អាល្លឺម៉ង់ ៖ ក្រុមបាល់ទាត់ជម្រើសជាតិហ្សកហ្ស៊ី ត្រូវបានផ្តល់រង្វាន់ លើទឹកចិត្តចំនួន ១០,៦ លានដុល្លារ ដោយមហាសេដ្ឋី និងជាអតីតនាយករដ្ឋមន្ត្រី Bidzina Ivanishvili បន្ទាប់ពីបានផ្តួលក្រុមព័រទុយហ្គាល់ ២-០ ឈានជើងទៅវគ្គ ១៦ ក្រុម នៃការប្រកួតពានរង្វាន់ Euro លើកដំបូងរបស់ពួកគេ។
លោក Ivanishvili ក៏បានសន្យាផ្តល់រង្វាន់ស្រដៀងគ្នានេះ ប្រសិនក្រុមបាល់ទាត់ជម្រើសជាតិ បើហ្សកហ្ស៊ីបន្តយកឈ្នះ ក្រុមបាល់ទាត់ជម្រើសជាតិ អេស្ប៉ាញក្នុងវគ្គ១៦ក្រុម នៅកីឡដ្ឋាន RheinEnergie ក្រុង Cologne ប្រទេសអាល្លឺម៉ង់នៅថ្ងៃទី ៣០ ខែមិថុនា ។
អតីតនាយករដ្ឋមន្ត្រី គឺជាអ្នកមានបំផុតម្នាក់នៅហ្សកហ្ស៊ី ហើយលោកបានបម្រើការ ជានាយករដ្ឋមន្ត្រី របស់ហ្សកហ្ស៊ីពីខែតុលា ឆ្នាំ ២០១២ ដល់ខែវិច្ឆិកា ឆ្នាំ ២០១៣ ។ នៅឆ្នាំ ២០២៣ ទស្សនាវដ្ដី Forbes បានប៉ាន់ប្រមាណទ្រព្យសម្បត្តិរបស់លោក ចំនួន ៤.៩ ពាន់លានដុល្លារ ហើយបានចាត់ទុកលោក ជាមហាសេដ្ឋីទី ៥៤៤ នៅលើពិភពលោក ។
Euro 2024 ជាលើកទីមួយ ដែលហ្សកហ្ស៊ីមានសិទ្ធិគ្រប់គ្រាន់សម្រាប់ការប្រកួតដ៏សំខាន់ ចាប់តាំងពីការប្រកាសឯករាជ្យរបស់ខ្លួនក្នុងឆ្នាំ ១៩៩២ បន្ទាប់ពីចាញ់ការប្រកួតបើកឆាក ១-៣ ក្រោមថ្វីជើងក្រុមទួរគី ក្រុមក្រោមការបង្វឹក Willy Sagnol បានធ្វើឲ្យគ្រប់គ្នាភ្ញាក់ផ្អើលដោយស្មើ ១-១ ជាមួយសាធារណរដ្ឋឆេក បន្ទាប់មកបានផ្តួលព័រទុយហ្គាល់ ២-០ ឈានចូលវគ្គ ១៦ក្រុម និងជាក្រុមមួយក្នុងចំណោមក្រុមចំណាត់ថ្នាក់លេខ ៣ ល្អបំផុតទាំង៤ក្រុម។
ការទទួលជ័យជម្នះ ២-០ របស់ពួកគេលើក្រុមព័រទុយហ្គាល់ ត្រូវបានគេចាត់ទុកថា ជាការខកចិត្តដ៏ធំបំផុតមួយ ក្នុងប្រវត្តិសាស្ត្រ Euro នៅពេលហ្សកហ្ស៊ី មានចំណាត់ថ្នាក់លេខ ៦៨ ទាបជាងគូប្រជែង របស់ពួកគេនៅលើចំណាត់ថ្នាក់ របស់ FIFA ។
ខ្សែបម្រើស្លាបលោក Khvicha Kvaratskhelia បានស៊ុតបាល់បញ្ចូលទី ឲ្យហ្សកហ្ស៊ីនាំមុខនៅនាទីទី ២ បាននិយាយក្រោយការប្រកួតថា នេះគឺជាថ្ងៃដ៏អស្ចារ្យបំផុត របស់អ្នកគាំទ្រហ្សកហ្ស៊ី ។ គ្រប់គ្នាសប្បាយចិត្តណាស់ដែលយើងទើបតែបង្កើតប្រវត្តិសាស្ត្រ។ ជឿជាក់ថា យើងអាចយកឈ្នះព័រទុយហ្គាល់ ប៉ុន្តែយើងគ្រាន់តែបង្ហាញថាយើងជាក្រុមខ្លាំង ។
ហ្សកហ្ស៊ីមានសិទ្ធិទទួលបានប្រាក់រង្វាន់ប្រហែល ១៤ លានដុល្លារក្នុង Euro នេះ។ ពួកគេទទួលបាន ១០ លានដុល្លារសម្រាប់ការចូលរួមក្នុងវគ្គចែកពូល បន្ថែម ១.០៨ លានដុល្លារ សម្រាប់ការឈ្នះ ៥៤០ ,០០០ ដុល្លារសម្រាប់ការស្មើ និង ១.៦២ លានដុល្លារសម្រាប់ការឈានវគ្គ ១៦ក្រុម ។ ប្រសិនបើហ្សកហ្ស៊ី យកឈ្នះអេស្ប៉ាញ ពួកគេនឹងទទួលបានបន្ថែម ២.៧ លានដុល្លារ ៕
ដោយ៖លី ភីលីព