ស្រុកខ្សាច់កណ្ដាល ៖ ក្រុមបាល់ទាត់យុវជន ឃុំវិហារសួគ៌ ត្រូវប្រកួតដណ្តើមជើងឯក ជាមួយក្រុមបាល់ទាត់យុវជន ឃុំពុកប្ញស្សីក្នុងពឹ្រត្តិការណ៍ ការប្រកួតបាល់ទាត់យុវជន ស្រុកខ្សាច់កណ្តាល ពានរង្វាន់ អគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ប្រចាំឆ្នាំ២០២៤ នៅទីលានបាល់ទាត់ វិទ្យាល័យ ហ៊ុន សែន ROTA ខ្សាច់កណ្ដាល បន្ទាប់ពីក្រុមនីមួយៗយកឈ្នះលើគូប្រកួតរៀងៗខ្លួននៅពាក់កណ្តាលផ្តាច់ព្រ័ត្រ ។

កាលពីថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០២៤ នៅពាក់កណ្តាលផ្តាច់ព្រ័ត្រ ក្រុមបាល់ទាត់យុវជន ឃុំសន្លុងបានចាញ់ក្រោមថ្វីជើងក្រុមបាល់ទាត់យុវជន ឃុំវិហារសួគ៌ ក្នុងលទ្ធផល ០ទល់នឹង ១ ចំណែកក្រុមបាល់ទាត់យុវជន ឃុំពុកប្ញស្សីបានយកឈ្នះក្រុមបាល់ទាត់យុវជន ឃុំកោះចូរ៉ាម ក្នុងលទ្ធផល ៤ទល់នឹង០។

សម្រាប់ការប្រកួតវគ្គ ដណ្តើមជើងឯកពានរង្វាន់ អគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ប្រចាំឆ្នាំ២០២៤ ក្រុមបាល់ទាត់យុវជន ឃុំវិហារសួគ៌ប៉ះ ជាមួយក្រុមបាល់ទាត់យុវជន ឃុំពុកប្ញស្សី នៅវគ្គផ្តាច់ព្រ័ត្រនៅទីលានបាល់ទាត់ វិទ្យាល័យ ហ៊ុន សែន ROTA ខ្សាច់កណ្ដាល ហើយក្រុមបាល់ទាត់យុវជន ឃុំសន្លុងប៉ះជាមួយក្រុមបាល់ទាត់យុវជន ឃុំកោះចូរ៉ាមដណ្តើមយកចំណាត់ថ្នាក់លេខ ៣ ។

ដោយការយកចិត្តទុកដាក់ របស់លោកអគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងសេដ្ឋកិច្ច និង ហិរញ្ញវត្ថុ ចំពោះវិស័យកីឡា ដោយបានចង្អុលបង្ហាញ ណែនាំដល់ក្រុមការងារឲ្យរៀបចំ បង្កើតក្រុមកីឡាយុវជន នៅឃុំទាំង១២ ក្នុងស្រុកខ្សាច់កណ្តាល និងរៀបចំឲ្យមានកម្មវិធីប្រកួត ដណ្តើមពានរង្វាន់ អគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ជារៀងរាល់ឆ្នាំ ក្នុងគោលបំណងជំរុញការ អភិវឌ្ឍវិស័យកីឡានៅស្រុកខ្សាច់កណ្ដាល ឲ្យមានការរីកចម្រើន ពីព្រោះថា ការលេងកីឡានាំមកនូវសុខភាពល្អ បញ្ញាវាងវៃ ៕
ដោយ៖លី ភីលីព
