លោក Ronald Koeman គ្រូបង្វឹករបស់ក្រុមជម្រើសជាតិហុល្លង់ហាក់មានភាពពេញចិត្តចំពោះទម្រង់លេងដែលកូនក្រុមរបស់លោកបានយកឈ្នះទៅលើក្រុម រូម៉ានី ៣-០ ដែលបញ្ចប់ទៅយប់មិញនេះខ្លាំងមែនទែន។
ក្រោយបញ្ចប់ការប្រកួតលោកបានប្រាប់ទៅកាន់អ្នកកាសែតថា លោកចង់ឃើញកូនក្រុមរបស់លោកលេងបែបនេះ កម្រិតនេះដើម្បីឡើងទៅកាន់វគ្គផ្ដាច់ព្រ័ត្រ មិនថាប៉ះក្រុមណាទេ។
ការប្រកួតទល់ រូម៉ានី ក្រុមបាល់ទាត់ជម្រើសជាតិហុល្លង់ធ្វើបានល្អមែនទែន មិនត្រឹមតែមានឱកាសច្រើននោះទេពួកគេស្ទើរតែគ្រប់គ្រងការប្រកួតទាំងមូលតែម្ដង ពោលគឺបើនិយាយពីឱកាសស៊ុតសំដៅទីរបស់រូម៉ានី ពួកគេស៊ុតរហូត២២ជើងហើយចំគោលដៅ៦ជើងខុសគោលដៅ១២ជើង និងស៊ុតត្រូវបាន រូម៉ានី បិទជាប់៦លើក។
ជាមួយការបង្ហាញទម្រង់លេងយ៉ាងល្អខុសពីទម្រង់លេងដាច់កាលប៉ះ អូទ្រីស ដែលចាញ់៣-២ កាលប្រកួតចុងក្រោយក្នុងពូលធ្វើឲ្យលោកមើលឃើញថា ក្រុមរបស់មិនអាចទម្លាក់ដៃឬបន្ថយឆន្ទៈនៃការប្រយុទ្ធលើទីលានទេ។ «ការប្រកួតពីវគ្គទៅគឺរឹតតែសំខាន់ ហើយបើសិនយើងលេងមិនបានល្អកម្រិតនេះទេ ខ្ញុំគិតថា វានឹងពិបាកឆ្ពោះទៅកាន់វគ្គផ្ដាច់ព្រ័ត្រណាស់» នេះជាការបន្ថែមរបស់លោក Ronald Koeman ។
គ្រូបង្វឹកសញ្ជាតិហុល្លង់ខាងលើលើកឡើងទៀតថា វាពិបាកក្នុងការពន្យល់ណាស់ ហេតុអីពេលខ្លះលេងល្អ ហើយពេលខ្លះលេងមិនល្អ ប៉ុន្តែលោកយល់ថានេះវាអាចមកពីការប្រកួតផ្សេងគ្នា ហើយការរៀបចំស្ថិតនៅចំណុចមួយហ្នឹងមិនមានការខុសគ្នា។ យ៉ាងណាលោកជឿថាក្រុមរបស់លោកនឹងមានការវិវឌ្ឍន៍ខ្លួនឲ្យបានល្អជាងនេះដើម្បីអាចសំឡឹងក្នុងទិសដៅរួមតែមួយគឺឡើងទៅវគ្គផ្ដាច់ព្រ័ត្រ និងគ្រប់គ្រងជើងឯក EURO 2024 ៕
ប្រភព៖sabay