ភ្នំពេញ ៖ លោក ហួត សេងទ្រី ប្រធាននាយកដ្ឋានរៀបចំ និងគ្រប់គ្រងព្រឹត្តិការណ៍កីឡា នាថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០២៤ នៅព្រលានយន្តហោះ ភ្នំពេញអន្តរជាតិ បានដឹកនាំក្រុមតិភូក្រុមអត្តពលិកកម្ពុជា ចំនួន ៣ ប្រភេទកីឡាចូលរួមព្រឹត្តិការណ៍ ការប្រកួតកីឡា សាកលវិទ្យាល័យអាស៊ាន លើកទី២១ (21st ASEAN University Games) នៅឥណ្ឌូណេស៊ី ។
ការប្រកួតកីឡាសាកលវិទ្យាល័យអាស៊ាន មានគោលបំណងលើកកម្ពស់សាមគ្គីភាព និស្សិតសាកលវិទ្យាល័យអាស៊ាន តាមរយៈការលេងកីឡា។ ផ្តល់ឱកាសដល់កីឡាករ កីឡាការិនី ដែលជានិស្សិតកំពុងសិក្សាដើម្បីកំណត់ជំនាញ ទេពកោសល្យផ្នែកកីឡារបស់ពួកគេនៅក្នុងតំបន់អាស៊ាន និងផ្តល់ឱកាសដល់កីឡាករ កីឡាការិនី និស្សិតសាកលវិទ្យាល័យ ដើម្បីធ្វើអន្តរកម្ម និងចូលរួមក្នុងការផ្លាស់ប្តូរវប្បធម៌ ប្រពៃណីប្រទេសក្នុងអាស៊ាន ។
សម្រាប់ការចេញដំណើរការ ប្រកួតខាងលើនេះមាន ៣ ប្រភេទរួមមានកីឡាតេក្វាន់ដូ WT កីឡាការ៉ាតេ និងកីឡាអត្តពលកម្ម ១៦ នាក់ ។ ប្រភេទកីឡាតេក្វាន់ដូ WT ៖ គ្រូបង្វឹក ១រូប អាជ្ញាកណ្តាល ITOs ០១រូប កីឡាករ ២រូប និងកីឡាការិនី ២រូប សរុបចំនួន ០៦រូប លើវិញ្ញាសា នារីប្រយុទ្ធ ៤៩ គីឡូក្រោម និងប្រយុទ្ធ ៥៧គីឡូក្រោម និងបុរសប្រយុទ្ធ ៨០ គីឡូក្រោម និងមេគុនឯកត្តជន ។
ចំណែកកីឡាអត្តពលកម្ម ៖គ្រូបង្វឹក ១រូប និងកីឡាករ ០៣រូប សរុបចំនួន ០៤រូប លើវិញ្ញាសារត់ល្បឿន ៤០០ ម៉ែត្របុរស លោតកម្ពស់បុរស និងរត់ល្បឿនមធ្យម ៥០០០ ម៉ែត្របុរស។ ការ៉ាតេ៖ គ្រូបង្វឹក ០១រូប អាជ្ញាកណ្តាល ITOs ០១រូប និងកីឡការិនី ០៣រូប សរុបចំនួន ០៥រូប៖ លើវិញ្ញាសា នារី Kata – Team, Kata – Individual, Kunmite 55kg and Below, Female Team Kunmite, Kunmite 68kg and Below។
ប្រទេសកម្ពុជាបានបញ្ជូន ប្រតិភូសហព័ន្ធកីឡាសិស្សនិស្សិតកម្ពុជាចំនួន ៤៥រូប ព្រមទាំងកីឡាករ-កីឡាការិនី ចំនួន ៦ ប្រភេទកីឡាទៅចូលរួម ព្រឹត្តិការណ៍ការប្រកួតកីឡាសាកលវិទ្យាល័យអាស៊ានលើកទី២១ (21st ASEAN University Games) ដែលនឹងប្រព្រឹត្តទៅចាប់ពីថ្ងៃទី២៥ ខែមិថុនា ដល់ថ្ងៃទី៦ ខែកក្កដា ឆ្នាំ២០២៤ នៅ Surabaya & Malang ប្រទេស ឥណ្ឌូណេស៊ី ៕
ដោយ៖លី ភីលីព