ភ្នំពេញ ៖ ព្រឹត្តិការណ៍ប្រកួតបាល់ទាត់ វិលជុំកុមារ និងយុវជនពានរង្វាន់ AIA – ISF Grand Championship នឹងប្រព្រឹត្តទៅលើវាលស្មៅខៀវខ្ចី ដ៏ធំនៃកីឡដ្ឋាន AIA Stadium, KMH Park នៅថ្ងៃអាទិត្យ ទី១៦ ខែមិថុនា ឆ្នាំ២០២៤ ព្រឹត្តិការណ៍បាល់ទាត់ថ្នាក់មូលដ្ឋាន ដ៏ធំនៅកម្ពុជា ចំពោះការប្រកួតនេះធ្វើឡើង ដើម្បីបង្ហាញពីទេពកោសល្យ និងការប្តេជ្ញាចិត្ត របស់កីឡាករកីឡាការនីវ័យក្មេងទាំងនេះ ក្នុងការតស៊ូខិតខំប្រឹងប្រែងជំនះ ឧបសគ្គ ក្នុងជីវិតរបស់ពួកគេថែមទៀតផង ។

អ្នកស្រី ជួប វិច្ឆិកា នាយិកាប្រតិបត្តិ របស់អង្គការផ្កាយសមុទ្រ បានមានប្រសាសន៍ថា ការប្រកួតថ្ងៃនេះអ្នកស្រីមានការ សប្បាយចិត្តយ៉ាងខ្លាំង ដោយបានមើលឃើញ សកម្មភាពក្លាហ៊ាន របស់កីឡាករ-កីឡាការិនីវ័យក្មេង ដែលចូលរួមលេងកីឡា ។
អង្គការផ្កាយសមុទ្រពិតជាមានមោទនភាពក្រៃលែងបានរៀបចំព្រឹត្តិការណ៍ ប្រកួតបាល់ទាត់វិលជុំកុមារ និងយុវជន AIA – ISF Youth League នេះឡើង និងបានជួយផ្លាស់ប្តូរជីវិតកុមារ និងយុវជនជាកីឡា ករ-កីឡាការិនីជាច្រើននាក់តាមរយៈការប្រកួតនេះ ។ ព្រឹត្តិការណ៍នេះមិនត្រឹមតែជួយពួកគេរៀនសូត្រ ជំនាញបាល់ទាត់ប៉ុណ្ណោះទេ តែថែមទាំងធ្វើឲ្យគេយល់ដឹងពីសារសំខាន់នៃការប្តេជ្ញាចិត្ត ការធ្វើការងារជាក្រុម និងភាពធន់ទ្រាំទៀតផង។
អ្នកស្រីបានបន្តថា បន្ថែមពីនេះទៀត ការរៀបចំព្រឹត្តិការណ៍នេះ គឺជាសក្ខីភាពបញ្ជាក់ពីការប្តេជ្ញាដ៏មោះមុតក្នុងការរួមចំណែកជួយដល់កុមារ និងយុវជនក្រីក្រឲ្យមានឱកាសអភិវឌ្ឍខ្លួនទាំងក្នុង និងក្រៅទីលានប្រកួត ។
កម្មវិធីប្រកួតនេះទៀតសោតក៏បានរំលេចឲ្យឃើញពីការខិតខំប្រឹងប្រែងរួមគ្នារបស់ស្ថាប័នទាំង ២ ក្នុងការកសាងសហគមន៍រឹងមាំ និងលើកកម្ពស់វប្បធម៌ធ្វើការងារជាក្រុម គោរពវិន័យ និងតស៊ូធន់ទ្រាំជាដើម ។

លោកនាយិកាប្រតិបត្តិរបស់អង្គការផ្កាយសមុទ្របានបន្ថែមទៀតថា សព្វថ្ងៃអង្គការផ្កាយសមុទ្រមានកម្មវិធីកីឡាជាច្រើនកំពុងប្រព្រឹត្តិទៅតាមកម្មវិធី ប៉ុន្តែយើងមានការខ្វះជាច្រើនដែរ ដូច្នេះក្នុងនាមនាយិកាប្រតិបត្តិ របស់អង្គការផ្កាយសមុទ្រ សូមអំពាវនាវដល់ម្ចាស់ក្រុមហ៊ុនធំ ជួយឧបត្ថម្ភ សម្រាប់ការប្រកួតកីឡា ដើម្បីជួយដល់កុមារផ្នែកកីឡាបាល់ទាត់នៅកម្ពុជា ។

គួរបញ្ជាក់ថា ព្រឹត្តិការណ៍ប្រកួតបាល់ទាត់វិលជុំនេះ ត្រូវបានផ្តួចផ្តើមរៀបចំឡើងដោយអង្គការ ផ្កាយសមុទ្រ (ISF) ក្រោមការជួយឧបត្ថម្ភជ្រោមជ្រែង ដោយក្រុមហ៊ុនធានារ៉ាប់រងអាយុជីវិត និងសុខ ភាព AIA Cambodia និងមានគោលបំណងផ្តល់ឱកាសប្រកួតប្រជែង ក្នុងវិស័យកីឡាទៅដល់កុមារ និង យុវជនទូទាំងប្រទេសក៏ដូចជាជួយលើកកម្ពស់ការចូលរួម និងការអភិវឌ្ឍសហគមន៍ ។

ព្រឹត្តិការណ៍ប្រកួតវគ្គផ្តាច់ព្រ័ត្រនេះទៀតសោត មានកីឡាករកីឡាការនីចូលរួមសរុបចំនួន ១៩២នាក់ មកពី ១៦ក្រុម រួមមានភ្នំពេញ ក្រុងកំពត និងខេត្តបន្ទាយមានជ័យ ដោយប្រកួតទៅតាមប្រភេទអាយុផ្សេងៗដូចជា កុមារា និងកុមារីអាយុក្រោម ១០ឆ្នាំ, កុមារា និងកុមារីអាយុក្រោម ១៤ឆ្នាំ, កុមារា អាយុក្រោម ១៦ឆ្នាំ និងកុមារីអាយុក្រោម ១៨ឆ្នាំជាដើម នឹងមកជួបជុំគ្នាប្រកួតប្រជែងបញ្ចេញ សមត្ថភាព និងសាមគ្គីភាពជាក្រុមដណ្តើម យកជ័យលាភីលេខមួយ និងលេខពីរនៅលើទីលាន ដែល មានទស្សនិកជនចូលរួមទស្សនា និងគាំទ្រច្រើនកុះករ ៕
ដោយ៖លី ភីលីព


