិនានា ព្រមទាំងទទួលបាននូវមេដាយមាស មេដាយប្រាក់ និងមេដាយសំរឹទ្ធិ ជាច្រើន ជូនជាតិមាតុភូមិផងដែរ ។

លោកបណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន បានមានប្រសាសន៍ថា ក្នុងនាមខេមរសហព័ន្ធតេក្វាន់ដូ និង ខ្លួនខ្ញុំផ្ទាល់ សូមកោតសរសើរ និងថ្លែងអំណរគុណយ៉ាង ជ្រាលជ្រៅដល់គណៈកម្មាធិការប្រតិបត្តិសហព័ន្ធ និងបណ្ឌិត្យសភាតេក្វាន់ដូកម្ពុជា បានរៀបចំការប្រកួត Korean Ambassador’s Cup Taekwondo Competition 2024 ប្រកបដោភាព ជោគជ័យ និងប្រព្រឹត្តទៅដោយរលូន ដោយរក្សាបាន នូវសុវត្ថិភាព-សុខភាព ដល់អ្នកចូលរួម ក៏សូមអរគុណដល់ក្មួយៗកីឡាករ-កីឡាការិនីទាំងអស់ ដែលបានគោរព នូវបទបញ្ជាប្រកួតបានយ៉ាងល្អប្រសើរ ។

លោកឧបនាយករដ្ឋមន្ត្រី បានថ្លែងថា សូមថ្លែងអំណរគុណដល់ ស្ថានទូតសាធារណរដ្ឋកូរ៉េបានឧបត្ថម្ភគាំទ្រ និងផ្តល់ឱកាសដល់ប្រភេទកីឡាតេក្វាន់ដូWT ដើម្បីផ្សព្វផ្សាយក្បាច់គុន ដល់ប្រជាពលរដ្ឋទូទៅផង ក៏ដូចជាការផ្តល់ឱកាសដល់ក្មួយៗកីឡាករ-កីឡាការិនីកីឡាតេក្វាន់ដូWTកម្ពុជា បានប្រកួតបង្ហាញ នូវសមត្ថភាពបច្ចេកទេស និងទេពកោសល្យរៀងៗខ្លួន ពីការប្រកួត Korean Ambassador’s Cup Taekwondo Competition 2024 គឺដើម្បីវាស់ស្ទង់កម្រិតបច្ចេកទេសបន្ថែម ដល់កីឡាករ-កីឡាការិនីទាំងអស់ ត្រៀមចូលរួមការប្រកួតកីឡាតេក្វាន់ដូ ជាលក្ខណៈអន្តរជាតិនានា និងត្រៀមឆ្ពោះទៅការប្រកួតកីឡា យុវជនអាស៊ីលើកទី៥ (5th Asian Youth Games) នាឆ្នាំ២០២៩ ដែលព្រះរាជាណាចក្រកម្ពុជា ទទួលធ្វើជាម្ចាស់ផ្ទះខាងមុខ ៕
ដោយ៖លី ភីលីព







