ភ្នំពេញ ៖ ក្រុមកីឡាករ -កីឡាការិនីវិទ្យាល័យជាស៊ីម សាមគ្គី ដណ្តើម ចំណាត់ថ្នាក់លេខ ១ ទំាង ២ ក្រុមនៃការប្រកួត កីឡាមហាជន ជ្រើសរើសជើងឯក រាជធានីភ្នំពេញ ឆ្នាំ២០២៤ ដែលរៀបចំដោយមន្ទីរអប់រំកាយ និងកីឡារាជធានីភ្នំពេញ នៅថ្ងៃទី២៥ ខែមិថុនា ឆ្នាំ២០២៤ នៅវិទ្យាល័យ ជាស៊ីមបឹងកេងកង ។

លោក ស្រេង សេង ប្រធានការិយាល័យកីឡា នៃមន្ទីរអប់រំកាយ និងកីឡារាជធានីភ្នំពេញ បាននិយាយថា សូមថ្លែងអំណរគុណ និងកោតសរសើរដោយស្មោះ ចំពោះប្រតិភូដឹកនាំក្រុមកីឡា និងក្រុមបានចូលរួមនាពេលនេះ បានខិតខំប្រឹងអស់ពីសមត្ថភាព ដែលខ្លួនបានហ្វឹកហាត់ហើយ ថែមទាំងបានយកចិត្តទុកដាក់ គោរពបទបញ្ជាបច្ចេកទេស ដែលគណ:កម្មការរៀបចំ បានកំណត់ ក្នុងការដណ្តើមយកជ័យលាភី នាពេលនេះ ដើម្បីសម្រេចផែនការ របស់ខ្លួនដែលបានកំណត់មក ។

ប្រធានការិយាល័យកីឡាបានបញ្ជាកថា ការប្រកួតខាងលើ បង្ហាញឲ្យឃើញថា លោកគ្រូ និងអ្នកគ្រូកីឡា បានយកចិត្តទុកដាក់ខ្ពស់ ប្រើអស់ កំលាំងកាយចិត្ត សមត្ថភាពជំនាញរបស់ខ្លួន និងគណ:កម្មការបានយកចិត្តទុក ដាក់អនុវត្តនូវជំនាញបច្ចេកទេសរបស់ខ្លួន ដោយឈរលើគោលការ យុត្តិធម៌ សមភាព ស្មារតីទទួលខុសត្រូវខ្ពស់ ក្នុងការសម្រេចការប្រកួតនីមួយៗ ។
លោក ស្រេង សេងបានបន្ថែមថា សម្រាប់ការប្រកួតលើវិញ្ញាសាបាល់ទះបុរស-នារី ចំពោះវិញ្ញាសាបាល់នារី ចំណាត់ថ្នាក់លេខ ១ បានទៅលើកីឡាការិនី វិទ្យាល័យជាស៊ីម សាមគ្គី ចំណាត់ថ្នាក់លេខ ២ បានទៅលើ កីឡាការិនីសាលាដុនបូស្កូទឹកថ្លា និងចំណាត់ថ្នាក់លេខ ៣ បានទៅលើ កីឡាការិនី វិទ្យាល័យជាស៊ីម ជ្រោយចង្វារ ។

ចំណែកចំពោះវិញ្ញាសាបាល់បុរស ចំណាត់ថ្នាក់លេខ ១ បានទៅលើកីឡាករវិទ្យាល័យជាស៊ីម សាមគ្គី ចំណាត់ថ្នាក់លេខ ២ បានទៅលើកីឡាករវិទ្យាល័យហ៊ុនសែន ភ្នំពេញថ្មី និងចំណាត់ថ្នាក់លេខ ២ បានទៅលើក្រុមបាល់ទះយុវជនប្លូ៕


