កីឡា

លោក យី វាសនា ៖ កីឡាអត្តពលកម្ម ជនពិការ មានការរីមច្រើន ទាំងបរិមាណ និងបច្ចេកទេស ពីមួយឆ្នាំទៅមួយឆ្នាំ

ភ្នំពេញ ៖ លោក យី វាសនា ទីប្រឹក្សារាជរដ្ឋាភិបាល និង ជាអគ្គលេខាធិការ គណៈកម្មាធិការជាតិប៉ារ៉ាឡាំពិកកម្ពុជា បានមានប្រសាសន៍ថា ប្រភេទកីឡាអត្តពលកម្ម ជនពិការនេះមានសក្តានុពលខ្ពស់ ពីមួយឆ្នាំទៅមួយឆ្នាំ ដោយកីឡាករ-កីឡាការិនី ធ្វើបានកាន់តែលឿន ដោយចាយពេល កាន់តែតិច ដោយនេះបានបង្ហាញ ពីការរីកចម្រើនទាំងបរិមាណ និងគុណភាពរបស់អត្តពលិកពិការកម្ពុជា តាមរយៈការដណ្តើម បានមេដាយមាស ប្រាក់ និងសំរឹទ្ធជាបន្តបន្ទាប់ ពីលើកឆាកអន្តរជាតិ ។

លោក យី វាសនា ទីប្រឹក្សារាជរដ្ឋាភិបាល និងជាអគ្គលេខាធិការ គណៈកម្មាធិការជាតិប៉ារ៉ាឡាំពិកកម្ពុជា បានអះអាងបែបនេះនៅក្នុងឱកាសបិទ ការប្រកួតកីឡាអត្តពលកម្មជន ពិការជ្រើសរើសជើងឯក ឆ្នាំ២០២៤ លើកទី៥ រយៈពេល២ថ្ងៃ គឺថ្ងៃ ២៨-២៩ មិថុនា ឆ្នាំ២០២៤នេះ នៅពហុកីឡដ្ឋានជាតិអូឡាំពិក ដោយមានការរៀបចំ ដោយគណៈកម្មាធិការជាតិប៉ារ៉ាឡាំពិកកម្ពុជា សហការជាមួយសហព័ន្ធខ្មែរ កីឡាអត្តពលកម្មស័្មគ្រចិត្ត ។

លោក យី វាសនា សង្កត់ធ្ងន់ថា ប្រភេទកីឡាអត្តពលកម្មជនពិការកាន់តែមានសន្ទុះកើនឡើងនូវចំនួនកីឡាករ កីឡាការិនី ដោយកាលពីដំបូងឡើយមានត្រឹមអត្តពលិក ៥នាក់ ហើយបានបង្កើនបាន ពី១០នាក់ដល់២០នាក់ ហើយបច្ចុប្បន្នកើនដល់៤០នាក់ទៅ៥០នាក់។ គោលបំណងសំខាន់នៃការប្រកួតអត្តពលកម្មជនពិការកម្ពុជា លើកទី៥ រយៈពេល២ថ្ងៃនេះ គឺដើម្បីផ្តល់ឱកាសដល់កីឡាករ កីឡាការិនីពិការកម្ពុជាបានជួបជុំគ្នា ដើម្បីបង្កើនចំណងមិត្តភាព សាមគ្គីភាព និង សុខភាពរបស់អត្តពលិកពិការ ជាពិសេសគឺជាការដុសខាត់ នូវខ្នាតបច្ចេកទេសរបស់ពួកលោកឲ្យកាន់តែល្អប្រសើរ ដើម្បីត្រៀមខ្លួនចូលរួម ប្រកួតទាំងថ្នាក់ជាតិ និងអន្តរជាតិនានា នាពេលខាងមុខ ។

លោកដាក់ក្តីសង្ឃឹមថា គណៈកម្មាធិការជាតិ ប៉ារ៉ាឡាំពិកកម្ពុជានឹងបន្តការខិតខំបង្កើនទាំងបរិមាណ និងគុណភាពបច្ចេកទេស របស់អត្តពលិកពិការកម្ពុជា ឱ្យមានគុណតម្លៃកាន់តែខ្ពស់ សម្រាប់ប្រទេសដែលមានសន្តិភាព គឺ«កីឡារស់ក្នុងសន្តិភាព»។ តាមរយៈការប្រកួតនេះ ក៏ជាការដាក់ទិសដៅបន្តឆ្ពោះទៅចូលរួមការប្រកួតកីឡាអាស៊ានប៉ារ៉ាហ្គេម លើកទី១៣ នាខែមករា ឆ្នាំ២០២៦ខាងមុខ ដែលប្រទេសថៃធ្វើជាម្ចាស់ផ្ទះ។ នាខែសីហា ឆ្នាំ២០២៤ មានកីឡាករពិការម្នាក់នឹងត្រូវចូលរួមប្រកួតកម្រិតពិភពលោក នៅប្រទេសប៉ារីស ប្រទេសបារាំង ។

លោក យី វាសនា ក៏បានអំពាវនាវដល់បងប្អូនជនពិការទូទាំងប្រទេសសូមចូលរួមលេងកីឡា ដើម្បីបានស្តារកាយសម្បទាឱ្យមានសុខភាពល្អ ហើយកាលណាលេងកីឡាយូរទៅនឹងអាចក្លាយជាកីឡាអាជីព ដែលប្រកួតតំណាងជាតិ ដែលរាជរដ្ឋាភិបាលតែងតែផ្តល់ការលើកទឹកចិត្តជាប្រាក់រង្វាន់ ដោយមេដាយមាស ប្រាក់ និងសំរឹទ្ធ មានតម្លៃស្មើគ្នានឹងប្រភេទកីឡាមិនពិការដែរ ក្នុងនោះមេដាយមាស១ កម្រិតអាស៊ាន ១ម៉ឺនដុល្លារ អាស៊ី ២ម៉ឺនដុល្លារ និងពិភពលោក ៤ម៉ឺនដុល្លារ ។

គួរបញ្ជាក់ថា ការប្រកួតអត្តពលកម្មជនពិការកម្ពុជា លើកទី៥ ឆ្នាំ២០២៤នេះ មាន៩ប្រភេទពិការភាព គឺប្រភេទT11, T12, T20, T46, T47, T53, T54,T62 និងT64 ក្នុងវិញ្ញាសា ១០០ម៉ែត្រ ២០០ម៉ែត្រ ៤០០ម៉ែត្រ និងលោតចម្ងាយ ដោយមានកីឡាករ-កីឡាការិនីសរុប ៤០នាក់ (កីឡាករ ២៨នាក់)។ ការប្រកួតប្រព្រឹត្ត ទៅបានដោយមានការគាំទ្រ ពីគណៈកម្មាធិការជាតិប៉ារ៉ាឡាំពិកកម្ពុជា សហការជាមួយអង្គការបេះដូងមាស និងមានការឧបត្ថម្ភ ដោយគ្រឹះស្ថានមេក្រូហិរញ្ញវត្ថអាក់ទីវភីផល ក្រុមហ៊ុនទឹកបរិសុទ្ធវីតាល់ ក្រុមហ៊ុនប៉ូការីស្វេត ក្លោតហ្វូតូស្ទូឌីយូ មន្ទីរពេទ្យខ្មែរ-សូវៀត និងអ្នកស្មគ្រ័ចិត្តមក ពីសាកលវិទ្យាល័យសុខាភិបាលផងដែរ​ ៕

Most Popular

To Top