ស្របពេល ដែលការផលិត រថយន្តអគ្គិសនី កំពុងកើនឡើង ប៉ុន្តែក្រុមហ៊ុនរថយន្តជប៉ុនធំៗពីរ ហាក់មិនសូវផ្តោត លើប្រភេទរថយន្តនេះ តែកំពុងផ្តោតលើប្រភេទថាមពលថ្មី សម្រាប់រថយន្ត ដែលមិនប៉ះពាល់ដល់បរិស្ថាន គឺចំហេះអ៊ីដ្រូសែន ។

កាលពីសប្តាហ៍មុន Honda បានចាប់ផ្តើមដំណើរការផលិតរថយន្ត Honda CR-V 2025 e:FCEV ហើយដែលប្រើចំហេះអ៊ីដ្រូសែនលាយជាមួយអាគុយ ជាលើកដំបូង នៅរដ្ឋ Ohio សហរដ្ឋអាមេរិក។
រថយន្ត SUV នេះ បំពាក់ម៉ូទ័រអគ្គិសនីមួយផលិតបានកម្លាំង ១៧៤សេះ និងកម្លាំងរមួល ៣១១ញូតុនម៉ែត្រ។ ធុងអ៊ីដ្រូសែនរបស់វាមានចំណុះ ៤,៣គីឡូក្រាម ពេលចាក់ពេញអាចធ្វើដំណើរបានចម្ងាយ ៤៣៥គីឡូម៉ែត្រ និងកញ្ចប់អាគុយទំហំ ១៧,៧គីឡូវ៉ាត់ម៉ោង ដែលពេលសាកពេញអាចធ្វើដំណើរបានចម្ងាយ ៤៧គីឡូម៉ែត្រ។

ចំណែក Toyota វិញ ក៏កំពុងធ្វើតេស្តបើកបរសាកល្បង រថយន្តភីកអាប់ Hilux ប្រើចំហេះអ៊ីដ្រូសែនផងដែរ នៅក្នុងប្រទេសអង់គ្លេស។ រថយន្តដែលកំពុង ធ្វើតេស្តមានចំនួន ៥គ្រឿង ក្នុងចំណោម ១០គ្រឿង ដែលជាគំរូរថយន្ត ផលិតនៅក្នុងរោងចក្រ ប្រទេសអង់គ្លេស ដើម្បីប្រមូលទិន្នន័យជាក់ស្តែងអំពីមុខងារ ភាពធន់ សុវត្ថិភាព និងសន្ទុះរបស់វា ហើយក៏ត្រៀម ដាក់បម្រើសេវាដឹកជញ្ជូនក្នុងព្រឹត្តិការណ៍ កីឡាអំឡាំពិក នៅក្រុងប៉ារីសនាពេលខាងមុខនេះផងដែរ។

រថយន្ត Toyota Hilux នេះ បំពាក់ធុងចំនួន៣ ដែលអាចផ្ទុកអ៊ីដ្រូសែនសរុប ៧,៨គីឡូក្រាម អាចឱ្យរថយន្តអាចធ្វើដំណើរបានដល់ ៦០០គីឡូម៉ែត្រ។ រថយន្តនេះ មានកម្លាំងសរុប ១៨០សេះ និងកម្លាំងរមួល ៣០០ញ៉ូតុនម៉ែត្រ។ ពេលរត់ជាក់ស្តែង គេពុំឃើញមានផ្សែងចេញពីបំពង់ស៊ឺមាំងឡើយ គឺមានចេញតែទឹកប៉ុណ្ណោះ ៕

