កីឡា

អង្គការផ្កាយសមុទ្រ តែងតាំងលោក Anthony Galliano ជាទូតសុច្ឆន្ទៈ ដើម្បីរួមចំណែកជួយ ដល់កុមារកម្ពុជាក្រីក្រ និងកីឡាបាល់ទាត់របស់អង្គការ

ភ្នំពេញ ៖ អង្គការផ្កាយសមុទ្រ (ISF) មានក្តីសោមនស្សរីករាយស្វាគមន៍ ដែលបានតែងតាំងលោក Galliano ជាអគ្គនាយកប្រតិបត្តិ Cambodia Investment Management Group និងជាអនុប្រធាន នៃសភាពាណិជកម្មអាមេរិកនៅកម្ពុជា (AmCham) ជាទូតសុច្ឆន្ទៈរបស់អង្គការផ្កាយសមុទ្រ ដោយលោកជាបុគ្គលម្នាក់ ដែលប្តេជ្ញាចិត្តគាំទ្រ ដល់ការងារ របស់អង្គការផ្កាយសមុទ្រ និងរួមចំណែកជួយដល់កុមារ និងក្រុមគ្រួសាររាប់ពាន់នាក់ នៅប្រទេសកម្ពុជាតាមរយៈបេសកកម្ម ដ៏សំខាន់របស់អង្គការនេះ ។

កិច្ចសហការ និងជួយជ្រោមជ្រែង របស់លោក Anthony Galliano ដល់អង្គការផ្កាយសមុទ្របានចាប់ផ្តើមឡើង ជាមួយនឹងការគាំទ្រ និងការជឿជាក់យ៉ាងមុតមាំ របស់លោកចំពោះការប្តេជ្ញាចិត្តរបស់អង្គការផ្កាយសមុទ្រ ក្នុងការផ្លាស់ប្តូរជីវិតកុមារ ជាច្រើននាក់តាមរយៈការអប់រំ ដោយមើលឃើញពីផលវិជ្ជមាន ដ៏សំខាន់កើតចេញពីការងារ របស់អង្គការផ្កាយសមុទ្រ ។

លោក Galliano បានបង្ហាញពីចំណាប់អារម្មណ៍គាំទ្រ របស់លោក ដោយក្តីរំភើបថា បានយល់ដឹង និងឃើញកាន់តែច្បាស់ពីការងារ របស់អង្គការផ្កាយសមុទ្រ គឺ ពិតជាបានបំផុសគំនិត និងលើកទឹកចិត្តរបស់ខ្ញុំកាន់តែខ្លាំងឡើងក្នុងការចូលរួមលើកកម្ពស់ និងរួមចំណែកក្នុងសកម្មភាព នានារបស់អង្គការនេះ ។ អ្វីដែលយើងអាចធ្វើទៅបានក្នុងការផ្លាស់ ប្តូរជីវិតកុមារ តាមរយៈការអប់រំគឺមិនមែនគ្រាន់តែការជួយប៉ុណ្ណោះទេ តែវាក៏ជាទំនួលខុស ត្រូវរបស់យើង ។ ខ្ញុំពិតជាមានកិត្តិយសយ៉ាងខ្លាំង ដែលបានក្លាយជាទូត សុច្ឆន្ទៈរបស់អង្គការផ្កាយសមុទ្រ ហើយខ្ញុំប្តេជ្ញាចិត្តនឹង ជួយផ្សព្វផ្សាយ ពីការងារ របស់អង្គការនេះ និងគាំទ្រដល់ការរៃអង្កាសមូលនិធិគាំទ្រដល់កម្មវិធីនានាក្នុងអង្គការ ក៏ដូចជាផ្តល់ឱកាសដល់កុមារ ឲ្យពួកគេទទួលបានអនាគតល្អប្រសើរថែមទៀតផង ។ ការងារនេះគឺជាមោទនភាពធំបំផុតសម្រាប់ខ្ញុំ ហើយជាអ្វីដែលខ្ញុំពេញចិត្តនឹងប្រឹងប្រែងបំពេញ ។
អ្នកស្រី ជួប វិច្ឆិកា ជាអគ្គនាយិកាប្រតិបត្តិរបស់អង្គការផ្កាយសមុទ្រ បានលើកឡើងពីសារសំខាន់ចំពោះអង្គការផ្កាយសមុទ្រ ដែលមានលោក Galliano ចូលរួមជាទូតសុច្ឆន្ទៈ ដោយអ្នកស្រីបាន បញ្ជាក់ថា បទពិសោធន៍ដ៏ច្រើន និងភាពជោគជ័យរបស់លោក Anthony ក្នុងវិស័យជំនួញនៅកម្ពុជានឹងនាំមកនូវ គុណតម្លៃដ៏ធំធេង ដល់អង្គការផ្កាយសមុទ្រ ហើយសមត្ថភាពរបស់លោកក្នុងការបង្កើតភាព ជាដៃគូសាជីវកម្មដ៏រឹងមាំនឹងគាំទ្រ យ៉ាងខ្លាំងជំរុញ ដល់បេសកកម្ម របស់អង្គការឲ្យឆ្ពោះទៅមុខ ។ ពួកយើងមានសេចក្តីរំភើបរីករាយក្រៃលែង ក្នុងការទទួលស្វាគមន៍ លោកមកចូលរួមក្នុងគ្រួសារ អង្គការផ្កាយសមុទ្រ ហើយសង្ឃឹមយ៉ាងមុតមាំនូវកិច្ចសហការកាន់តែទូលំទូលាយកើត ចេញការចូលរួមរបស់លោក ។
ក្នុងតួនាទីជាអ្នកដឹកនាំក្នុងវិស័យជំនួញដ៏មានឥទ្ធិពលម្នាក់ និងជាអនុប្រធាននៃសភាពាណិជកម្មអាមេរិកនៅកម្ពុជា (AmCham) នោះ លោក Galliano បានផ្តល់កិច្ចគាំទ្រសំខាន់ៗជាច្រើនជួយដល់បេសកកម្មរបស់អង្គការផ្កាយសមុទ្ររួចមកហើយ ដោយជួយដល់កម្មវិធីអប់រំរបស់អង្គការនេះដោយផ្ទាល់ ។
តួនាទីថ្មីរបស់លោក Galliano ជាទូតសុច្ឆន្ទៈរបស់អង្គការផ្កាយសមុទ្រនេះគឺមានអត្ថន័យលើសពីតួនាទីទៅទៀត ដោយនេះជាសកម្មភាពអំពាវនាវដ៏សំខាន់ ។ លោកនឹងប្រើប្រាស់បណ្តាញទំនាក់ទំនង និងឥទ្ធិពលដ៏ធំរបស់លោក ដើម្បីផ្សព្វផ្សាយពីការងារអង្គការផ្កាយសមុទ្រ ក៏ដូចជាកៀងគរនូវធនធានចាំបាច់ នឹងជួយឲ្យអង្គការនេះអាចពង្រីកលទ្ធភាព របស់ខ្លួនជួយដល់កុមារកាន់តែច្រើនទៀតនៅក្នុងប្រទេសកម្ពុជា ។

អង្គការផ្កាយសមុទ្រមានបេសកកម្ម ក្នុងការផ្តល់នូវការអប់រំ និងការថែទាំសុខភាព មានគុណភាពខ្ពស់ដល់កុមារ ដែលជួបការលំបាកក្នុងប្រទេសកម្ពុជា។ ដោយមានការគាំទ្រ ពីលោក Anthony Galliano ក្នុងនាមជាទូតសុច្ឆន្ទៈរបស់អង្គការផ្កាយសមុទ្រ ពួកយើងពិតជាជឿជាក់ថា នឹងបោះជំហានឆ្ពោះ ទៅរកសមទ្ធិផលថ្មីៗជាច្រើន និងបង្កើតការផ្លាស់ប្តូរយូរអង្វែងនៅក្នុងជីវិតកុមារជួបប្រទះការលំបាកជាច្រើន ៕

Most Popular

To Top