Manchester United គឺជាក្លឹបបាល់ទាត់ដ៏ធំមួយនៅអង់គ្លេស ។ ថ្វីបើបិសាចក្រហមជា ក្លឹបបាល់ទាត់ពិតមែន តែក្លឹបមានផ្ដល់សេវាកម្មជាច្រើនដល់អ្នកគាំទ្រ និងសាធារណជនទូទៅ ដូចជាសណ្ឋាគារ ភោជនីយដ្ឋាន និងសារមន្ទីរក្លឹបជាដើម ។ មួយក្នុងចំណោមសេវាកម្មធំៗទាំងនោះគឺ សេវាកម្មចុងភៅ ដែលទទួលរងការទិតៀនថាបានធ្លាក់គុណភាព ។
រឿងដើមហេតុ ដែលនាំមានការរិះគន់នោះ គឺមានដំណើរដូចតទៅ ។ កាលពីខែវិច្ឆិកា ឆ្នាំ ២០២៣ កន្លង ក្រុមហ៊ុនមួយបានប្រើប្រាស់សេវាកម្មចុងភៅរបស់ក្លឹបបិសាចក្រហម ក្នុងការរៀបចំពិធីពិសា បាយពេលល្ងាចមួយកន្លែង ដែលមានភ្ញៀវសរុបប្រមាណ ៣០ នាក់។ ក្រោយមក ក៏មានការលេចលឺថាដំណឹងថាមានភ្ញៀវមួយចំនួនបានពុលអាហារ ដោយអ្នកខ្លះនិយាយម្ហូប ជាពិសេសសាច់មាន់ដែលពួកគេទទួលទាន ត្រូវបានចម្អិនមិនបានល្អ ហើយឆៅ។
ក្រោយទទួលបានដំណឹងនេះ ភ្នាក់ងារជាតិទទួលបន្ទុកស្ដង់ដាចំណីអាហាររបស់អង់គ្លេស (FSA) បានស៊ើបអង្កេត ហើយបានទម្លាក់គុណភាពអាហាររបស់សេវាកម្មចុងភៅបិសាចក្រហមពីផ្កាយ ៥ ទៅផ្កាយ ១ នៅខែធ្នូ ។ ក្រោយមកទៀត ភ្នាក់ងារមួយនេះក៏បានចុះទៅធ្វើការត្រួតពិនិត្យ ដល់ទីតាំងចម្អិនអាហាររបស់ក្លឹប រួចក៏បានតម្លើងគុណភាពចំណីអាហារពីផ្កាយ ៤ វិញកាលពីខែកុម្ភៈកន្លងទៅ។ កាលពីពេលថ្មីៗ FSA បានចុះទៅពិនិត្យ សេវាកម្មរបស់ក្លឹប Man United ម្ដងទៀត តែបានរកឃើញសម្ភារៈមួយចំនួនមិនត្រឹមត្រូវតាមស្ដង់ដាបានកំណត់ ដូចជាម៉ាស៊ីនលាងចានមានសភាពមិនស្អាតហើយដុះផ្សិត ហើយជើងតុចម្អិនម្ហូបមានច្រេះចាប់ជាដើម ។ ទាំងនេះ គឺជាហេតុដែល FSA នៅតែបន្តឲ្យផ្កាយ ៤ ទៅឲ្យក្លឹប ហើយមិនអាចឲ្យផ្កាយ ៥ វិញបាន ទាក់ទងនឹងអនាម័យចំណីអាហារ ។
ក្លឹបបិសាចក្រហម បាននិយាយថា ក្លឹបនឹងខិតខំដោះស្រាយបញ្ហាដែល FSA បានលើកឡើង ហើយនឹងប្រឹងប្រែងធ្វើយ៉ាងណាឲ្យគុណភាពអនាម័យចំណីអាហារនៃសេវាកម្មចុងភៅរបស់ខ្លួនបានត្រលប់ទៅរកផ្កាយ ៥ វិញ។
សេវាកម្មរបស់ក្លឹប Manchester United មានសភាពរវល់ណាស់។ ក្នុងមួយឆ្នាំ ក្លឹបបានទទួលសេវាកម្មនេះដើម្បីបម្រើការចម្អិនម្ហូបអាហារជូនអ្នកគាំទ្រប្រមាណ ២៥ ម៉ឺននាក់ក្នុងមួយរដូវកាល ហើយរៀបចំម្ហូបដល់កម្មវិធីក្រៅកម្មវិធីបាល់ទាត់ដល់ ៨០០ លើកក្នុងមួយឆ្នាំ ហើយជួយរកចំណូលឲ្យក្លឹបរាប់សិបលានដុល្លារសហរដ្ឋអាមេរិកឯណោះ ៕