កីឡា

លោក គង់ សុភាព ៖ ការប្រកួតទូកអន្តរជាតិ នៅរុស្ស៊ី អាចទទួលបានលទ្ធផល ជាងចិនម៉ាកាវ

ភ្នំពេញ ៖ សហព័ន្ធកីឡាទូកកានូ និង រ៉ូអ៊ីងកម្ពុជា បានត្រៀមខ្លួន បញ្ជូនក្រុមកីឡាករ-កីឡាការិនី របស់ចូលរួមព្រឹត្តិការណ៍ ការប្រកួតកីឡាទូក នាគអន្តរជាតិ ដែលប្រព្រឹត្តទៅ ចាប់ពីថ្ងៃទី២៨ ដល់ ៣០ ខែមិថុនា ឆ្នាំ២០២៤ នៅរដ្ឋអាល់តៃក្រៃ ប្រទេសរុស្ស៊ី ក្នុងនោះមានប្រតិភូ១រូប គ្រូបង្វឹក១រូប គ្រូជំនួយ១រូប និងកីឡាករចំនួន ១២ នាក់ ។

លោក គង់ សុភាព គ្រូជំនួយសហព័ន្ធកីឡាទូកកានូ និងរ៉ូអ៊ីងកម្ពុជាគូសបានប្រាប់ឲ្យដឹងថា សម្រាប់ការប្រកួតនៅរដ្ឋអាល់តៃក្រៃ ប្រទេសរុស្ស៊ី ក្រុមកីឡាករទូកយើងល្អជាងការប្រកួតនៅចិនម៉ាកាវ ហើយនៅចិនម៉ាកាវ យើងប្រកួតលើវិញ្ញាសាឈុតធំ គឺកីឡាករចំនួន ២២ នាក់ ។ វិញ្ញាសាកីឡាករចំនួន ២២ នាក់ យើងមិនធ្លាប់ដែលធ្វើការហ្វឹកហាត់ជាមួយគ្នាឡើយ ដោយសព្វថ្ងៃនេះ កីឡាករហ្វឹកហាត់តែទូកចំណុះ១២នាក់ ហើយការប្រកួត ចិនម៉ាកាវជាលើកដំបូងសម្រាប់ទូកចំណុះ ២២នាក់។

លោក គ្រូជំនួយ បានបន្តថា កាលចេញទៅប្រកួតព្រឹត្តិការណ៍ការប្រកួតកីឡាទូក នាគអន្តរជាតិ ដែលប្រព្រឹត្តទៅចាប់ពីថ្ងៃទី២៨ ដល់ ៣០ ខែមិថុនា ឆ្នាំ២០២៤ នៅរដ្ឋអាល់តៃក្រៃ ប្រទេសរុស្ស៊ី ក្រុមកីឡាករទូកកម្ពុជាប្រកួតលើវិញ្ញាសាទូកចំណុះ ១២ នាក់ ។ វិញ្ញាសាទូកចំណុះ ១២ នាក់ ក្រុមកីឡាករធ្វើការហ្វឹកហាត់យ៉ាងសកម្មជារៀងរាល់ថ្ងៃនៅខេត្តស្វាយរៀង ថែមទាំងមានឧបករណ៍គ្រប់គ្រាន់ថែមទៀត ដូច្នេះលោកគិតថា ការប្រកួតនៅប្រទេសរុស្ស៊ីអាចមានលទ្ធផលល្អប្រសើរជាងចិនម៉ាកាវ ៕
ដោយ៖លី ភីលីព

Most Popular

To Top