ខ្សែប្រយុទ្ធអាហ្សង់ទីន លោក Lionel Messi នៅតែបញ្ជាក់ជំហរថា ខ្លួននឹងមិនធ្វើជាគ្រូបង្វឹកបាល់ទាត់នោះទេ ក្រោយពេលដែលអាជីព ជាកីឡាកររបស់ខ្លួនបានបញ្ចប់នាពេលខាងមុខ ។ នេះបើតាមការលើកឡើង របស់កីឡាកររូបនេះ ប្រាប់ទៅកាន់សារព័ត៌មាន ESPN Argentina កាលពីពេលថ្មីៗនេះ។

បុរសវ័យ ៣៦ឆ្នាំរូបនេះ កំពុងតែប្រកបអាជីព នៅក្លឹបអាមេរិក របស់អតីតកីឡាករល្បី របស់អង់គ្លេសលោក David Beckham គឺក្លឹប Inter Miami។
ស្របពេលដែលខ្លួនមានវ័យរាងជ្រេ លោក Messi បាននិយាយពាក់ព័ន្ធនឹងអនាគតរបស់ខ្លួនថា៖ «ខ្ញុំតែងតែនិយាយថា ខ្ញុំមិនមើលឃើញខ្លួនឯងជាគ្រូបង្វឹកបាល់ទាត់នោះទេ។ ខ្ញុំមិនចង់តែម្ដង» ។

យ៉ាងណាមិញ លោកបានបន្ថែមថា អនាគតប្រមើរមើលមិនឃើញនោះទេ។
«តែណ្ហើយ នៅក្នុងបាល់ទាត់ ក៏ដូចជានៅក្នុងជីវិត យើងមើលមិនឃើញនោះទេ។ ខ្ញុំនៅតែគិតថា ការងារហ្នឹង (ការងារជាគ្រូបង្វឹក) ជារឿងដ៏ពិបាកមួយ»។ នេះបើតាមការបន្ថែមរបស់ Messi។

លោកបានបន្តថា៖ «ប៉ុន្តែបើអ្វីដែលពាក់ព័ន្ធនឹង បាល់ទាត់ដូចជាអាច ព្រោះ [បាល់ទាត់] ជាជីវិតរបស់ខ្ញុំ ហើយដោយសារ តែខ្ញុំស្រលាញ់វាខ្លាំង»។

Messi ជាកីឡាករលំដាប់ពិភពលោកមួយ ។ លោកបានឈ្នះពានបាល់មាស Ballon d’Or ចំនួន ៧ដងក្នុងអាជីពបាល់ទាត់ជាង ២០ឆ្នាំរបស់លោក៕
