ភ្នំពេញ៖គ្រូបង្វឹក និងកីឡាករទូកនាគកម្ពុជាចំនួន ១៥រូប ដែលទទួលបានមេដាយសរុបចំនួន៣គ្រឿងក្នុងនោះមាស១ និងសំរឹទ្ធ២គ្រឿងពីការប្រកួតទូកនាគអន្តរជាតិនៅប្រទេសរុស្ស៊ីក្នុងព្រឹត្តិការណ៍ (International Dragon Boat Festival)បានមកដល់ប្រទេសកម្ពុជាវិញហើយ នាយប់ថ្ងៃទី២ ខែកក្កដា ឆ្នាំ២០២៤ តាមច្រក VIP។

លោក យិត ភីរ: អនុប្រធានសហព័ន្ធកីឡាទូកកានូ និងរ៉ូអ៉ីងកម្ពុជាបានលើកយកពីភាពរីកចម្រើនរបស់ក្រុមកីឡាករទូកកានូ និងរ៉ូអ៊ីង កម្ពុជាថា ភាពជោគជ័យដែលមេដាយមាស១គ្រឿង និងសំរឹទ្ធ ២ គ្រឿងពីការប្រកួតទូកនាគអន្តរជាតិនៅប្រទេសរុស្ស៊ី ក្នុងព្រឹត្តិការណ៍ (International Dragon Boat Festival) គឺជាផ្លូវមួយបង្ហាញពីភាពខ្លាំងរបស់កម្ពុជា និងកាន់តែមានទំនុកចិត្តក្នុងការប្រជែងយកមេដាយពីព្រឹត្តិការណ៍SEA GAME លើកទី៣៣ ឆ្នាំ២០២៥ នៅប្រទេសថៃ ។

លោកបានបញ្ជាក់ថា ភាពជោគជ័យនាពេលនេះបានមកពីការខិតខំប្រឹងប្រែងរបស់ក្រុមកីឡាករទូកកានូ និងរ៉ូអ៊ីងកម្ពុជា។ យើងទៅប្រកួតនៅប្រទេសរុស្ស៊ីក្នុងព្រឹត្តិការណ៍ខាងលើវាជាការតេស្ដសមត្ថភាពមួយដ៏មានសារសំខាន់ ដើម្បីឲ្យដឹងថាតើកម្រិតសមត្ថភាពរបស់យើងនៅកម្រិតណា ដើម្បីងាយស្រួលឲ្យយើងពង្រឹងសមត្ថភាពបន្ថែមទៀត ពិសេសនោះគឺស្វែងរកចន្លោះប្រហោងដើម្បីបំពេញក្នុងគោលដៅធំគឺដើម្បីធ្វើយ៉ាងណាប្រជែងមេដាយជូនជាតិឲ្យបានក្នុងការប្រកួត SEA GAME នាឆ្នាំក្រោយធ្វើនៅថៃ។


លោកអនុប្រធានបានបន្ថែមទៀតថា ភាពជោគជ័យនាពេលនេះបានមកពីការយកចិត្តទុកដាក់ពីថ្នាក់ដឹកនាំពិសេសនោះ គឺលោកអភិសន្តិបណ្ឌិត ស សុខា ជាប្រធានសហព័ន្ធ។ លោកប្រធានបានខិតខំប្រឹងប្រែងណាស់ក្នុងការធ្វើយ៉ាងណាជំរុញឲ្យកីឡាករទូកកានូ និងរ៉ូអ៊ីង កម្ពុជាមានសកម្មភាពប្រកួតឲ្យបានច្រើន ពោលគឺស្ទើរតែគ្រប់ព្រឹត្តិការណ៍អន្តរជាតិ ដើម្បីធ្វើយ៉ាងណាបង្កើតកម្រិតបច្ចេកទេស និងបទពិសោធប្រកួតឲ្យឈានទៅដល់កម្រិតខ្ពស់មួយដែលសហព័ន្ធបានកំណត់៕


