ភ្នំពេញ ៖ លោកបណ្ឌិត ថោង ខុន ជាទេសរដ្ឋមន្ត្រី ទទួលបន្ទុកជំរុញ ការអភិវឌ្ឍចលនាកីឡា និងជាប្រធានគណៈកម្មាធិការជាតិ អូឡាំពិកកម្ពុជា ថ្ងៃទី២៣ ខែមិថុនា ឆ្នាំ២០២៤ បានអញ្ជើញជាកិត្តិយស ក្នុងឱកាសប្រារព្ធទិវាអូឡាំពិក “Olympic Day” ឆ្នាំ២០២៤ ពហុកីឡដ្ឋានជាតិមរតកតេជោ ។
លោកបណ្ឌិត ថោង ខុន បានមានប្រសាសន៍ថា ថ្ងៃនេះគឺជាថ្ងៃពិសេសសម្រាប់ចលនាអូឡាំពិកកម្ពុជា ក៏ដូចជាចលនាអូឡាំពិកទូទាំងពិភពលោកក្នុងការ ប្រារព្ធទិវាអូឡាំពិក ដើម្បីរំលឹកដល់ការរស់ឡើងវិញ នៃចលនាអូឡាំពិកសម័យទំនើប ដែលបង្កើតឡើងដោយ ស្ថាបនិកជនជាតិបារាំង លោក Pierre de Coubertin នាថ្ងៃទី២៣ ខែមិថុនា ឆ្នាំ១៨៩៤ ។ ការប្រារព្ធទិវា អូឡាំពិក សម្រាប់ឆ្នាំ២០២៤នេះ រៀបចំឡើងក្រោមមូលបទ “រួមគ្នាធ្វើចលនា និងអបអរសាទរ ទាំងអស់គ្នា” ជាឱកាសដ៏ពិសេស សម្រាប់ចលនាអូឡាំពិកទូទាំងពិភពលោក ក្នុងការ ប្រារព្ធពិធី និងកម្មវិធីអបអរសាទរ ជាសកល មុនការប្រកួតកីឡាអូឡាំពិក ទីក្រុងប៉ារីស ឆ្នាំ២០២៤ ដែលនឹង ចាប់ផ្តើមនាថ្ងៃទី២៦ ខែកក្កដា ឆ្នាំ២០២៤ ខាងមុខនេះ នៅប្រទេសបារាំង ។
លោកទេសរដ្ឋមន្ត្រីបានបញ្ជាក់ថា ការប្រកួតកីឡាអូឡាំពិក ទីក្រុងប៉ារីស ឆ្នាំ២០២៤ នេះជាយុគសម័យថ្មី នៃការធ្វើបរិវត្តកម្មកីឡាអូឡាំពិក ក្នុងការបង្កើនឱកាស កាន់តែច្រើនដល់អត្តពលិកជាយុវជន ជាពិសេសវាជាព្រឹត្តិការណ៍អូឡាំពិក លើកដំបូងបំផុត ដែលធានាបាននូវ សមភាពយេនឌ័រពេញលេញ ពោលគឺមានចំនួនស្មើគ្នា សម្រាប់អត្តពលិក ចូលរួមជាស្ត្រី និងបុរស ។
ទន្ទឹមនឹងនេះ ការប្រកួតកីឡាអូឡាំពិក គឺជាស្ពានក្នុងការនាំមនុស្ស គ្រប់ជាតិសាសន៍មកពីជុំវិញ ពិភពលោក មកជួបជុំគ្នាប្រកបដោយសន្តិភាព និងសាមគ្គីភាព ដែលបង្ហាញ យ៉ាងច្បាស់ពីភាពស្រស់បំព្រង និងគុណតម្លៃ អូឡាំពិកគឺ ឧត្តមភាព ការគោរពគ្នា និងមិត្តភាព ។ ជាមួយគ្នានេះដែរ ការប្រកួតកីឡាអូឡាំពិក ក៏ជាឱកាសដ៏វិសេសវិសាលបំផុត និងជាក្តីសុបិនរបស់គ្រប់អត្តពលិកទូទាំងពិភពលោក ក្នុងការចូលរួមបង្ហាញ នូវឧត្តមភាពកីឡារបស់ខ្លួន ស្របតាមបាវចនាអូឡាំពិក “លឿនជាង ខ្ពស់ជាង ខ្លាំងជាង ជាមួយគ្នា ។
នៅក្នុងឱកាសប្រារព្ធទិវាអូឡាំពិកនាឆ្នាំ២០២៤នេះ ខ្ញុំសូមអំពាវនាវឲ្យក្មួយៗយុវជន សិស្សានុសិស្ស និងអត្តពលិកទាំងអស់ចូលរួមចលនា “យុវជនម្នាក់ ចេះកីឡាមួយប្រភេទ យ៉ាងតិច ប្រចាំជីវិត” ក្នុងគោលដៅ អភិវឌ្ឍមូលធនមនុស្ស ប្រកបដោយគុណភាពខ្ពស់ និងសុខភាព ជាលក្ខខណ្ឌចាំបាច់ មិនអាចខ្វះបាន សម្រាប់អភិវឌ្ឍសេដ្ឋកិច្ច និងសង្គមជាតិ ប្រកបដោយបរិយាបន្ន និងភាពធន់ ក៏ដូចជាបង្កើតមូលដ្ឋាន អត្តពលិក យុវជន-ថ្នាលប្រកប ដោយគុណវុឌ្ឍ ដើម្បីឈានឆ្ពោះទៅធ្វើជាម្ចាស់ផ្ទះ ការប្រកួតកីឡាយុវជនអាស៊ី ឆ្នាំ២០២៩ នៅព្រះរាជាណាចក្រកម្ពុជា ។
ថ្ងៃនេះចលនាអូឡាំពិកគ្រប់ប្រទេសរៀបចំអបអរសាទរ និងបំផុសការងារគុណតម្លៃអូឡាំពិកដល់យុវជន និងសង្គម ជាតិនីមួយៗ ដោយឡែកគណកម្មាធិការជាតិ អូឡាំពិកកម្ពុជាក៏បានរៀបចំជាមួយប្អូនៗ ក្មួយៗ ក្រោមប្រធានបទ “រួមគ្នាធ្វើចលនា “ ឆ្ពោះទៅកសាងពិភពលោក មួយល្អប្រសើរ តាមរយៈចលនាអូឡាំពិក ។
ថ្ងៃប្អូនៗ ក្មួយៗ ត្រូវចូលរួមរៀនសូត្រ និងស្វែងយល់អំពីអ្វីទៅដែលហៅថា ទស្សនវិជ្ជាអូឡាំពិក ទស្សនវិជ្ជាអូឡាំពិកគឺជាទស្សនវិជ្ជានៃជីវិត Olympism is the philosophy of life មានន័យថា មនុស្សរស់នៅមានគុណភាពជីវិតបាន លុះត្រាតែធ្វើសកម្មភាពអប់រំកាយ និងលេងកីឡាជាប្រចាំ។ ការលេងកីឡា មិនត្រឹមតែកាត់បន្ថយសភាពតានតឹងនោះទេ គឺវាបានផ្តល់នូវឋាមពល និងពង្រឹងប្រព័ន្ធការពាររាងកាយឲមាំមួន និងមានស្មារតីអង់អាចក្លាហាន មានជំនឿចិត្តខ្លួនឯង ពិសេសឈ្នះលើខ្លួនឯង ។
សុខភាពរបស់ប្អូនៗក្មួយៗ ក្នុងវ័យសិក្សាវាមានសារសំខាន់ខ្លាំងណាស់ ពីព្រោះវាពាក់ព័ន្ធនឹងប្រាជ្ញាស្មារតី និងការចងចាំ បើខ្វះសុខភាពនឹងបាត់បង់ ភាពឆ្លាតវៃ និងបាត់បង់ការចងចាំ អាចឈានដល់ការបោះបង់ការសិក្សា ដោយសារជឺងំជាដើម។ ម្យ៉ាងទៀត លេងកីឡា វាបង្ករការសប្បាយរីករាយ ដែលធ្វ់ឲអារម្មណ៍ស្រស់ថ្លា ក្រោយការងារសិក្សា ។ សិស្ស និស្សិត យុវជន ប្រជាពលរដ្ឋម្នាក់ត្រូវលេងកីឡាមួយមុខ យ៉ាងតិច ប្រចាំជីវិត ប្រកដដោយភាពទៀងទាត់ ៕