ព្រឹត្តិការណ៍ EURO 2024 កំពុងតែបន្តដល់ដំណាក់កាលវគ្គ១៦ក្រុម ចុងក្រោយហើយ ដោយធ្វើនៅប្រទេសអាល្លឺម៉ង់ គិតមកដល់ពេលនេះអ្នកដែលរកគ្រាប់បាល់បានច្រើនជាងគេ នៅក្នុងព្រឹត្តិការណ៍នេះនៅតែជា Cristiano Ronaldo គឺ១៤គ្រាប់ ពោលគឺមិនទាន់មានអ្នកណាបំបែកបានទេ។
ប៉ុន្តែបើក្រឡេកទៅមើលអ្នក ដែលមានភាគរយខ្ពស់ ជាងគេនាពេលបច្ចុប្បន្ន ហើយរកបានគ្រាប់ប្រកៀក Ronaldo ជាងគេមានតែ Antoine Griezmann របស់ជម្រើសជាតិបារាំង ដោយរកបាន ៧ គ្រាប់ ហើយបច្ចុប្បន្នក៏កំពុងតែលេង ឲ្យជម្រើសជាតិបារាំងស្រាប់ និងក៏ជាកីឡាករម្នាក់ស្ថិតនៅតំបន់ប្រយុទ្ធផងដែរ ។
ខណៈអ្នកផ្សេងហាក់ដាច់ឆ្ងាយ ដែលធ្វើឲ្យភាគរយនៃការតាមកំណត់ត្រារបស់ Ronaldo កាន់តែយ៉ាប់និយាយ។ យ៉ាងណា Antoine Griezmann ក៏មិនត្រូវបានគេរំពឹងថា អាចបំបែកកំណត់ត្រានេះបានដែរ ដ្បិតគេមានវ័យរាងជ្រេបន្តិចទៅហើយពោលគឺ ៣៣ ឆ្នាំ ដូច្នេះឱកាសដែលនៅលេងឲ្យជម្រើសជាតិបារាំងអាចកាន់តែមានតិច។
ក្រឡេកមកមើល Kylian Mbappé ដែលជាកីឡាករឆ្នើមរបស់ បារាំង និងជាកីឡាករលេចធ្លោ ក្នុងពិភពលោកនា ពេលបច្ចុប្បន្នគេមានវ័យ២៥ឆ្នាំហើយ ប៉ុន្តែរកគ្រាប់បាល់នៅ EURO ទើបតែបាន៤គ្រាប់ប៉ុណ្ណោះ ដែលចំនួននេះគេក៏ស្ថិតក្នុងស្ថានភាពមួយពិបាកតាមបំបែកកំណត់ត្រារបស់ Ronaldo ណាស់។ ទោះជាបែបនេះក្ដីគេនៅចាំមើលថា តើអ្នកណានឹងបំបែកកំណត់ត្រាមួយនេះបាន?