កីឡា

វីរបុរស​ ជួយឲ្យហ្សកហ្ស៊ី ទទួលជ័យជម្នះលើព័រទុយហ្គាល់ រំភើបចិត្ត បន្ទាប់ពីទទួលបានអាវ ពីកីឡាករ Ronaldo

អាល្លឺម៉ង់ ៖ កីឡាករបាល់ទាត់ឆ្នើម Khvicha Kvaratskhelia ស្ថិតនៅក្រុមបាល់ទាត់ជម្រើសហ្សកហ្ស៊ី បានបង្ហាញអាវ ដែលលោកទទួលបានពីកំពូល កីឡាករបាល់ទាត់ Cristiano Ronaldo បន្ទាប់ពីហ្សកហ្ស៊ី បានយកឈ្នះ ២-០លើព័រទុយហ្គាល់នៅជុំទី៣ ឡើងវគ្គ ១៦ ក្រុមក្នុងការប្រកួតពាន Euro 2024 ។

កីឡាករ Kvaratskhelia បានបង្ហោះរូបថតនៃអាវរបស់ Ronaldo នៅលើ Instagram Story របស់លោកជាមួយនឹងចំណងជើងថា “Dreams” និងរូបបេះដូង បន្ទាប់ពីការប្រកួតកាលពីយប់ថ្ងៃពុធ ។

កីឡាករខ្សែប្រយុទ្ធវ័យ ២៣ ឆ្នាំរូបនេះបាននិយាយក្នុងបទសម្ភាសន៍ ក្រោយការប្រកួតនៅកីឡដ្ឋាន Schalke ថា ខ្ញុំមានអាវរបស់លោក Ronaldo ហើយយើងក៏បានឆ្លងកាត់ការប្រកួតជុំបន្ទាប់ដែរ។ នេះជាថ្ងៃដ៏ល្អបំផុតក្នុងជីវិតរបស់ជនជាតិហ្សកហ្ស៊ី។ គ្រប់គ្នាសប្បាយចិត្តខ្លាំងណាស់ យើងទើបតែបង្កើតប្រវត្តិសាស្ត្រ។ គ្មាននរណាម្នាក់អាចជឿថា យើងអាចយកឈ្នះព័រទុយហ្គាល់បានទេ ប៉ុន្តែយើងគ្រាន់តែបង្ហាញថា យើងជាក្រុមខ្លាំង។
ហ្សកហ្ស៊ី មានតែមួយពិន្ទុប៉ុណ្ណោះ បន្ទាប់ពីការ ប្រកួត ២ លើកដំបូង ហើយត្រូវយកឈ្នះលើក្រុមព័រទុយហ្គាល់ បានឈានទៅវគ្គបន្ត ក្នុងនាមជាក្រុមនាំមុខគេ ក្នុងពូល F ដើម្បីរកបានកៅអីមួយក្នុងជុំ ១៦។

កីឡាករ Kvaratskhelia បានស៊ុតបាល់បញ្ចូលទីជួយឲ្យហ្សកហ្ស៊ីនាំមុខនៅនាទីទី ២ បន្ទាប់ពីមានកំហុសដោយខ្សែការពារកណ្តាល Antonio Silva ។ នៅតង់ទី២ កីឡាករ Mikautadze របស់ហ្សកហ្ស៊បានស៊ុតបាល់ប៉េណាល់ទីដើម្បីទទួលជ័យជម្នះ ២-០ និងបញ្ជូនហ្សកហ្ស៊ីទៅកាន់ជុំទី១៦ ក្នុងការប្រកួត Euro លើកដំបូងរបស់ពួកគេ។

បន្ទាប់ពីការហួចចុងក្រោយ Kvaratskhelia ដែលត្រូវបានដាក់ឈ្មោះថា “កីឡាករឆ្នើមនៃការប្រកួត” បានចាប់ដៃជាមួយកីឡាករ Ronaldo របស់លោក មុនពេលរត់ទៅលើទីលានដើម្បីអបអរជាមួយមិត្តរួមក្រុមរបស់លោក។

កីឡាករទាំង ២ នាក់មានប្រវត្តិល្អ ហើយកាលពី ១១ ឆ្នាំមុន កីឡាករ Ronaldo បានចូលរួមក្នុងពិធីបើកការដ្ឋានសាងសង់សាលាបាល់ទាត់ Dinamo Tbilisi ហើយបានថតរូបជាមួយកីឡាករវ័យក្មេង រួមទាំង Kvaratskhelia និងមិត្តរួមក្រុមហ្សកហ្ស៊ីបច្ចុប្បន្នជាច្រើនរូបទៀត៕
ដោយ៖លី ភីលីព

Most Popular

To Top