កីឡា

សហព័ន្ធកីឡាទូកកានូ និងរ៉ូអ៊ីង កម្ពុជាពិភាក្សា NOCC សម្រាប់ការអភិវឌ្ឍ ប្រភេទកីឡាអូឡាំពិក មួយនេះ ឲ្យកាន់តែរីកចម្រើន

ភ្នំពេញ ៖ នាងថ្ងៃទី១៧ ខែមិថុនា ឆ្នាំ២០២៤ ប្រតិភូ សហព័ន្ធកីឡាទូកកានូ និងរ៉ូអ៊ីងកម្ពុជា ដឹកនាំដោយលោកបណ្ឌិត មាស សារិន អគ្គលេខាធិការ នៃសហព័ន្ធបានចូលជួបពិភាក្សា ការងារជាមួយលោក វ៉ាត់ ចំរើន រដ្ឋលេខាធិការក្រសួងអប់រំ យុវជន និងកីឡា និងជាអគ្គលេខាធិការ គណៈកម្មាធិការជាតិ អូឡាំពិកកម្ពុជា នៅសាលប្រជុំទីស្នាក់ការ NOCC ដើម្បីពិភាក្សា លើការងារសំខាន់ៗមួយចំនួន ក្នុងន័យជំរុញការអភិវឌ្ឍប្រភេទ កីឡាអូឡាំពិកមួយនេះ ឲ្យកាន់តែរីកចម្រើន ។

លោកបណ្ឌិត មាស សារិន បានមានប្រសាសន៍ថា សហព័ន្ធកីឡាទូកកានូ និងរ៉ូអ៊ីងកម្ពុជា គ្រោងនឹងសាងសងកីឡដ្ឋាន លើទឹកនៅស្វាយរៀង ដែលក្រុមកីឡាករ-កីឡាការិនី ជម្រើសជាតិទូកកម្ពុជាហ្វឹកហាត់រាល់ថ្ងៃ និងហើយលោកបានស្នើសុំ បញ្ជូនក្រុមកីឡាករ-កីឡាការិនី ជម្រើសជាតិទូកកម្ពុជា បោះជំរុំហ្វឹកហាត់ រយៈពេលវែងនៅប្រទេសចិន តាមរយៈក្រសួងអប់រំ យុវជន និងកីឡា និងគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា ។

លោក វ៉ាត់ ចំរើន បានទទួលយកសំណើ របស់សហព័ន្ធមួយចំនួន ដែលបានស្នើសុំ ហើយលោកបានជំរុញឲ្យមន្ដ្រី ជំនាញសហព័ន្ធធ្វើការជាមួយមន្ដ្រី NOCC ឆ្ពោះទៅរកគោលដៅរួមមួយ ដើម្បីទទួលបានការឧបត្ថម្ភគាំទ្រ ទាំងការបណ្ដុះបណ្ដាលធនធានមនុស្ស និង ការកសាងនូវហេដ្ឋារចនាសម្ព័ន្ធ សម្រាប់បម្រើឲ្យការហ្វឹកហាត់ និងការអភិវឌ្ឍជាដើម ។

ឆ្លៀតឱកាសនោះដែរ លោកអគ្គលេខាធិការ បានផ្ដល់នូវការចែករម្លែក និងវិធីសាស្ដ្រមួយចំនួន សម្រាប់សហព័ន្ធ មានកីឡាទូកប្រពៃណី ទូកកានូ និងរ៉ូអ៊ីងស្ថិតក្រោមដំបូលសហព័ន្ធតែមួយ ដើម្បីទទួលបាននូវការគាំទ្រផ្នែករដ្ឋបាលពីក្រសួងអប់រំ យុវជន និងកីឡា ។ ចំពោះសំណើហ្វឹកហាត់ក្រៅប្រទេសវិញ ឯកឧត្តម ក៏បានទទួល និងបញ្ចូលក្នុងគម្រោងស្នើសុំអាហារូបករណ៍ហ្វឹកហាត់រយៈពេលវែងនៅចិន រហូតដល់ឆ្នាំ២០២៩ ផងដែរ ដ្បិតគម្រោងនេះ ផ្ដល់ជូនអត្តពលិកសរុបចំនួន ១៥០នាក់ប៉ុណ្ណោះ ។

ពាក់ព័ន្ធនឹងសំណើសាងសង់មជ្ឈមណ្ឌលកីឡាលើទឹករបស់សហព័ន្ធវិញ លោក វ៉ាត់ ចំរើន ក៏បានឯកភាពឲ្យមន្ដ្រីជំនាញ ធ្វើការជាមួយភាគីសហព័ន្ធ ដើម្បីសិក្សា និងរៀបចំគម្រោងស្វែងរកជំនួយជួយទៅតាមលទ្ធភាព ក្នុងឆន្ទៈរួមមួយ ដើម្បីជួយគាំទ្រដល់សហព័ន្ធកីឡាជាតិ ។
ជាចុងក្រោយ លោករដ្ឋលេខាធិការ ក្រសួងអប់រំ យុវជន និងកីឡាដដែល បានគាំទ្រចំពោះផែនការអភិវឌ្ឍន៍របស់សហព័ន្ធ ។ ក្នុងនាមជាប្រភេទកីឡាអូឡាំពិក ឯកឧត្តមបានជំរុញ និងលើកទឹកចិត្តឲ្យថ្នាក់ ដឹកនាំសហព័ន្ធ បន្ដបេសកកម្មរបស់ខ្លួន ពិសេសលើការស្វែងរក ធនធានកីឡាករ-កីឡាការិនី ដែលមានទេពកោសល្យខ្ពស់ សម្រាប់យកមកបំប៉នបន្ថែម ក្រោមការឧបត្ថម្ភពិសេស របស់ក្រសួងអប់រំ យុវជន និងកីឡា និង NOCC ដើម្បីសម្រួចសមត្ថភាព និងបច្ចេកទេសឆ្ពោះ ទៅរកមេដាយអូឡាំពិក នាថ្ងៃអនាគតផងដែរ ៕
ដោយ៖លី ភីលីព

Most Popular

To Top