កីឡា

ទូកនាគកម្ពុជា ដណ្តើមបានមេដាយ៣គ្រឿងមាស១និងសំរឹទ្ធ២គ្រឿងក្នុង ការប្រកួតទូកនាគអន្តរជាតិ នៅប្រទេសរុស្ស៊ី

ភ្នំពេញ៖ ក្រុមជម្រើសជាតិទូកនាគកម្ពុជាដណ្តើមបានមេដាយសរុប៣គ្រឿងមាស១គ្រឿង និងសំរឹទ្ធ២គ្រឿងពីការប្រកួតកីឡាកីឡាទូកនាគអន្តរជាតិ (International Dragon Boat Festival នៅប្រទសរុស្ស៊ី។

មេដាយសរុប៣គ្រឿងនោះ មេដាយមាស១គ្រឿងដណ្តើមបាន នាល្ងាចថ្ងៃទី៣០ ខែ មិថុនា លើវិញ្ញសាប្រណាំង២០០០ម៉ែត្រ ចំណុះ១២នាក់បុរស និងមេដាយសំរឹទ្ធ២គ្រឿងដណ្តើមបានលើវិញ្ញាសាប្រណាំង២០០ម៉ែត្រ កាលពីថ្ងៃទី២៩ ខែ មិថុនា ខណៈមួយទៀត ដណ្តើមបាននាព្រឹកថ្ងៃទី៣០ ខែ មិថុនានេះ។

បើតាមប្រសាសន៍ ឯកឧត្តម ចាយ ស៊ីជឿន អគ្គលេខាធិការរង និងជាប្រធានប្រតិភូ បានគូសបញ្ជាក់ថា ជោគជ័យដណ្តើមបាននេះ គឺជាមោទនៈភាពរបស់កម្ពុជា ដែលកើតចេញពីការខិតខំប្រប្រឹងរបស់កីឡាករ និងការលើកទឹកឧបត្ថម្ភគាំទ្រយ៉ាងយកចិត្តទុកពីឧត្តម អភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តី ក្រសួងមាហាផ្ទៃ ។

ព្រឹត្តិការណ៍អន្តរជាតិ នៅប្រទេសរុស្ស៊ី នេះមាន៩ប្រទេសចូលរួម ក្នុងនោះ ម្ចាស់ផ្ទះ រុស្ស៊ី កម្ពុជា ឥណ្ឌូណេស៊ី ម៉ាយ៉ាន់ម៉ា ហ្វីលីពីន ឥណ្ឌា អ៊ូសបេគីស្ថាន វៀតណាម និង ម៉ាឡេស៊ី ខណៈដែលប្រទេសរុស្ស៊ីម្ចាស់ផ្ទះមានច្រើនទូកចូលរួម។

គួរបញ្ជាក់ថា ការប្រកួតកីឡាទូកនាគអន្តរជាតិ (International Dragon Boat Festival) នៅប្រទេសរុស្ស៊ីដំណើរការប្រកួតពីថ្ងៃទី២៩ដល់ថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០២៤ ក្នុងនោះកម្ពុជាចូលរួមលើ៣វិញ្ញាសាទូកនាគបុរសចំណុះ១២នាក់ វិញ្ញាសា ២០០ម៉ែត្រ ៥០០ម៉ែត្រ និង២០០០ម៉ែត្រ ក្នុង ចំណោម៣វិញ្ញសានេះ កម្ពុជាដណ្តើមបានមេដាយសរុប៣គ្រឿង មេដាយមាស១គ្រឿង និងសំរឹទ្ធ២គ្រឿង៕

Most Popular

To Top