ភ្នំពេញ ៖ លោកបណ្ឌិតសភាចារ្យ ហង់ ជួនណារ៉ុន ឧបនាយករដ្ឋមន្ដ្រី រដ្ឋមន្ដ្រីក្រសួងអប់រំ យុវជន និងកីឡានាថ្ងៃទី ២៥ ខែមិថុនា ឆ្នាំ២០២៤ បានអញ្ជើញជាកិត្តិយស ក្នុងពិធីប្រគល់ប្រាក់រង្វាន់លើកទឹកចិត្ត របស់រាជរដ្ឋាភិបាលកម្ពុជា ដល់ជ័យលាភី ពីការប្រកួតកីឡាអាស៊ី ហ្គេមលើកទី១៩ ជើងឯកពិភពលោក ជើងឯកអាស៊ី និងជើងឯកអាស៊ីអាគ្នេយ៍ នៅសាលប្រជុំមជ្ឈមណ្ឌលជាតិ ហ្វឹកហ្វឺនកីឡា លើ៣ប្រភេទកីឡារួមមានកីឡាការ៉ាតេ ប៉េតង់ និងកីឡាគុនល្បុក្កតោ ។

លោកបណ្ឌិតសភាចារ្យ ហង់ ជួនណារ៉ុន បានមានប្រសាសន៍ថា សមិទ្ធផលដ៏ធំធេងនេះគូសបញ្ជាក់ឲ្យឃើញថា ការយកចិត្ដទុកដាក់ របស់រាជរដ្ឋាភិបាល ការចូលរួមពីគ្រប់ភាគីពាក់ព័ន្ធ ការធ្វើប្រតិភូកម្មមុខងារ ការគាំទ្រថវិកា ដល់សហព័ន្ធកីឡាជាតិ និងការអនុវត្ដគោលនយោបាយជាតិ ស្តីពីការអភិវឌ្ឍវិស័យអប់រំកាយ និងកីឡា មានប្រសិទ្ធភាព និងមានគណនេយ្យភាព ល្អប្រសើរ ។ ក្រសួងអប់រំ យុវជន និងកីឡា នៅតែបន្ដលើកទឹកចិត្ដ ជំរុញ និងចូលរួមសម្រប សម្រួល លើការស្នើសុំគោលការណ៍រៀបចំការ ប្រកួតជើងឯកក្នុងស្រុក និងការប្រកួតក្រៅប្រទេស ហើយក្រសួងនៅ តែបន្ដផ្ដល់ប្រាក់ឧបត្ថម្ភ លើកទឹកចិត្ដ របស់រាជរដ្ឋាភិបាល ជូនដល់ម្ចាស់ជ័យលាភី ។

ឆ្លៀតក្នុងឱកាស ដ៏នក្ខត្ដឫក្សនេះ ខ្ញុំសូមថ្លែងអំណរគុណដ៏ជ្រាលជ្រៅ ចំពោះរាជរដ្ឋាភិបាលកម្ពុជា ក្រោមការដឹកនាំ ដ៏ឈ្លាសវៃរបស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា និងលោកជំទាវបណ្ឌិត ដែលបានបន្ដដឹកនាំកម្ពុជា រក្សាបាននូវសន្ដិភាពពេញលេញ និងមានការរីកចម្រើនលើគ្រប់វិស័យ រួមទាំងវិស័យអប់រំកាយ និងកីឡាផងដែរ។ ថ្ងៃនេះ ខ្ញុំសូមនាំយកថវិការបស់រាជរដ្ឋាភិបាលសរុបចំនួន ៤២៣,៧០០,០០០ រៀល មកប្រគល់ជូនដល់គ្រូបង្វឹក គ្រូជំនួយ កីឡាករ-កីឡាការិនី ជ័យលាភីមេដាយ មាស ប្រាក់ និងសំរឹទ្ធ ពីការប្រកួតកីឡា អាស៊ីលើកទី១៩ ជើងកពិភពលោក ជើងឯកអាស៊ី និងជើងឯកអាស៊ីអាគ្នេយ៍ ។

លោក ប៉ុន សុខ អគ្គនាយក នៃអគ្គនាយកដ្ឋានកីឡាបានប្រាប់ឲ្យដឹងថា ប្រកួតកីឡាអាស៊ីហ្គេមលើកទី១៩ នៅទីក្រុង Hangzhou ខេត្ត Zhenjiang សាធារណរដ្ឋប្រជាមានិតចិន ចាប់ពីថ្ងៃទី២៣ ខែកញ្ញា ដល់ថ្ងៃទី០៨ ខែតុលា ឆ្នាំ២០២៣ ដែលមានចំនួន៤៥ប្រទេសចូលរួម មានកីឡាករ-កីឡាការិនីសរុបចំនួន១១៩០៩នាក់។ ជាលទ្ធផលកម្ពុជាទទួលបានមេដាយ សំរឹទ្ធិ ១គ្រឿងពីប្រភេទ កីឡាការ៉ាតេ លើវិញ្ញាសាសម្ដែងក្រុមនារី កម្ពុជាឈរលំដាប់ ថ្នាក់លេខ៣៨ ។
ប្រភេទកីឡាប៉េតង់ មានប្រតិភូ កីឡាករ-កីឡាការិនី សរុបចំនួន៥នាក់ ទៅចូលរួមប្រកួតកីឡាពិភពលោក Single, Doubles, Mixed Doubles World Championship 2023 នៅប្រទេសបេនីន ចាប់ពីថ្ងៃទី០៨ ដល់ថ្ងៃទី១២ ខែកញ្ញា ឆ្នាំ២០២៣ មានចំនួន ៣១ប្រទេសចូលរួម កីឡាករ-កីឡាការិនីសរុប១៤០នាក់ ជាលទ្ធផលកម្ពុជាទទួលបានមេដាយ សំរឹទ្ធិ០៣គ្រឿង ឈរនៅចំណាត់ថ្នាក់លេខ ៦។

លោកអគ្គបានបន្តថា ប្រភេទកីឡាការ៉ាតេមានប្រតិភូ មន្ដ្រីបច្ចេកទេស គ្រូបង្វឹក គ្រូជំនួយ កីឡាករ កីឡាការិនី សរុបចំនួន ៣៧នាក់ ទៅចូលរួមប្រកួតកីឡាជើងឯកអាស៊ីលើកទី១៨ នៅទីក្រុងTashkent ប្រទេសអ៊ូសបេគីស្ថាន ចាប់ពីថ្ងៃទី១១ ដល់ថ្ងៃទី២០ ខែធ្នូ ឆ្នាំ២០២២ មានចំនួន ៣៣ប្រទេសចូលរួម មានកីឡាករ កីឡាការិនីសរុបចំនួន ៧៣២នាក់ ជាលទ្ធផលកម្ពុជាទទួលបានមេដាយ សំរឹទ្ធិ០២គ្រឿង ឈរលំដាប់ថ្នាក់លេខ១៩។

ប្រភេទកីឡាគុនល្បុក្កតោ៖ មានប្រតិភូ គ្រូបង្វឹក និងកីឡាករ កីឡាការិនី ចំនួន ៣២នាក់ ជើងឯកអាស៊ីអាក្នេយ៍លើកទ១ នៅទីរាជធានីភ្នំពេញ ព្រះរាជាណាចក្រកម្ពុជា ដមានចំនួន០៤ប្រទេសចូលរួម មានកីឡាករ កីឡាការិនីសរុបចំនួន ៧៤នាក់ ចាប់ពីថ្ងៃទី២៩ ខែមីនា ដល់ថ្ងៃទី០៣ ខែមេសា ឆ្នាំ២០២៣ ជាលទ្ធផលកម្ពុជាទទួលបានមេដាយមាស ០៤គ្រឿង ប្រាក់ ០៥គ្រឿង និងសំរឹទ្ធិ ០២គ្រឿង ឈរលំដាប់ថ្នាក់លេខ១៕

