កីឡា

Morata សម្រេច​ចិត្ត​រឿង​អនាគត​ជាមួយ​ AT Madrid

ខ្សែ​ប្រយុទ្ធ Alvaro Morata បាន​សម្រេច​ចិត្ត​ក្នុង​ការ​ចង់​បន្ត​រួម​រស់​ជាមួយ​ក្លឹប Atletico Madrid។

យោង​តាម​ប្រភព Fabrizio Romano ភាគី​ Morata បាន​ជូន​ដំណឹង​ជា​ផ្លូវ​ការ​ដល់​ក្លឹប Atletico Madrid ថា​រូប​គេ​ចង់​បន្ត​លេង​ឲ្យ​ក្លឹប​អេស្ប៉ាញ។ ការណ៍​នេះ​បាន​កើត​ឡើង​ក្រោយ ខ្សែ​ប្រយុទ្ធ​អេស្ប៉ាញ​វ័យ ៣១ ឆ្នាំ​រូប​នេះ ទទួល​បាន​សំណើ​ពី​ក្លឹប​អារ៉ាប៊ីសាអ៊ូឌីត​មួយ​ចំនួន។ បើ​តាម​ពាក្យ​ចចាមអារ៉ាម​មួយ​ចំនួន​ មាន​ក្លឹប​អារ៉ាប៊ីសាអ៊ូឌីត​មួយ​ហ៊ាន​ឲ្យ​ប្រាក់​ឈ្នួល​ Morata ប្រមាណ​ជិត​ ៤០ លាន​ដុល្លារ​សហរដ្ឋអាមេរិក​ឯណោះ ហើយ​ហ៊ាន​ទិញ​ផ្ដាច់​កុងត្រា​របស់​កីឡាករ​នៅ​ AT Madrid ថែម​ទៀត​ផង​ក្នុង​អំឡុង​ទឹក​ប្រាក់​ប្រមាណ ២០ លាន​ដុល្លារ​សហរដ្ឋអាមេរិក។

ទោះ​ជា​យ៉ាង​ណា Morata បាន​បដិសេធ​សំណើ​ក្លឹប​អារ៉ាប៊ីសាអ៊ូឌីត ដោយ​កីឡាករ​ចង់​បន្ត​លេង​ឲ្យ AT Madrid។ កុងត្រា​បច្ចុប្បន្ន​របស់​កីឡាករ​នៅ​ជាមួយ​ក្លឹប មាន​សុពលភាព​ដល់​ពាក់​កណ្ដាល​ឆ្នាំ ២០២៦។

Morata មាន​ទំនាក់​ទំនង​ជាមួយ​ក្លឹប AT Madrid តាំង​ពី​ឆ្នាំ ២០១៩ មក។ មុន​មក​លេង​ឲ្យ​ក្លឹប កីឡាករ​ធ្លាប់​លេង​ឲ្យ​ក្លឹប Chelsea, Juventus និង Real Madrid។ ថ្វី​បើ​មាន​ទម្រង់​មិន​សូវ​ល្អ​ពេល​លេង​នៅ​អង់គ្លេស និង​អ៊ីតាលី កីឡាករ​បាន​បង្ហាញ​ទម្រង់​លេង​គួរសម​នៅ​ពេល​លេង​នៅ​អេស្ប៉ាញ។ បើ​គិត​ ២ រដូវ​កាល​ចុង​ក្រោយ នៅ​ក្លឹប Atletico Madrid កីឡាករ​លេង​សរុប ៩៣ លើក និង​ស៊ុត​ចូល ៣៦ គ្រាប់។

កាល​ពី​អំឡុង​ពេល​ចុង​រដូវ​កាល​កន្លង​ទៅ មាន​ការ​លេច​ឡើងពាក្យ​ចចាមអារ៉ាម​ថា Morata ចង់​ចេញ​ពី AT Madrid ហើយ​ចង់​ទៅ​លេង​នៅ​ក្លឹប​អ៊ីតាលី Roma៕

Most Popular

To Top