ភ្នំពេញ ៖ ការប្រកួតវគ្គក្នុងពូល J ក្នុងព្រឹតិ្តការណ៍ការប្រកួតកីឡាបាល់ទាត់ពានរង្វាន់ Soccer League លើកទី៧ ឆ្នាំ២០២៤ នាទីលានវិទ្យាល័យបឹងត្របែក នាយប់ថ្ងៃទី១៦ ខែមិថុនា ឆ្នាំ២០២៤ ក្រុមបាល់ទាត់វ័យចាស់ K8 FOOTBALL TEAM បានចាញ់ក្រុមបាល់ ទាត់យុវជន Moly FC លទ្ធផល ៨ទល់ ១ ហើយនេះជាការប្រកួតបញ្ចប់ ក្នុងពូលរបស់ក្រុមបាល់ទាត់វ័យចាស់ ។

លោក សុខ វាសនា ជាសមាជិកក្រុមវ័យចាស់ K8 FOOTBALL TEAM បាននិយាយថា ចូលរួមក្រុមបាល់ទាត់វ័យចាស់ K8 FOOTBALL TEAM ចូលរូមការប្រកួតកីឡា បាល់ទាត់ពានរង្វាន់ Soccer League ឆ្នាំនេះ មិនផ្ដោតតែលើ លទ្ធផលខ្លាំង ពេកឡើយ គឺក្រុមវ័យចាស់មួយនេះ ផ្ដោតទៅលើការចូលរួម និងផ្ដោតទៅលើការលេង ដើម្បីសុខភាព។

លោកពន្យល់ពីមូលហេតុនៃការលេង ដើម្បីការចូលរួម និងលេងដើម្បីសុខភាពថា ក្រុមរបស់លោកកីឡាករភាគច្រើន វ័យរាងជ្រេជាងក្រុមផ្សេង ហើយ បើនិយាយពីកម្លាំង គឺចាញ់ក្រុមផ្សេងក្នុងពាន Soccer League ហើយប៉ុន្តែបើនិយាយ ពីបច្ចេកទេស និង តិកនិកក្នុងការលេងគឺលើសគេ ហើយបើកម្លាំងចាញ់ គេហើយការប្រជែង ពានគឺពិបាកណាស់ ហេតុដូច្នេះ ទើបលោកលេងផ្ដោតតែលើសុខភាព និងលេងដើម្បីបង្ហាញ ពីការចូលរួមលេងកីឡាទាំងអស់គ្នា ស្របតាមអនុសាសន៍របស់ សម្ដេចប្រជាពលរដ្ឋម្នាក់ លេងកីឡាយ៉ាងហោចណាស់ មួយមុខផងដែរ។

ក្រុមបាល់ទាត់វ័យចាស់ K8 FOOTBALL TEAM សុទ្ធតែជាកីឡាករ វ័យចាស់ទំាងអស់ ហើយក្រុមលោកតែងតែ ចូលរួមគ្រប់សកម្មភាព កីឡាបាល់ ទាត់រួមមានការប្រកួតពានរង្វាន់មនុស្សធម៌ជាច្រើន ការប្រកួតមិត្តភាពជាមួយក្រុម បាល់ទាត់បរទេស និងការប្រកួតកីឡាបាល់ទាត់ពានរង្វាន់ Soccer Leagueជាដើម ៕
ដោយ៖លីភីលីព
