កីឡា

លោក កែ ប៊ុនខៀង ៖ ការរៀបចំទិវានេះ គោលបំណងលើកកម្ពស់ សុខភាពផ្លូវកាយ ផ្លូវចិត្ត និងការធ្វើតេស្តកាយសម្បទា ប្រជាជន ក្នុងសហគមន៍អាស៊ាន

ខេត្តកណ្តាល ៖ លោក កែ ប៊ុនខៀង រដ្ឋលេខាធិការ ក្រសួងអប់រំ យុវជន និងកីឡា បានមានប្រសាសន៍ថា ការរៀបចំទិវាអាស៊ានហាត់ប្រាណដើម្បីសុខភាព “FitASEAN” នេះ ដោយអនុវត្តផែនការអាស៊ាន ៥ ឆ្នាំ ក្នុងគោលបំណងលើកកម្ពស់ សុខភាពផ្លូវកាយ និងផ្លូវចិត្ត ព្រមទាំងជាការធ្វើតេស្ត កាយសម្បទា ប្រជាជនក្នុងសហគមន៍ អាស៊ានទាំងមូល ។

លោក រដ្ឋលេខាធិការ ក្រសួងអប់រំ យុវជន និងកីឡា តំណាងដ៏លោកបណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្រ្តីក្រសួងអប់រំ យុវជន និងកីឡាក្នុងឱកាសពិធីទិវាអាស៊ានហាត់ប្រាណដើម្បីសុខភាព “FitASEAN” ឆ្នាំ២០២៤ ក្រោមប្រធានបទ “ហាត់ប្រាណដើម្បីលើកកម្ពស់សុខភាពផ្លូវកាយ និងផ្លូវចិត្ត” នៅក្រុងតាខ្មៅខេត្តកណ្តាល នៅថ្ងៃទី២២ ខែមិថុនា ឆ្នាំ២០២៤ ។

លោក កែ ប៊ុនខៀង បានបញ្ជាក់ថា អាស៊ានបាននឹងកំពុងធ្វើការយ៉ាងសកម្មឆ្ពោះទៅរកការលើកកម្ពស់របៀបរស់នៅដែលមានសុខភាពល្អ និងប្រយុទ្ធប្រឆាំងនឹងជំងឺមិនឆ្លង (NCD) យោងតាមអង្គការសុខភាពពិភពលោកឲ្យដឹងថា កត្តាគ្រោះថ្នាក់ជាទូទៅជំងឺមិនឆ្លងមាន ៤ សំខាន់ៗរួមមាន របបអាហារមិនល្អ រាងកាយពុំបានធ្វើចលនាគ្រប់គ្រាន់ ការប្រើប្រាស់ថ្នាំជក់ និងការផឹកគ្រឿងស្រវឹង។

តាមរយៈការខិតខំប្រឹងប្រែង នៃកិច្ចប្រជុំមន្ត្រីជាន់ខ្ពស់អាស៊ាន ស្តីពីការអភិវឌ្ឍន៍សុខភាព និងកិច្ចប្រជុំមន្ត្រីជាន់ខ្ពស់អាស៊ានស្តីពីកីឡា ការសហការគ្នាក្នុងវិស័យ ទាំងពីរនេះ គោលបំណងលើកកម្ពស់ការយល់ដឹងអំពីសារសំខាន់ការធ្វើចលនារាងកាយ និងការបរិភោគចំណីអាហារ ដើម្បីជំរុញការអភិវឌ្ឍន៍ សុខភាព សេដ្ឋកិច្ចប្រកបដោយចីរភាព វិបុលភាព ធានាបាននូវសុខុមាលភាពរបស់បុគ្គល និងសហគមន៍ ដែលជាសរសរស្តម្ភ ជាមូលដ្ឋាននៃការរីកចម្រើន របស់សង្គម ។

រដ្ឋលេខាធិការបានបន្ថែមថា ដើម្បីចូលរួមចំណែកអនុវត្តផែនការអាស៊ាន ៥ ឆ្នាំ ក្រសួងអប់រំ យុវជន និងកីឡា ជាសេនាធិការឲ្យរាជរដ្ឋាភិបាល កម្ពុជា នៅឆ្នាំ២០២៣ កន្លងទៅនេះ បានរៀបចំពិធីសម្ពោធដាក់ឲ្យប្រើប្រាស់តំបន់ហាត់ប្រាណនិងលេងកីឡាអាស៊ានស្ថិតនៅសួនច្បារព្រះនាងប្រាជ្ញាបារមី សង្កាត់ជ្រោយចង្វារ ខណ្ឌជ្រោយចង្វារ រាជធានីភ្នំពេញ គឺជាសមិទ្ធផលមួយបន្ទាប់ពីកម្ពុជាធ្វើជាម្ចាស់ផ្ទះនៃកិច្ចប្រជុំកំពូលអាស៊ាន និងកិច្ចប្រជុំពាក់ព័ន្ធ នានាឆ្នាំ២០២២ និង ការធ្វើជាម្ចាស់ផ្ទះនៃការប្រកួតកីឡាស៊ីហ្គេមលើកទី៣២ ឆ្នាំ២០២៣ ទទួលបានលទ្ធផលដ៏ត្រចះត្រចង់ មានការកោតសរសើរ ពីបណ្តាប្រទេសជាសមាជិកអាស៊ានផងដែរ ។

រាជរដ្ឋាភិបាលដែលដឹកនាំដោយ សម្តេចតេជោ ហ៊ុន សែន អតីតនាយករដ្ឋមន្ត្រី និងរាជរដ្ឋាភិបាលនីតិកាលទី៧ នៃរដ្ឋសភា ដឹកនាំដោយ សម្តេចមហាបវរធីបតី ហ៊ុន ម៉ាណែត ជានាយករដ្ឋមន្រ្តី បានជំរុញចលនា “ប្រជាជនម្នាក់លេងកីឡាមួយប្រភេទយ៉ាងតិចប្រចាំជីវិត” ដើម្បីកសាងមនុស្សគ្រប់រូបឱ្យមានសុខភាព និងសុខុមាលភាពល្អ កាយសម្បទា មាំមួន ឆន្ទៈមោះមុត, អំណត់ព្យាយាម, មានវិន័យ, មានស្មារតីក្រុម គំនិតឆ្នៃប្រឌិត តស៊ូស្វិតស្វាញ សំដៅដណ្តើមបានលទ្ធផលល្អប្រសើរក្នុងការប្រកួតកីឡាលើឆាកអន្តរជាតិ និងមានជីវភាពរស់នៅស្របតាមពាក្យស្លោក «កីឡារស់ប្រកបដោយសុខដុមរម្យនាក្នុងសង្គមក្រោមម្លប់សន្តិភាព»។

ក្នុងឱកាសដ៏ថ្លៃថ្លានេះ ក្នុងនាមក្រសួងអប់រំ យុវជន និងកីឡា ស្នើសុំដល់ក្រសួង ស្ថាប័ន អង្គភាពរដ្ឋ ក្រុមហ៊ុនឯកជន អង្គការជាតិ អន្តរជាតិចូលរួមចំណែក ជំរុញចលនា “ប្រជាជនម្នាក់លេងកីឡាមួយប្រភេទយ៉ាងតិចប្រចាំជីវិត” រួមមាន ផ្សព្វផ្សាយសារៈប្រយោជន៍នៃហាត់ប្រាណនិងលេងកីឡាដើម្បីសុខភាព បណ្តុះវប្បធម៌ លើកទឹកចិត្តឱ្យមន្ត្រី បុគ្គលិក ប្រជាជនហាត់ប្រាណនិងលេងកីឡា។

ជួសជុល កែលម្អ អភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធទីលានកីឡា ទីកន្លែងហាត់ប្រាណ បម្រើឲ្យសកម្មភាពហាត់ប្រាណ និងលេងកីឡា និងការចូលរួមបំផុស ផ្សព្វផ្សាយ អភិរក្ស និងអភិវឌ្ឍន៍កីឡាប្រពៃណីជាតិ ជាអត្តសញ្ញាណជាតិជាផ្នែកមួយបម្រើឲ្យការហាត់ប្រាណនិងលេងកីឡាដើម្បីសុខភាព ភាពសប្បាយរីករាយ មិត្តភាព សាមគ្គីភាពរបស់ប្រជាជននៅតាមតំបន់ និងសហគមន៍ និងលើកកម្ពស់កីឡាប្រពៃណីជាតិ៕
ដោយ៖លី ភីលីព

Most Popular

To Top